អំណាច ឈ្មួញឈើ នៅស្រុក សំបូរ មានការ គាំទ្រពី សមត្ថកិច្ច

អំណាច ឈ្មួញឈើ នៅស្រុក សំបូរ មានការ គាំទ្រពី សមត្ថកិច្ច

បទល្មើស លួចកាប់ ឈើធ្នង់ ២៣ដើម កាលពី អំឡុងបុណ្យ កាន់បិណ្ឌ ក្នុងព្រៃ សហគមន៍ ពោធិ៍ជ្រក ជម្រក ឬទ្ធិសែន ស្ថិតនៅ ក្នុងភូមិ ដំណាក់ កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានលោក អភិបាលខេត្ត ចាត់ទុក​ថា វាមិនមែន ជាបទល្មើស តូចតាចឡើយ ដោយត្រូវ មានវិធានការ ឲ្យបាន ម៉ឹងម៉ាត់ បំផុត ។ លោកឈួរ ច័ន្ទឌឿន បានសង្កត់ ធ្ងន់នៅក្នុង កិច្ចប្រជុំថា នៅស្រុក កំពង់លែង លួចកាប់ ដើមធ្នង់ អស់ជាង ២០ដើម តើការពារ យ៉ាងម៉េច? បើកាប់ ១ដើម ២ដើម ថាគេ លួចចុះ តែនេះ កាប់ជាង ២០ដើម ។ រឿងនេះ មិន​មែន ប្រជាពលរដ្ឋ មិនដឹងទេ ​អស់លោក ​ធ្វើអី​ក៏ គាត់​ដឹងដែរ​ចង់មិន ចង់កាប់ ហើយកាត់ ជាកង់ៗ ដឹកជញ្ជូន យកទៅ​កាន់ កន្លែង ​សិប្បកម្ម ​តុទូមួយ កន្លែង នៅភូមិ ច្រណូក ទៀតកុំថា គេមិនដឹង ហើយនេះ ជាការ រំលោភ មួយយ៉ាងធំ ។

លោកអភិបាល ខេត្តបាន ស្នើឲ្យ លោកសំ ចាន់ អភិបាល ស្រុក​កំពង់​លែង ថាបើមាន ការរំលោភ បែបនេះ ត្រូវចាត់ការ ភ្លាមហើយ បើចាត់ការ មិន​កើត សុំអន្តរាគមន៍ ពីលោកជា បន្ទាន់នឹង ចាត់ការភ្លាម ។

ប្រជាពលរដ្ឋ នៅភូមិ ដំណាក់ កកោះ ហាក់គ្មាន ជំនឿ ទៅលើ ចំណាត់​ការ របស់ អាជ្ញាធរ និងមន្ត្រី ជំនាញឡើយ ដោយលើក ឡើងថា តាំងពីរដូវ កាល​ភ្ជុំបិណ្ឌ រហូតមក ដល់ពេល នេះគឺមាន រយៈពេល ច្រើនខែ ទៅហើយ ប៉ុន្តែ ជន​ល្មើស ដែលត្រូវ បានគេ បង្ហាញ អត្តសញ្ញាណ ទៅហើយ នៅតែ មិនអាច នាំខ្លួន​មក ទទួល ខុសត្រូវបាន ។

ប្រភពពី មន្ត្រីជំនាញ រដ្ឋបាល ព្រៃឈើ បានឲ្យ ដឹងថា ជុំវិញ បញ្ហាលួច កាប់ដើមធ្នង់ ក្នុងព្រៃ សហគមន៍ ពោធិ៍ជ្រក ជម្រក ឬទ្ធិសែន ចំនួន ២៣ដើម គឺ​បាន​បញ្ជូន សំណុំរឿង ដល់ដៃ តុលាការ យូរណាស់ មកហើយ ប៉ុន្តែ មកដល់ ពេលនេះ មិនទាន់ឃើញ តុលាការ ចាត់ការ បែបណា នោះទេ ដោយក្នុង នោះ​មាន ចោទមេក្លោង ម្នាក់ឈ្មោះ ជៀប តឿង ដែលមាន ទីលំនៅ ក្នុងភូមិ កង្កែប ឃុំច្រណូក ស្រុកកំពង់លែង ហើយក៏ ជាម្ចាស់ សិប្បកម្ម ឈើអត់ ច្បាប់​ផង​​ដែរ ។ ឈ្មោះនេះ ត្រូវបានចោទ ប្រកាន់ ពីបទលួច កាប់ឈើធ្នង់ ២៣ដើម ដែលមាន មុខកាត់ធំៗ ពីក្នុងព្រៃ សហគមន៍ ពោធិ៍ជ្រក ជម្រក ឬទ្ធិសែន ។

បើយោង តាមច្បាប់ ត្រូវផាក ពិន័យ ហើយនឹង ត្រូវដាក់ ពន្ធធនាគារ ទៀត ។

មជ្ឈដ្ឋាន ប្រជាពលរដ្ឋ បានសម្តែង នូវការ មិនពេញចិត្ត ចំពោះភាព យឺត​យ៉ាវ របស់ តុលាការ សាលា ដំបូងខេត្ត កំពង់ឆ្នាំង ដោយអ្នកខ្លះ លើកឡើង​ថា បើជា ករណី តូចតាច គឺមិនថា សមត្ថកិច្ច ឬតុលាការ បានអនុវត្ត ជំហាន ដំបូង លឿនណាស់ ។ ប៉ុន្តែ ករណី មេឈ្មួញដែល ប្រព្រឹត្ត បទល្មើស ធំៗបែបហ្នឹង ទំនង​​ជា ទុកចាំ ឲ្យម្ចាស់ សិប្បកម្ម ធ្វើការ កែច្នៃ នាំចេញ ទៅលក់អស់ រួចទើប ប្រកាសថា រកភស្តុតាង ដាក់បន្ទុក មិនបាន ក៏មិនដឹង នោះដែរ ព្រោះបើ ការកាប់ ដឹកជញ្ជូន អស់រាប់ខែ ទៅហើយ នៅតែពុំ ឃើញទាន់មាន ចំណាត់ការ ជាក់លាក់ ឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.