គយចល័ត ខេត្តបន្ទាយមានជ័យ ប្រមូលលុយ ពីឈ្មួញដាក់ហោប៉ៅ

គយចល័ត ខេត្តបន្ទាយមានជ័យ ប្រមូលលុយ ពីឈ្មួញដាក់ហោប៉ៅ

ខេត្តបន្ទាយមានជ័យ÷ បើតាមប្រភពច្បាស់ការណ៍មួយថា សព្វថ្ងៃនេះលោក ធុច មករា ប្រធានស្នាក់ការគយចល័តសាខាខេត្តបន្ទាយមានជ័យនៅចំនុចសាលាក្រហម ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតែល្បីល្បាញខាងគាបសង្កត់យកលុយពីក្រុមឈ្មួញរកស៊ីដឹកទំនិញតិចតូចដើម្បីចិញ្ចឹមក្រពះ និងឈរចាំកាក់យកលុយពីក្រុមឈ្មួញដែលដឹកទំនិញគេចពន្ធពីប្រទេសថៃមក កម្ពុជាចូលតាមច្រករបៀងអូរបីជាន់ និងច្រករបៀងជោគជ័យ ហៅ (ច្រកណងចាន់) យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន និង ទុកចែកគ្នីគ្នាធ្វើមានធ្វើបាន ដោយមិនខ្វល់ពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរ និង ការខាត់បង់ចំណូលពន្ធរដ្ឋឡើយ។

 

ប្រភពមួយបានបង្ហើបអោយដឹងថា ទាំងទំនិញចេញពីច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត និង ទំនិញគេចពន្ធផ្សេងៗជាច្រើនប្រភេទដែលនាំចេញពីប្រទេសថៃឆ្លងកាត់តាមច្រកបៀងដូចខាងលើយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់ស្នាក់ការគយមួយនេះភាគច្រើនគឺចាប់ពីម៉ោង៥ល្ងាចឡើងទៅគឺ ក្រុមឈ្មួញនាំគ្នាសម្រុកដឹកជញ្ជួន និងចូលទៅបង់លុយអោយគយសាលាក្រហមជារៀងរាល់ថ្ងៃ និង គ្រប់ជើងមិនដែលខានឡើយ ។ ប្រភពបន្តថា ប្រសិនរថយន្តដឹកទំនិញណាហ៊ានប្រហើនមិនចូលទៅបង់ប្រាក់ទេនោះ ប្រាកដជាត្រូវកំលាំងគយ និង កំលាំងសមត្ថកិច្ចសហការដែលប្រចាំការទីនោះបើករថយន្តដេញចាប់ និង យកទៅស្នាក់ការដើម្បីធ្វើការផាកពិន័យតំលៃទ្វេគុណលើតំលៃចាស់ និងប្រមានយ៉ាងចាស់ដៃប្រសិនលើកក្រោយមិនចូលទៀត និងត្រូវពិន័យប្រាក់១ គុណនិង ៣ រឺលើសពីនិងទៀតក៏មាន។

 

តាមប្រភពពីក្រុមឈ្មួញរកសុីដឹកទំនិញតិចតូចតាមរថយន្តកាមេរី តូរុីស និងគោយន្ត ម៉ូតូកង់បីតណ្តោងរុឺម៉ក បានលួចបង្ហើបអោយសារព័ត៌មាដឹងថា ពួកគាត់បានដឹងទំនិញចេញមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានបង់ពន្ធនៅការិយាល័យគយ និងរដ្ឋករច្រកទ្វារប៉ោយប៉ែត ហើយក៏មានបង្កាន់ដៃបង់ប្រាក់ផងដែរ តែអ្វីដែលហួសចិត្តនោះគឺមិនដឹងថាយ៉ាងមិចនោះទេ បានជាមកដល់ទីតាំងស្នាក់ការគយចល័តសាលាក្រហម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ធុច មករា គឺតែងតែតម្រូវអោយបង់ប្រាក់ចាប់ពី៥០០០០ (ប្រាំមុឺុនរៀល) ទៅ ១០០០០០ (ដប់មុឺនរៀល) និង២០០០០០(ម្ភៃមុឺនរៀល) និង៣០០០០០ (សាមសិបមុឺនរៀល)បន្ថែមទៀត ទោះបីទំនិញទាំងនោះមានច្បាប់និងបង់ពន្ធរួចរាល់ហើយយ៉ាងណាក៏ដោយ ។ តែបើសិនទំនិញណាមិនមានឯកសារពាក់ព័ន្ធក្នុងការនាំចូលទេនោះ ប្រាកដជាត្រូវមន្រ្តីគយសាលាក្រហមតម្រូវអោយបង់លុយតាមចិត្តដែលគេចង់បានជាមិនខាន។

 

