កំណាត់ ឈើ១៤៤ កំណាត់ ត្រូវបាន បង្ក្រាបដោយ រដ្ឋបាល ព្រៃឈើ បរកែវ លោកឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ សហការ ជាមួយ កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី ចុះបង្ក្រាប ឈើកាត់ចុង កាត់គល់ ស្ថិតនៅ ចំណុច ភូមិគ្រាង ចំណុចមុំបី ព្រំប្រទល់ ស្រុកបរកែវ ស្រុកអណ្ដូងមាស និងស្រុក អូរយ៉ាដាវ ។ កំណាត់ ឈើទាំងនោះ ជាប្រភេទ ឈើស្រឡៅ ប្រមាណ ១៤៤កំណាត់ ប៉ុន្តែតួលេខ ពុំច្បាស់លាស់ នៅឡើយទេ ព្រោះថា មន្ត្រី ជំនាញ កំពុងធ្វើការ ដឹកជញ្ជូន និងមិនទាន់ ធ្វើការ វាស់វែង ឲ្យបាន ច្បាស់លាស់ នៅឡើយទេ ។
នេះបើតាម សម្ដីលោក ឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ កម្លាំងរបស់ លោកបាន សហការ ជាមួយ កម្លាំងប៉េអឹម ខេត្តចុះចាប់ ឈើនោះ តាំងពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៧ ហើយមកទល់ ពេលនេះ លោកទើបតែ រករថយន្ត កែច្នៃបាន និងធ្វើការ ដឹកជញ្ជូន កំណាត់ឈើ មកស្តុប ទុកក្នុង ក្រុមហ៊ុន72 ។ គួរបញ្ជាក់ ផងដែរថា បទល្មើស ព្រៃឈើ ប្រភេទ ខាងលើ មិនមែនមាន តែនៅ ក្រុមហ៊ុន72 នោះទេ ប៉ុន្តែក៏ មាននៅ ក្រុមហ៊ុន ជាំងលី ដែលមាន ព្រំប្រទល់ ជាប់គ្នានោះ ដែលមាន សកម្មភាព ស្តុកឈើ រាប់រយ កំណាត់ ផងដែរ គួរតែ លោកមន្ត្រី ជំនាញ មានវិធានការ ចំពោះ ក្រុមហ៊ុន ជាំងលី នេះផង ដើម្បីកុំឲ្យ ប្រជាពលរដ្ឋ ធ្វើការ រិះគន់ចំពោះ អាជ្ញាធរ និងថ្នាក់ដឹកនាំ ថាបិទភ្នែក ម្ខាងបើក ភ្នែកម្ខាង ។
បើតាម ប្រភពពី ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងក្រុមហ៊ុន ជាំងលី មានកំណាត់ ឈើសុក្រម ជាច្រីនរយ កំណាត់ គឺច្រើនជាង កំណាត់ឈើ ដែលមន្ត្រី ជំនាញ ធ្វើការ បង្ក្រាបនៅ ក្រុមហ៊ុន៧២ នោះទៅ ទៀតផង ។ ទោះជា យ៉ាងណា មហាជន និង ប្រជាពលរដ្ឋ ទាំងអស់ កំពុងរង់ចាំ មើលថា តើមន្ត្រី ជំនាញមាន វិធានការ យ៉ាងណា ទៅលើ ក្រុមហ៊ុន ជាំងលី ៕