ដោយ ដារី៖
ពិតណាស់ថា តំបន់ដែន អភិរក្ស ព្រៃឡង់ មានវិសាលភាព គ្របដណ្ដប់ ជាប់ខេត្តទាំង៤ កំពុងរងការ កាប់បំផ្លាញ យ៉ាងរង្គាល បើផ្អែកតាម សេចក្តីថ្លែងការណ៍ បណ្ដាញ សហគមន៍ ការពារព្រៃឡង់ កាលពី ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩ បញ្ជាក់ថា បទល្មើស ព្រៃឈើ កំពុងកើនឡើង គួរឲ្យ ព្រួយបារម្ម ។ ដោយឡែក តំបន់ព្រៃឡង់ នៅជាប់នឹង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានប្រភព ទម្លាយឲ្យ ដឹងថា មេឈ្មួញ ឈ្មោះស៊ា សុងហេង បានឃុបឃិត ជាមួយលោក ឆាយ សាវុធ ប្រធានមន្ទីរ បរិស្ថានខេត្ត និងលោក ហាក់ វិបុល ប្រធានគ្រប់គ្រង ដែនជម្រក សត្វព្រៃ ប្រចាំការនៅ ឃុំសោប ទើបធ្វើ សកម្មភាព ដឹកជញ្ជូនឈើ ទាំងថ្ងៃទាំងយប់ ចេញពីព្រៃឡង់ បានដោយ សុវត្ថិភាព ។
ដូចឃើញ ក្នុងរូបភាពនេះ ស្រាប់ សកម្មភាព ដឹកជញ្ជូនឈើ ទាំងថ្ងៃ ទាំងយប់ តាមប្រភេទ ឡានកែច្នៃ តសាក់ស៊ី ឲ្យវែង ដើម្បីអាចផ្ទុក ឈើវែងៗ របស់មេឈ្មួញ ស៊ា សុងហេង ។ តាមប្រភព បានបញ្ជាក់ ឲ្យដឹងថា ក្នុងមួយយប់ មួយថ្ងៃ មេឈ្មួញខាងលើ អាចដឹកឈើ ចេញពីព្រៃឡង់ ពី៥ឡានទៅ ៨ឡានឯណោះ ។
នេះគ្រាន់តែ ជាជ្រុងមួយ នៃការកាប់ បំផ្លាញព្រៃឡង់ ដែលជាប់នឹង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តែប៉ុណ្ណោះ ដែលតម្រូវ ឲ្យអាជ្ញាធរ ដែនដីក្នុង ខេត្តក្រចេះ រួមទាំងសមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងខេត្តគួរ សហការ ដាក់កម្មវត្ថុ លើសេចក្តី ថ្លែងការរបស់ បណ្ដាញ សហគមន៍ ព្រៃឡង់ ដើម្បីចាត់ វិធានការ ទប់ស្កាត់ បទល្មើស ព្រៃឡង់ឲ្យ មានប្រសិទ្ធភាព ។ ព្រោះមធ្យោបាយ ដឹកជញ្ជូន ឈើចេញពី ព្រៃឡង់គឺ ដឹកតាមផ្លូវលំ និងផ្លូវជាតិ ពុំមែនដឹក តាមព្រៃភ្នំឯណា បើពិតជា មានឆន្ទៈ ក្រុមឈ្មួញពិតជា ពុំអាចកាប់ បំផ្លាញព្រៃឡង់ ទៅទៀតបាន នោះឡើយ ។ ដូចបាន លើកឡើង ខាងលើនេះ ស្រាប់ហើយ លើកលែងតែ មន្ត្រីជំនាញ ចូលរួម ឃុបឃិត ស្វែងរកផល ប្រយោជន៍ ទើបឈ្មួញអាច ដឹកឈើចេញ ពីព្រៃឡង់ បានដោយ រលូនបែបហ្នឹង ៕