សង្វៀនជល់មាន់ អាប៉ោងបៀរ នៅភូមិដា ស្រុកមេមត់ បន្តបើកលេង យ៉ាងកក្រើក ទៀតហើយ

កន្លងមក សង្វៀន ជល់មាន់ដែល បង្កប់ដោយ ល្បែងអាប៉ោងបៀរ នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលម្ចាស់សង្វៀន កើបលុយ ក្នុងមួយថ្ងៃៗ រាប់ម៉ឺនដុល្លា ឈ្មោះហេង ធ្លាប់ត្រូវ បានកម្លាំង សមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចុះបង្ក្រាប ម្ដងរួចមកហើយ តាមបទបញ្ជា របស់លោកប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ។ ស្រាប់តែ រយៈពេល ពីរទៅបីខែនេះ ម្ចាស់សង្វៀន បើកឲ្យអ្នកញៀន ល្បែងចូលលេង ដោយសេរី បើតាមការ អះអាងពី ប្រជាពលរដ្ឋគឺ ម្ចាស់សង្វៀន បានចំណាយ លុយក្រោមតុ មិនតិចទេ ទៅឲ្យអាជ្ញាធរ និងសមត្ថកិច្ច ទើបអាចបើក លេងវិញបាន ។

ម្យ៉ាងវិញទៀត ការបើកសង្វៀន ជល់មាន់ និងល្បែងស៊ីសង អាប៉ោងបៀរ នាពេលនេះ គេសង្កេតឃើញ មានកម្លាំង សមត្ថកិច្ច ធ្វើការយាមកាម ដើម្បីពិនិត្យ និងរារាំង មិនឲ្យមាន ការថតសកម្មភាព ល្បែងជល់មាន់ អាប៉ោងបៀរ ពីសំណាក់ អ្នកកាសែត ទៀតផង ។ មិនដឹងថា ល្បែងស៊ីសង ជល់មាន់ អាប៉ោងបៀរ ខុសច្បាប់ នៅឃុំដា ស្រុកមេមត់ អាចប្រព្រឹត្ត ទៅបានដោយ មិនខ្វល់ពី គោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព៩ចំណុច របស់ក្រសួង មហាផ្ទៃ ទៅហើយ ទើបធ្វើឲ្យ ប្រសិទ្ធភាព ក្នុងការទប់ស្កាត់ អសន្ដិសុខ នៅក្នុងសង្គម នៅតែកើតមាន អំពើចោរកម្ម លួចប្លន់មិនចេះចប់ ដែលជាក្ដី កង្វល់របស់ ប្រជាពលរដ្ឋ ស្លូតត្រង់ ។

មិនដឹងថា ខេត្តត្បូងឃ្មុំ ក្រោមអំណាច ការពារសន្ដិសុខ របស់លោក ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានដឹង ឬអត់នោះទេ!? ព្រោះសារព័ត៌មាន គ្រាន់តែជា អ្នករួមចំណែក ផ្សព្វផ្សាយ ប្រភពនៃ បទល្មើស តាមការអំពាវនាវ របស់ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរថ្នាក់ជាតិ ដែលមាន សម្ដេចក្រឡាហោម សរ ខេង ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ ។ ហើយការអនុវត្ត ជាក់ស្ដែង គឺមានតែ សមត្ថកិច្ច ខេត្តដោយ មានឯកឧត្ដម ប៉ែន រ័ត្ន ស្នងការ នគរបាលខេត្ត តែប៉ុណ្ណោះ ទើបអាច បង្ក្រាប ល្បែងស៊ីសង ឲ្យមាន ប្រសិទ្ធភាព ដើម្បីការពាររាស្ត្រ ក្នុងខេត្តត្បូងឃ្មុំ ឲ្យទទួលបាន សុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្តបាន ។ ពុំនោះទេ បញ្ហាអសន្តិសុខ ដែលបង្កឡើង ដោយចោរកម្ម ឆក់ប្លន់ ផ្ដើមចេញពី ការចាញ់ល្បែង ពិតជា ធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទំនុកចិត្ត ទៅលើថ្នាក់ដឹកនាំ ដែលអាជ្ញាធរ និងសមត្ថកិច្ចខេត្ត ជាអ្នកទទួល ខុសត្រូវ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 0091 La Presse Nationale. All rights reserved. XHTML / CSS Valid.