ហេតុការណ៍ បង្ករបួស ស្នាមដោយ ប្រើដាវ សាំម៉ូរ៉ៃ ជាបងថ្លៃឈ្មោះ សុខ ចាន់ កាប់ទៅលើ ឈ្មោះឡាំ ផារ៉េត កាលពីថ្ងៃទី១០ កុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង ៧ល្ងាច ត្រូវបាន សមត្ថកិច្ច នគរបាល ប៉ុស្តិ៍បាក់ខែង ចាប់ខ្លួន ជនសង្ស័យ បាននៅ ថ្ងៃទី១៤ ខែកុម្ភះ ដើម្បីយក មកឃុំខ្លួន នៅប៉ុស្តិ៍ នគរបាល បាក់ខែង ។ ប៉ុន្តែ ការចាប់ ឃុំខ្លួន ជនសង្ស័យ ហើយដាក់ ខ្នោះដៃ ផងនោះ ត្រូវបាន មន្ត្រីនគរបាល ម្នាក់ធ្វើការ អះអាងថា អាចជា ករណី ឃុបឃិត ដោះលែង ជនសង្ស័យ ដែលតម្រូវ ឲ្យមាន ការស៊ើប អង្កេតឲ្យ បានច្បាស់ ព្រោះវាជា ការទទួល ខុសត្រូវ របស់ មេប៉ុស្តិ៍ បាក់ខែង ។
នៅពេលជួប ជាមួយលោក មេប៉ុស្តិ៍ បាក់ខែង នៅថ្ងៃ ទី១៦ វេលាម៉ោង ១១កន្លះ ថ្ងៃត្រង់ លោកបាន បញ្ជាក់ថា ជនសង្ស័យ ដែលលោក ខិតខំ ប្រឹងប្រែង ចាប់ខ្លួន ទាំងយប់គឺ លោកពុំបាន ដោះលែង នោះទេ អាចជាការ ធ្វេសប្រហែស របស់លោក ព្រោះបន្ទប់ ឃុំខ្លួន នៅជាប់ សោរពី ខាងក្រៅ ។ លោកបាន បន្តថា ឪពុកជន រងគ្រោះ បានគំរាម លោកថា នឹងប្ដឹងទៅ កាន់ស្នងការ នគរបាល រាជធានី ភ្នំពេញ និងប្តឹងទៅ អគ្គស្នងការ នគរបាលជាតិ រួមទាំង ក្រសួង មហាផ្ទៃផង ប៉ុន្តែ រូបលោក បានប្រាប់ ថាកុំឲ្យ ប្ដឹងអី របួស ប៉ុណ្ណឹងអាច ព្យាបាល អស់៥០០ ដុល្លាគឺ ជាហើយ ហើយរង់ចាំ រូបលោក និងមន្ត្រី ប៉ូលីស ប៉ុស្តិ៍ជួយរៃ លុយគ្នា យកមកឲ្យ ។
សំណូមពរ របស់លោក មេប៉ុស្តិ៍ បាក់ខែង ត្រូវបាន ឪពុកជន រងគ្រោះ បដិសេធន៍ ដោយទាមទារ សំណង និងថ្លៃ ព្យាបាល ៥០០០ ដុល្លា ដែលជា ហេតុធ្វើឲ្យ លោកមេប៉ុស្តិ៍ បញ្ជាក់ថា លោកសុខចិត្ត ទទួលពិន័យ ចំពោះ មុខច្បាប់ ។ ជុំវិញ ករណី ដែលលោក មេប៉ុស្តិ៍ បញ្ជាក់ថា ការបាត់ខ្លួន ជនល្មើស គឺជា ករណី ធ្វេសប្រហែស របស់លោក ត្រូវបាន មជ្ឈដ្ឋាន ប្រជាពលរដ្ឋ ចោទសួរថា តើពាក្យ ធ្វេសប្រហែស របស់លោក មេប៉ុស្តិ៍ វាខុសគ្នា ត្រង់ណា ទៅនឹងពាក្យ អសមត្ថភាព របស់លោក មេប៉ុស្តិ៍ ។
ជាក់ស្ដែង រូបភាព នៃទំហំ ស្នាមរបួស ដោយដាវ សាំម៉ូរ៉ៃ អាចបញ្ជាក់ បានថា ទោះបី មានសំណង ព្យាបាល និងជំងឺចិត្ត ក៏ជនសង្ស័យ ជាប់ពាក់ព័ន្ធ ទៅនឹង បណ្ដឹងអាជ្ញា ដែលមិនអាច ផ្សះផ្សាគ្នា ក្រោមរូបភាព សំណងបាន នោះឡើយ ។ ហើយអ្វីដែល ប្រជាពលរដ្ឋ ក្នុងសង្កាត់ បាក់ខែង ដាក់ការ ព្រួយបារម្ភ ខ្លាំងនោះគឺ ជនសង្ស័យដែលប៉ូលីស ចាប់វាយខ្នោះ រួចយកមក ឃុំខ្លួនហើយ នៅតែអាច រត់រួចបាន តើសន្តិសុខ ក្នុងសង្កាត់ បាក់ខែង អាចកើត មានដោយ របៀបណា? .. ៕