ដោយ រ៉ាយ ភុន
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ៣២៨គ្រួសារដែលបានមកកាប់ផ្កាដីព្រៃនៅភូមិដូនម៉ៅក្បាលឆាយឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅដ្ឋាននិងដាំដំណាំផ្គត់ផ្គង់ ជីវភាពតាំងពីឆ្នាំ ១៩៩៤មក គឺមានរយៈពេលជាង ២០ឆ្នាំទៅហើយ ដោយត្រូវទទួលរងនូវការអនុវត្តបង្ក្រាបឈូសឆាយផ្ទះ និងដំណាំយ៉ាងចាស់ដៃ ពីសំណាក់លោកធុន ស្រន់ អភិបាលរងខេត្តព្រះសីហនុ ។
មានការលើកឡើងថា ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់ពីលោកធុន ស្រន់ ដែលប្រើកម្លាំងសមត្ថកិច្ចនិងគ្រឿងចក្រ មកឈូសកម្ទេចផ្ទះប្រជាពលរដ្ឋជាង២០០ខ្នងចោលបែបហ្នឹង ហាក់ស្ដែងឲ្យឃើញពីលក្ខណៈសម្បត្តិផ្ទុយស្រឡះ ដែលសម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានផ្ដល់អនុសាសន៍ឲ្យ ស្ថាប័នជំនាញរួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវពិនិត្យលើស្ថានភាពរស់នៅជាក់ស្ដែង តើវាប៉ះពាល់ដល់ដែនគម្របព្រៃឈើក្នុងកម្រិតណា!?… ។ បើពិនិត្យជាក់ស្ដែងដូចក្នុងរូបភាព គឺពុំមានព្រៃឈើទៀតនោះទេ សមដូចប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីធ្លាប់ព្រមានចំៗចំពោះមន្ត្រីជំនាញនិងអាជ្ញាធរខេត្តតាកែវ ដែលធ្វើរបាយការភូតកុហកចោទប្រកាន់ប្រជាពលរដ្ឋថាបានមករស់នៅលើដែនគម្របព្រៃឈើ ប៉ុន្តែនៅពេលដែលសម្ដេចទៅឃើញផ្ទាល់ពុំឃើញមានព្រៃឈើឡើយ គឺឃើញតែគល់ជញ្ជ្រាំងទៅវិញដែលតម្រូវឲ្យអាជ្ញាធរត្រូវដោះស្រាយដល់ប្រជាពលរដ្ឋ ។
ជាក់ស្ដែងសកម្មភាពចុះអនុវត្តរបស់អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០១៨ ក្រោមអំណាចលោកយន្ដ មីន ហាក់ពុំបានសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំង៣២៨គ្រួសារតាមការចង្អុលបង្ហាញពីសម្ដេចនាយករដ្ឋមន្ត្រីនោះឡើយ គឺអនុវត្តន៍ដែលមានលក្ខណៈខុសឆ្គងដូចការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រីដូចនៅខេត្តតាកែវជាភស្ដុតាងស្រាប់ ។
ប្រសិនបើគោលការណ៍ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋហាក់មានស្ថានភាពផ្ទុយគ្នារវាងអំណាចថ្នាក់ជាតិ និងអំណាចថ្នាក់ក្រោមជាតិទៅហើយនោះ បញ្ហាដីធ្លីគឺនៅតែជាកម្មវត្ថុចម្បង ដែលមិនអាចស្វែងរកគោលការណ៍សមស្របណាមួយមកធ្វើជាចំណុចចាប់ផ្តើមដោះស្រាយ ដើម្បីបញ្ចប់លើការដោះស្រាយបាននោះឡើយ ។ ម្យ៉ាងវិញទៀត សូម្បីរដ្ឋសភាដាក់កម្មវត្ថុជំរាបជូនឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សុំជួយដោះស្រាយវាស់វែងកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីដីគម្របព្រៃឈើ តាមបទបញ្ជាលេខ ០១បប របស់សម្ដេចនាយករដ្ឋមន្ត្រីក្ដី ប៉ុន្តែស្ថិតក្នុងស្ថានភាពពិតជាក់ស្ដែងគឺអាជ្ញាធរខេត្តព្រះសីហនុហាក់ពុំបានគិតគូចំពោះស្ថាប័ននិតិបញ្ញត្តិសូម្បីបន្តិចណាឡើយ ។
ក្នុងនាមសារព័ត៌មានជាតិបានត្រឹមចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋទាំង៣២៨គ្រួសារដែលរងការបាត់បង់ផ្ទះសម្បែងនិងផលដំណាំដែលធ្លាប់អាស្រ័យផលរាប់ឆ្នាំមកហើយ ដែលកំពុងក្រាញននៀលបោះតង់រស់នៅតែប៉ុណ្ណោះ ។ ព្រោះសារព័ត៌មានក៏មិនអាចធ្វើការវិនិច្ឆ័យបាននោះដែរ ដោយសារតែគោលការណ៍ដោះស្រាយ របស់និតិបញ្ញតិ្ត រដ្ឋសភាគឺផ្សេងទៅ ចំណែករដ្ឋាភិបាលថ្នាក់ជាតិមានគោលការណ៍ដោះស្រាយបែបផ្សេងទៅ ចំណែករដ្ឋាភិបាលថ្នាក់ក្រោមជាតិក្រោមអំណាចលោកយន្ដ មីន គឺអនុវត្តបែបផ្សេងបែបហ្នឹង គឺមានតែប្រជាពលរដ្ឋត្រូវដេកហាលក្ដៅហាលភ្លៀងរង់ចាំយុត្តិធម៌ដោយខ្លួនឯង តាមកម្មនិងព្រេងវាសនាប៉ុណ្ណោះទេ ទើបអាចបញ្ចប់រឿងអកុសល ដែលបង្កវិនាសកម្មនេះបាន ។ ដូចឃើញក្នុងលិខិតអន្តរាគមន៍អង្គនិតិបញ្ញត្តិស្រាប់គោលការដោះស្រាយរដ្ឋសភាគឺផ្សេងទៅ ចំណែកអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តផ្សេង វាដូចជាប្រេង ហើយនិងទឹកបែបហ្នឹងតើអ្នកសារព័ត៌មានគួរសរសេរដោយផ្អែកទៅលើអ្វីទើបត្រឹមត្រូវបាននោះទេ! ។ ព្រោះចម្លើយពិតប្រាកដគឺស្ដែងចេញនូវពេលឃោសនាបោះឆ្នោតម្ដងៗ សម្ដេចនាយករដ្ឋមន្ត្រីតែងសំណូមពរទៅកាន់ប្រជាពលរដ្ឋថាកុំឲ្យខឹងគោទៅវាយរទេះ Sic ។ ចុះបើទុកគោកែកនឹមដូចលោកយន្ត មីន ឲ្យអូសរទេះបែបហ្នឹងរឿងអីថាវាយគោមិនត្រូវទាំងរទេះនោះ ។
ជាក់ស្តែង សូម្បីផ្លាកគណបក្សប្រជាជនកម្ពុជា២ផ្ទាំង ក៏ត្រូវគាស់រំលើងវាយកម្ទេចចោលបែបហ្នឹងទៅហើយ មិនឲ្យថា លោកមិនផ្ទុះខ្លាំងជាងគ្រាប់បែកម្តចនឹងកើត ៕