ប្រជាពលរដ្ឋ នៅភូមិ ព្រែកជ្រៃ ឃុំព្រែកឫស្សី សម្ដែងការ មិនពេញចិត្ត ចំពោះចំណាត់ ការអាជ្ញាធរស្រុកល្វាឯម ដែលតម្រូវឲ្យ មេឈ្មួញទិញ ដីឈ្មោះ ឧកញ៉ា ជា ឬទ្ធី កាត់លុយលក់ ដីរបស់ ពួកគាត់៣០ភាគរយ ទៅឲ្យស្រុក ។ ប្រជាពលរដ្ឋ មិនបានដឹង ច្បាស់ថា ការកាត់លុយ ៣០ភាគរយ របស់ពួកគាត់ យកទៅបង់ ចូលរដ្ឋ ឬបង់ឲ្យអភិបាល ស្រុកឲ្យប្រាកដ នោះទេ ដោយគ្រាន់តែ មេឈ្មួញទិញ ដីឈ្មោះ ជា ឬទ្ធី បញ្ជាក់ប្រាប់ថា គឺជាដីដែល ពាក់ព័ន្ធដីរដ្ឋ ទើបត្រូវកាត់ ៣០ភាគរយ ។
ទោះបីថាផ្ទៃ ដីស្រែប្រាំង របស់ ប្រជាពលរដ្ឋ ដែលរស់នៅ តាមដងទន្លេតូច មិនទាន់មាន លិខិតស្នាម បញ្ជាក់លើ ការកាន់កាប់ ពីអាជ្ញាធរ ភូមិឃុំក្ដី ប៉ុន្តែពួកគាត់ បានកាប់ឆ្ការ រានដីអាស្រ័យផល តាំងពីឆ្នាំ១៩៧៩ ក្រោយថ្ងៃ រំដោះ៧មករា មកម្លេះ ។ ព្រោះជា ទម្លាប់របស់ ប្រជាពលរដ្ឋ នៅតាមដងទន្លេ គឺធ្វើស្រែប្រាំងប្រដេញទឹក សមដូច ប្រសាសន៍ សម្ដេចនាយក រដ្ឋមន្ត្រី បញ្ជាក់ឲ្យ ពលរដ្ឋបានដឹង ជាសាធារណថា អាប្លង់វាមិនធំ ជាងភ្លឺស្រែ នោះទេ ។
ម្យ៉ាងវិញទៀត បន្ទាប់ពី មេឈ្មួញ ឧកញ៉ា ជា ឬទ្ធី គាត់ទិញដី ពលរដ្ឋក្នុង ១ហិកតា ៩,០០០ ដុល្លា រួចកាត់ ៣០ភាគរយ ទៅឲ្យស្រុក ក៏លេចចេញ រឿងវាស់វែង ដីដោយប្រើ ម៉ាស៊ីនGPS របស់ក្រុម លោក ឧកញ៉ា ជា ឬទ្ធី ផ្ទាល់តែម្ដង បង្កឲ្យមាន ទំនាស់ព្រំដី ជាមួយ អ្នកផ្សេង ។ ដូចករណីដី ឈ្មោះ ផុន ជា បាន លក់ទៅ ឲ្យឧកញ៉ា ជា ឬទ្ធី ចំនួន ៣ហិកតា ប៉ុន្តែក្រុម វាស់វែងរបស់ លោកឧកញ៉ា ចុច GPS យកដល់ទៅ ជិត៥ហិកតា ឯណោះ ទើបតម្រូវ ឲ្យពលរដ្ឋ សម្រេចដាក់ ពាក្យបណ្ដឹង មកអភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល សុំអន្តរាគមន៍ ឲ្យមន្ត្រីជំនាញ ចុះពិនិត្យ វាស់វែង ដើម្បីសុំសិទ្ធ កាន់កាប់ដីធ្លី ។
ដោយទទួល បានចំណារពី អភិបាល នៃគណៈ អភិបាលខេត្ត កណ្ដាល តម្រូវឲ្យ ប្រធាន អន្តរវិស័យ ខេត្តសហការ ជាមួយមន្ទី រៀបចំដែនដី នគរូបនីយកម្ម ខេត្តដើម្បី ចុះដោះស្រាយ តាមបណ្ដឹង របស់ ប្រជាពលរដ្ឋ ។ មិនដឹងថា មានមូលហេតុ អ្វីទើបពុំ មានកិច្ចសហការ ពីតំណាង អភិបាល ស្រុកល្វាឯម ចូលរួម ទោះបីមាន ការចេញលិខិត អញ្ជើញពី ប្រធានអន្តរវិស័យ ជាច្រើនលើក ទើបធ្វើឲ្យ បេសសកម្ម ដែលដឹកនាំ ដោយលោក បូ សាវឿន ត្រូវបរាជ័យ ទៅវិញ ។
