បន្ទាប់ពី ចុះផ្សាយអត្ថបទ (សកម្មភាព គង់ ក្រឹង ជាប់ក្នុង បញ្ជីខ្មៅ ជាឧក្រិដ្ឋជន បំផ្លាញព្រៃឈើ របស់នាយក រដ្ឋមន្ត្រី) មានមតិរិះគន់ នៅតាម តុកាហ្វេថា មិនឃើញមាន ប្រតិកម្ម ឬសកម្មភាព ចុះបង្ក្រាប បទល្មើស ព្រៃឈើ ទៅលើសកម្មភាព មេឈ្មួញដុះស្លែ ឈ្មោះគង់ ក្រឹង ឡើយ ។ ម្យ៉ាងវិញទៀត មានសារព័ត៌មាន ខ្លះរិះគន់ មេឈ្មួញ គង់ ក្រឹង ហើយក៏មាន សារព័ត៌មានខ្លះ សរសេរ កោតសរសើរ គង់ ក្រឹង ឡើងកប់ៗ ថែមទៀតផង រហូតបើកឃើញ ហ្វេសប៊ុក ខ្លះដាក់រូប មេឈ្មួញ គង់ ក្រឹង រួចប្រើពាក្យ ចង់ប្រដូច អ្នកកាសែត ដែលរិះគន់ថា ជាឆ្កែដែលចាំ តែដណ្ដើមឆ្អឹង របស់ មេឧក្រិដ្ឋជន គង់ ក្រឹង បោះឲ្យស៊ី ថែមទៀតផង ។
តាមពិតទៅដែនអំណាចអ្នកសារព័ត៌មានគឺមានលទ្ធភាពត្រឹមសរសេររិះគន់ដោយផ្អែកលើប្រភពជាក់ស្ដែងតែប៉ុណ្ណោះ ។ ចំពោះករណី បង្ក្រាបបទល្មើស ព្រៃឈើគឺ ជាតួនាទី គណបញ្ជាការ ឯកភាពខេត្ត ក្រចេះ ព្រះនាម វ៉ា ថន និងសមត្ថកិច្ចខេត្ត ដែលត្រូវតែ ធ្វើការបែងចែក គ្នាឲ្យដាច់ ។
ចំណែក ករណីប្រដូច អ្នកកាសែត ដែលរិះគន់ ទៅនឹងឆ្កែ ដែលរង់ចាំ មេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះ គង់ក្រឹង បោះឆ្អឹងឲ្យដណ្ដើមគ្នាស៊ី គួរណាស់ តែប្រៀបប្រដូច ជាមួយ គណបញ្ជាការ ឯកភាពខេត្ត ក្រចេះ និងសមត្ថកិច្ច វិញទើប ត្រូវជាង ពិសេសគឺ សារព័ត៌មាន ដែលខំសរសេរ កោតសរសើរ មេឧក្រិដ្ឋជន ព្រៃឈើឈ្មោះ គង់ ក្រឹង តែម្ដង ។
បន្ទាប់ពីធ្វើ ការបកស្រាយ ក៏លេចចេញ នូវការចោទ សួរថា បើសម្ដេច នាយករដ្ឋមន្ត្រី លើកឡើង ចំៗបែប ហ្នឹងហើយ មេឧក្រិដ្ឋកម្ម ព្រៃឈើឈ្មោះ គង់ ក្រឹង មិនទាំង ខ្លាចផង តើចាំបាច់ ចុះផ្សាយពី មេឈ្មួញ គង់ ក្រឹង ធ្វើស្អីទៀត នាំតែសាប និងគ្មានតម្លៃ សម្រាប់អ្នក ព័ត៌មាន ទៅវិញទេ! ។ សំណួរនេះ សារព័ត៌មានជាតិ យល់ឃើញថា ចាំមេឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ឈ្មោះគង់ ក្រឹង ពាក់ផ្កាយមាស ប្រាំមួយ ផុតលេខ គឺឈប់ហ៊ាន រិះគន់ទៀតហើយ ។ ព្រោះពេលនេះ គង់ក្រឹងពាក់ ត្រឹមផ្កាយមួយ បើមិនហ៊ាន ចុះផ្សាយរិះគន់ គឺស្មើនឹងឲ្យ តម្លៃអនុសាសន៍ ប្រកបដោយ គតិបណ្ឌិត របស់សម្ដេច នាយករដ្ឋមន្ត្រី ពាក់ផ្កាយប្រាំ ផុតលេខ ហាក់ដូចជា តូចទាបជាង បុគ្គលគង់ ក្រឹង ពាក់ត្រឹមផ្កាយ មួយទៅវិញ ។ មានតែចាំ មើលគង់ ក្រឹង ពាក់ផ្កាយមាស៦ ផុតលេខទេ ទើបត្រូវឈប់ រិះគន់មេ ឧក្រិដ្ឋជន បំផ្លាញព្រៃឈើ គង់ ក្រឹង តទៅទៀត ៕