ដោយ ៖ ជាតិ
ផ្លូវជាតិលេខ ៤ មិនត្រឹមតែផ្តល់សារៈសំខាន់ទៅលើការដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម លំដាប់អន្តរជាតិប៉ុណ្ណោះទេ ! ប៉ុន្តែផ្លូវជាតិលេខ ៤ ក៏បានបើកលទ្ធភាពឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរទៅកម្សាន្តឆ្នេរសមុទ្រដ៏ស្រស់ស្អាត ខេត្តព្រះសីហនុរាប់លាននាក់ក្នុង ១ ឆ្នាំៗផងដែរ ។
ទាក់ទិនទៅនឹងរដ្ឋដែលកាន់អំណាចដោយគណបក្សប្រជាជន ផ្តល់សិទ្ធិវិនិយោគលើផ្លូវលេខ ៤ ដែលជាកេរតំណែលបន្សល់ទុកតាមរយៈជំនួយសហរដ្ឋអាមេរិក ក្នុងសម័យកាល សង្គមរាស្ត្រនិយមទៅឱ្យក្រុមហ៊ុន AZ ដែលមាន អ៊ឹង ប៊ុនហ៊ូវ ជាប្រធានដាក់ BOT ដល់ទៅ ៣ កន្លែង សម្រាប់លក់សំបុត្រឆ្លងកាត់យកលុយពិតជាបានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា ត្រូវប្រឈមទៅនឹងការបាត់បង់សម្លេងឆ្នោតមិនតិចឡើយ នោះបើផ្អែកលើការស្រាវជ្រាវទៅលើ ក្រុមអ្នកដឹកទំនិញ រួមទាំងអ្នកធ្វើដំណើរដោយរថយន្ត ដែលបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជតិលេខ ៤ ។
មិនមែនជារឿងថ្មីទេដែលមានការលើកឡើងថា ការយកផ្លូវជាតិលេខ ៤ ទៅឱ្យក្រុមហ៊ុម AZ វិនិយោគ គឺជា រឿងមិនត្រឹមត្រូវ ព្រោះក្រុមហ៊ុនអាចវិនិយោគផ្លូវបានលើកលែងតែបានកសាងផ្លូវថ្មីដាច់ដោយឡែក ដែលមិនស្ថិតក្នុងសំណល់ផ្លូវជាតិណាមួយនោះឡើយ ។ ព្រោះការកែលម្អផ្លូវជាតិ គឺជាកាតព្វកិច្ចរដ្ឋ ដែលបានយកពន្ធផ្លូវទៅលើយានយន្តគ្រប់ប្រភេទជារៀងរាល់ឆ្នាំ ហើយក៏មានមនុស្សមិនតិចដែរ ដែលសម្តែងនូវការមិនពេញចិត្តចំពោះការដាក់ផ្លូវជាតិលេខ ៤ ទៅឱ្យក្រុមហ៊ុន AZ គ្រាន់តែកែលម្អនិងថែរក្សា រហូតដាក់ BOT នៅចំណុចកំបូលផង នៅស្ទឹងសំរោងផង និងនៅព្រែនប់ ខេត្តព្រះសីហនុផង តើប្រាក់ពន្ធផ្លូវដែលម្ចាស់យានយន្តបង់ចូលរដ្ឋរាល់ឆ្នាំ ពិតជាមិនបានយកទៅចំណាយឱ្យចំគោលដៅនោះឡើយ ។
ដោយមើលឃើញពីចំណុចអវិជ្ជមានក្នុងការវិនិយោគផ្លូវជាតិលេខ ៤ នៅហើយ ទើបលោក សមរង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិសម្រេចដាក់កម្មវិធីក្នុងថ្ងៃទី ១ បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដោយផ្តោតសំខាន់ក្នុងការឃោសនា ស្វែងរកសម្លេងឆ្នោត តាមរយៈគោលនយោបាយលុបចោលកិច្ច សន្យាវិនិយោគរបស់ក្រុមហ៊ុន AZ ដោយរំពឺងថា នឹងទទួលបានការគាំទ្រច្រើនពីមហាជន ដែលធ្វើដំណើរឆ្លងកាត់ រួមទាំងប្រជាជននៅក្នុងមូលដ្ឋាន នាទឹកដីខេត្តកំពង់ស្ពឺ រួមទាំងខត្តព្រះសីហនុ និងខេត្តកោះកុងថែមទៀតផង ៕