បើពិនិត្យ ទៅលើ សកម្មភាព អាជ្ញាធរឃុំ ព្រែកឫស្សីវិញ គឺបាន កេណ្ឌមនុស្ស ឲ្យមក ជំទាស់ ទាមទារស្របពេល បេសសកម្មមន្ត្រី អន្តរវិស័យខេត្ត ចុះដោះស្រាយ ជាលើកទី១ ។ ហើយអ្វីដែល គួរឲ្យងឿងឆ្ងល់ទៅទៀតនោះ មិនថា ឧកញ៉ាអ្នក ទិញដី និងលោក ឆូ សម្បត្តិ ធ្លាប់អះអាងថា ដីនេះគឺ មានពាក់ព័ន្ធ ជាមួយគ្រួសារ យ៉ាន ណន តែម្នាក់ប៉ុណ្ណោះ ចុះហេតុអ្វី ក៏មានអ្នក មកតវ៉ា ច្រើនម្លេះ ។
វាមិនមែនជា ករណីដែល ពិបាក ដោះស្រាយ នោះទេស្របពេល ដែលម្ចាស់ បណ្ដឹងបញ្ជាក់ ច្បាស់ៗ ជាច្រើន លើកប្រាប់ លោកមេឃុំថា ពួកគាត់ទាំង ៥គ្រួសារ ហ៊ានស្បថនៅ វត្តព្រែកជ្រៃ ឲ្យស្លាប់ ទាំងពូជ បើដីនេះ ពុំមែនជា របស់គាត់ធ្លាប់ អាស្រ័យផល ជាង៣០ឆ្នាំ មកហើយនោះ ។ ពួកគាត់ទាំង ៥គ្រួសារ តម្រូវឲ្យ អាជ្ញាធរ ឃុំព្រែកឫស្សី ដែលអះអាងថា ជាប់ពាក់ព័ន្ធ ដីគ្រួសារ យ៉ាន ណន គឺឲ្យ ពួកគាត់ មកស្បថ ឲ្យ ស្លាប់មួយពូជ ដែរទៅទើប ជារឿងត្រឹមត្រូវ ។ ប៉ុន្តែឲ្យតែ លើកប្រាប់ អំពីរឿងស្បថ គឺលោកមេឃុំ ឆូ សម្បត្តិ តែងបង្វែង ទៅនិយាយ រឿងផ្សេង ទៅវិញ ហើយក៏មិន ដែលឃើញ គ្រួសារ យ៉ាន ណន មកប្ដឹង ទាមទារ ដែរព្រោះគាត់ បានចេញ ពីភូមិតាំងពី ឆ្នាំ១៩៨៣ មកម្លេះគឺ មានរយៈពេល ៣៦ឆ្នាំ ទៅហើយ ឬថាមេឃុំ មានចេតនា ចង់បានផល ប្រយោជន៍ ខ្លួនឯងទេដឹង ។
ជាលទ្ធផល ចុងក្រោយ ទោះលោកបូ សាវឿន មានចេតនា ដោះស្រាយ ជូនពលរដ្ឋ ទាំងគ្រួសារ តាមចំណារ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល ដោយគ្មាន កិច្ចសហការ ពីលោកភឹម ភារ៉ា អភិបាល ស្រុកល្វាឯមក្ដី ទីបំផុតគឺ លោកត្រូវបាន អភិបាលខេត្ត ដកតំណែង ចេញពីប្រធាន អន្តរវិស័យ ខេត្តទៅវិញ ។ មានមតិលើក ឡើងថា ចុះបើអភិបាល ស្រុកល្វាឯម ជាកូនលោក អភិបាលខេត្ត កណ្ដាល ទៅហើយ រួចទៅប្រកាស ប្រាប់ពលរដ្ឋថា ដីអាស្រ័យ ផលមិនពាក់ព័ន្ធ នឹងដីរដ្ឋ ដែលអាចធ្វើ ឲ្យបាត់បង់ ផលប្រយោជន៍គេ ទើបត្រូវដក ចេញបែបហ្នឹង កុំទៅឆ្ងល់ពេក ។ ចំណែក លោកជា ឬទ្ធី ក៏សម្លឹងឃើញ អំណាច ចៅហ្វាយស្រុក ខ្លាំងដែរ ទើបប្រើអំណាច គាបរាស្ត្រ ទិញដីបែបហ្នឹង ៕