ប្រភពពីក្រុមឈ្មួញផ្សេងទៀត បានលួចប្រាប់ថា ពួកគាត់តែងតែដឹកទំនិញចេញពីក្រុងប៉ោយប៉ែតយកទៅតាមបណ្តាខេត្តឆ្លងកាត់ស្នាក់ការគយនិងបង់លុយអោយលោក ធុច មករា ប្រធានស្នាក់ការគយចល័ត(សាលាក្រហម) សាខាខេត្តជារៀងរាល់ថ្ងៃ។ ប្រភពបន្ថែមថា ពួកគាត់ត្រូវបង់លុយអោយគយនៅចំនុចសាលាក្រហមនេះក្នុង១គ្រឿងចាប់ពី៩០០០០(ប្រាំបួនមុឺនរៀល) ទៅ ១០០០០០ (ដប់មុឺនរៀល) តែមន្ត្រីគយមិនដែរចេញវិក័យប័ត្របង់ប្រាក់អោយម្តងណាឡើយ ។ ដូច្នេះលោកប្រធានគយចល័តមួយនេះអាចរកចំណូលបាន (រាប់ពាន់ រាប់មុឺនដុល្លា)ក្នុងមួយខែៗ ដាក់ហោប៉ៅផ្ទាល់ខ្លួន និងចែកបក្សពួក។

 

បើយោងតាមប្រភពមួយផ្សេងទៀតបានប្រាប់ថា ប្រភេទ រថយន្តដឹកទំនិញធំៗ សព្វថ្ងៃនេះគឺប្រូឡានពេលចូលទៅក្នុងស្នាក់ការគយចល័តមួយនេះគឺតែងតែកាន់ឯកសារទៅជួបគយ ដោយមន្រ្តីគយមិនបានត្រួតពិនិត្យអ្វីនោះទេ ដោយគ្រាន់តែវាយត្រា និង ចុះហត្ថលេខា ហើយតម្រូវអោយបង់លុយទៅតាមប្រភេទរថយន្តគឺអាចបន្តដំណើទៅមុខបានដោយរលូន ។ ប្រភពបន្តថា បើរថយន្តដឹកទំនិញប្រភេទកង់៦ គឺត្រូវបង់៣០០០០ (បីមុឺនរៀល) រថយន្តកង់ដប់បង់ ១០០០០០ (ដប់មុឺនរៀល) ទៅ១៥០០០០ (ដប់មុឺនរៀល) និងបង់លើសពីទៀតបើសិនរថយន្តនោះធំពីរថយន្តទាំងនេះ។

 

ចំពោះករណីខាងលើនេះ ក្រុមឈ្មួញបានលើក ជាចម្ងល់ថា តើលុយដែលបង់ អោយលោក ធុច មករា ជារៀងរាល់ថ្ងៃនេះ មានវាសនាចូលជាចំណូលពន្ធរដ្ឋ រឺ ក៏អត់ បើមិនដែរចេញវិក័យប័ត្របង់ប្រាក់ផងនោះ ។ ដោយគេសង្ស័យថា លុយទាំងនោះ ប្រហែលជាចូលហោប៉ៅនផ្ទាល់ខ្លួន និងទុកចែកគ្នា ធ្វើមានធ្វើបាន ជាមិនខាន។ ចំពោះបញ្ហានេះគេមិនដឹងថាលោក នូ សុីថា ប្រធានសាខាគយ និង រដ្ឋាករខេត្តបន្ទាយមានជ័យបាន ដឹងដែររឺក៏អត់ រឺមួយដឹងហើយ តែធ្វើមិនដឹង ដើម្បីសង្ងំចាំទទួល ផលប្រយោជន៍។

 

មហាជនជាច្រើន សំណូមពរដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងឯកឧត្តម ឱម យិនទៀង រដ្ឋមន្ត្រីប្រឆាំង អំពើពុករលួយ គួរតែបើក ការស៊ើបអង្កេត អោយបានសុីជម្រៅ និងចាត់វិធានការ តាមដានរាល់សកម្មភាព របស់លោក ធុច មករា និង បក្សពួកជាបន្ទាន់ផងចុះ ដើម្បីកាត់បន្ថយ ការខាតបង់ ចំណូលរដ្ឋ និងកាត់បន្ថយ ការជិះជាន់ទៅលើ ក្រុមឈ្មួញដែល ជាពលរដ្ឋខ្មែរ។

 

ពាក់ព័ន្ធទៅនិង បញ្ហាដូចខាងលើ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពយើងមិនអាច ស្វែករកការបំភ្លឺ ពីលោក នូ សុីថា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តបន្ទាយជ័យ បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ រីឯលោក ធុច មករា ប្រធានស្នាក់ការគយចល័តខេត្តបន្ទាយមានជ័យ ក៏មិនអាចសុំ ការបំភ្លឺបានដែរ ព្រោះទូរស័ព្ទ មិនអាចទំនាក់ទំនងបាន ។ ដូច្នេះអង្គភាពយើងរង់ ចាំការបំភ្លឺរៀងរាល់ ម៉ោងធ្វើការ ៕

received_598755477255181received_407254616726668

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.