លោកលឹម ហេង ដែលមាន តួនាទី ជាមេឃុំសោប ក្នុងស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ កំពុងប្រើ អំណាច កេណ្ឌពលរដ្ឋឲ្យ កាប់ឈើ ដើម្បីស្វែងរក ផលប្រយោជន៍ បំពានច្បាប់ ។ ជាក់ស្ដែង នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ ឡានដឹកឈើ របស់លោក មេឃុំលឹម ហេង ចំនួន៣គ្រឿង បានដឹកជញ្ជូន ឈើឆ្លងកាត់ ស្រុកព្រែកប្រសព្វ ដោយគ្មាន សមត្ថកិច្ច និងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ចុះបង្ក្រាប ឡើយ ។
ប្រភពពី ប្រជាពលរដ្ឋ បានបង្ហើប ប្រាប់ថា មេឈ្មួញឈើ ដុះស្លែ ឈ្មោះលឹម ហេង ដែលមាន តួនាទីជា មេឃុំសោប ផងនោះ បានឃុបឃិត ជាមួយសង្កាត់ រដ្ឋបាល ព្រៃឈើ ជ្រោយបន្ទាយ ទើបអាច ដឹកជញ្ជូនបាន ដោយសុវត្ថិភាព ។ ប្រជាពលរដ្ឋ បានបញ្ជាក់ ឲ្យដឹងបន្ថែមថា នៅក្នុងទឹកដី ខេត្តក្រចេះ គឹឈ្មួញធំៗ សុទ្ធសឹងជា មន្ត្រីយោធា និងអាជ្ញាធរ ដែនដី ទើបអាចរកស៊ី បទល្មើស ព្រៃឈើបាន បើជា ប្រជាពលរដ្ឋ ធម្មតាដឹក តែតាមរទេះ ឬម៉ូតូក៏ត្រូវ សមត្ថកិច្ច ចាប់ដែរ ។
ដូចករណី លោកលឹម ហេង ដែលមានតួនាទី ជាមេឃុំសោប និងមាន តួនាទី ជាអ្នកផ្សព្វផ្សាយ អប់រំឲ្យ ប្រជាពលរដ្ឋ រួមគ្នាការពារ ថែរក្សាសម្បត្តិ ធម្មជាតិ តែផ្ទុយទៅវិញ លោកលឹម ហេង មិនត្រឹមតែ ពុំបានអប់រំ ប្រជាពលរដ្ឋឲ្យ ចេះស្រឡាញ់ សម្បត្តិ ធម្មជាតិ ប៉ុណ្ណោះទេ គឺថែមទាំង ប្រើអំណាច កេណ្ឌពលរដ្ឋ ឲ្យកាប់បំផ្លាញ ព្រៃឈើដើម្បី ស្វែងរក ផលប្រយោជន៍ ផ្ទាល់ខ្លួនទៅវិញ ។ ប្រសិនបើ បទល្មើស ព្រៃឈើ បង្កឡើង ដោយក្រុមអ្នក មានអំណាច បែបហ្នឹង មានការ សន្និដ្ឋាន ទុកជាមុនថា អាណាចក្រខេត្ត ក្រចេះ ដែលធ្លាប់ តែល្បីល្បាញ ជាខេត្តដែល សម្បូរព្រៃឈើ គ្រប់ប្រភេទ នឹងក្លាយជា វាលរហោស្ថាន នាពេលអនាគត ដ៏ខ្លីខាងមុខ ជាក់ជាមិនខាន ប្រសិនបើ អាជ្ញាធរ និងក្រសួង ពាក់ព័ន្ធពុំ មានវិធានការ ទប់ស្កាត់ ទេនោះ ៕