ការរស់នៅជាមួយរយៈពេល ២៨ ឆ្នាំ អ្នកស្រី ហួ ចាន់ថា មាន​សិទ្ធិទទួល​មរតក​តាម​បណ្តាំ

ការរស់នៅជាមួយរយៈពេល ២៨ ឆ្នាំ អ្នកស្រី ហួ ចាន់ថា មាន​សិទ្ធិទទួល​មរតក​តាម​បណ្តាំ

ដោយ ៖ ជាតិ
ទំនាស់​ទាមទារ​លើបង​ស្រីដែល​ស្លាប់ឈ្មោះ ភិន សុផល អាយុ ៤៦ ឆ្នាំ នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុង ដូនកែវ ខេត្ត​តាកែវ ពីអ្នកស្រី ភិន សុភាព គឺពិតជា​បានរំលោភ​ទៅ​លើ​បណ្តាំ​មរតក​ដែល​អ្នកស្រី ភិន សុផល បានសម្រេច ចិត្តផ្ទេរទៅ​ឱ្យ​ឈេ្មាះ ហួ ចាន់ថា ដែលធានា​ដោយ​មេធាវីស្របតាមបទដ្ឋាន​ច្បាប់ ។ ទោះបីអ្នកស្រី ហួរ ចាន់ថា មិនមែន ជាសាច់ញាតិ​អ្នក​ស្រី ភិន សុផល ក៏ពិតមែន ប៉ុន្តែការរួមរស់ជៅមួយគ្នា បីដូចជា​លលក​ញីឈ្មោល អស់រយៈកាល ២៨ ឆ្នាំ រហូតចុះឈ្មោះ ក្នុង​សៀវភៅគ្រួសារជាប្អូនថែមទៀតនោះ តើមានហេតុផលអ្វី​ដែល​អាចចាត់ទុកថា ការទទួលមរតក របស់អ្នកស្រី ហួ ចាន់ថា មិនស្របច្បាប់ទៅវិញ ។

តាមផ្លូវច្បាប់ វត្ថុតាងដែលមិនអាចប្រកែកបានថា អ្នកស្រី ហួរ ចាន់ថា គឺជាមនុស្សតែម្នាក់គត់ ដែលអាចទទួល មរតកពីអ្នកស្រី ភិន សុផល បាន គឺទី ១ បញ្ជីរាយឈ្មោះ ក្នុងសៀវភៅគ្រួសាររបស់អ្នកស្រី ភិន សុផល លេខ ០១ ដក ០៩២១ គឺមានសមាជិកតែ ២ នាក់ប៉ុណ្ណោះ គឺអ្នកស្រី ហួ ចាន់ថា ។ ទី ២ លិខិតបណ្តាំមរតកធ្វើនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៣ មុនពេលអ្នកស្រី ភិន សុផល ស្លាប់ គឺបានសម្រេចប្រគល់ដី និងផ្ទះ រួមទាំងដីស្រែចំការទៅឱ្យអ្នកស្រី ហួ ចាន់ថា ជាប្អូនចិញ្ចឹម ដោយមានការ ទទួលស្គាល់ពីមេធាវី ឯក កងតារា ថែមទៀតផង ។ ទី ៣ ពាក្យ​ស្នើសុំ​កាន់​កាប់ដីលំនៅដ្ឋានដែលមានទំហំ ប្រមាណ ២៩៧៥ ម៉ែត្រការ៉េ របស់អ្នកស្រី ភិន សុផល និងពាក្យស្នើសុំ​កាន់​កាប់​ដីចំការស្វាយ ដែលមានទំហំ ១៥៥២ ម៉ែត្រ ការ៉េ ត្រូវបានទទួលស្គាល់ចុះហត្ថលេខា និងប្រថាប់ត្រា ដោយ​មេភូមិ​ស្វាយជ្រុំ ឈ្មោះ មាស ផាន និងចៅសង្កាត់បារាយណ៍ ឈ្មោះ ម៉ែន ចឹម ។

មិនដឹងថា លោកចៅសង្កាត់បារាយណ៍ ម៉ែន ចឹម ទទួលស្គាល់ហត្ថលេខា និងត្រារបស់ខ្លួនដែរ ឬយ៉ាងណា ទើប អ្នកស្រី ភិន សុភាព ចេញមុខទាមទារទ្រព្យសម្បត្តិ បែរជាចាត់ទុកថា ទ្រព្យសម្បត្តិរបស់អ្នកស្រី ភិន សុផល នៅមិន ទាន់ស្របច្បាប់ ហើយពុំមានសិទ្ធិធ្វើបណ្តាំមរតកទៅឱ្យអ្នកផ្សេងបានទៅវិញ ។ ព្រោះថា បើពិនិត្យទៅលើពាក្យស្នើ​សុំកាន់កាប់ដីធ្លី ដែលមានដីលំនៅដ្ឋាន និងដីចំការ ឃើញមានហត្ថលេខា និងត្រាលោកចៅសង្កាត់ឱ្យក្រឡាញ​​នៅឡើយ ។ តើមានហេតុផលអ្វីដែលត្រូវចាត់ទុកថា ការធ្វើលិខិតបណ្តាំមរតករបស់អ្នកស្រី ភិន សុផល មិន​ស្របច្បាប់​ទៅវិញ ។

វាពិតជាគ្រប់គ្រាន់ណាស់ សម្រាប់ពាក្យបណ្តឹងរបស់អ្នកស្រី ហួរ ចាន់ថា ទៅកាន់សាលាដំបូងខេត្តតាកែវ ដែល បានដាក់កម្មវត្ថុ សុំចេញសាលក្រមសម្រេចតាមបណ្តាំមរតក របស់អ្នកស្រី ភិន សុផល ។ ផ្អែកតាមឯកសារជាក់​លាក់ដែល អ្នកស្រី ហួ ចាន់ថា មាន គឺ ១-អត្តសញ្ញាណប័ណ្ណ ២-ឈ្មោះ ក្នុងបញ្ជីរីយានាមក្នុងគ្រួសារ រួមទាំង​បណ្តាំ​មរតក ដែល​ទទួលស្គាល់ដោយមេធាវីប្រថាប់ត្រាផងនោះ គឺពិតជាមានលក្ខណៈគ្រប់គ្រាន់ ដែលអាចឱ្យសាលា​ដំបូងខេត្តតាកែវមាន ភស្តុតាងគ្រប់គ្រាន់ ដើម្បីធានាដល់ដំណើរការកាត់ក្តីបានយ៉ាងសមស្របបំផុត ។ ព្រោះបើ​នៅតែបន្តរក្សាទុកបណ្តឹងរបស់ អ្នកស្រី ហួ ចាន់ថា ដោយពុំបានចាត់ការឱ្យទាន់ពេលវេលាទេនោះ បញ្ហាស្មុគ្រ​ស្មាញនិងបន្តឱ្យជនរងគ្រោះកាន់តែទទួល រងនូវភាពអយុត្តិធម៌ខ្លាំងឡើង ពិសេស គឺអាជ្ញាធរភូមិ ឃុំ ដែលប្រឹង​ប្រែងបិទភ្នែក មិនព្រមទទួលស្គាល់ ហត្ថលេខា របស់ខ្លួន ដើម្បីតែផលប្រយោជន៍តែម្តងទាន ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 4675 La Presse Nationale. All rights reserved. XHTML / CSS Valid.