ខេត្តបន្ទាយមានជ័យ៖ កន្លងទៅ ច្រករបៀង ជាច្រើន តាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្ត បន្ទាយមានជ័យ គេសង្កេត ឃើញថា ត្រូវបានបិទ ស្ងាត់ស្ងៀមឈឹង ក្រោយពី សម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជា ឲ្យបិទ ។ ដោយឡែក ច្រករបៀង អូបីជាន់ ច្រកតំបន់៥ តំបន់១ ច្រកចម្ការគ.ល. ស្ថិត នៅក្នុងស្រុក អូជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រប់គ្រង ដោយលោក ឃួន ជឿន មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក លេខ៥០៣ បានបើក ភ្លើងខៀវ ឲ្យកូនចៅ លួចបើកច្រក របៀង និងនាំទំនិញ ខុសច្បាប់ ជាច្រើន មានដូចជា ទំនិញ គេចពន្ធ ទឹកក្រូច ទឹកផ្លែឈើ ជ្រូក មាន់ ទា ក្របី ជាពិសេស មានទាំង ម៉ូតូ និងរថយន្ត ចង្កូតស្ដាំ ថែមទៀតផង ។ ចំណែកឯ មជ្ឍដ្ឋាន ជាច្រើនបាន នាំគ្នារិះគន់ ចំពោះលោក ឃួន ជឿន យ៉ាងចំៗថា ដោយសារតែ ផលប្រយោជន៍ យកលុយ ដាក់ហោប៉ៅ ផ្ទាល់ខ្លួន និងបក្សពួក របស់លោក ឃួន ជឿន មិនខ្វល់ពី ការខាតបង់ ចំណូលរបស់ រដ្ឋឡើយ ទោះបីជា បច្ចុប្បន្ននេះ គេសង្កេត ឃើញថា ថវិការ និងចំណូល របស់រដ្ឋ ដែលត្រូវបាន ខាតបង់ក្នុង ១ខែៗ ក៏ព្រោះតែមកពី ការឃុបឃិតគ្នា ពុករលួយ និងការ បើកភ្លើងខៀវ ឲ្យឈ្មួញនាំ ទំនិញផ្សេងៗ ចេញចូល តាមច្រក របៀង ទាំងអស់ នេះហើយ ។ ពាក់ព័ន្ធ ទៅនិង បញ្ហាដូច ខាងលើ ប្រជាពលរដ្ឋ សំណូមពរ ដល់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ គួរតែបើក ការស៊ើបអង្កេត ទៅលើ សកម្មភាព របស់លោក ឃួន ជឿន មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៥០៣ និងបក្សពួក ជាបន្ទាន់ផង ៕