លោក រឿង សុខេង អាយុ ៦០ឆ្នាំ រស់នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជា គណៈកម្មការវត្តអូរប្រាសាទ ត្រូវជាបងប្រុសបង្កើតរបស់លោក ថោង សុខខៃ អតីតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ចូលនិវត្តន៍ ។
នៅក្នុងពាក្យរៀបរាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់សាលាឧទ្ធរណ៍តាមបណ្តឹងអ្នកស្រី យស់ លក្ខិណា ថា ឈ្មោះ ថោង សុខខៃ ជាប្អូនប្រុសគាត់ ប្រើអំពើហិង្សា មកលើប្រពន្ធនឹងគំរាមសម្លាប់ គឺជារឿងមិនពិតទាល់តែសោះ ព្រោះបើតាមលោកដឹង គឺជាករណីដណ្តើម ទ្រព្យសម្បត្តិតែប៉ុណ្ណោះ ទើបនៅពេលប្តឹងចោទប្អូនប្រុសគាត់នៅសាលាដំបូងខេត្តសៀមរាប តុលាការសម្រេចឱ្យប្អូនខ្ញុំឈ្នះ ព្រោះតែភាគីដើមចោទឈ្មោះ យស់ លក្ខិណា ពុំមានភស្តុតាងដាក់បន្ទុកណាមួយនោះឡើយ ។
លោក រឿង សុខេង ដែលជាបងប្រុសលោក ថោង សុខខៃ បានសម្តែងនូវការកង្វល់ចំពោះចំណាត់ការសាលាឧទ្ធរណ៍ ដោយពុំបានផ្អែកលើភស្តុតាងជាក់ស្តែង ព្រោះសមត្ថកិច្ចមូលដ្ឋានមានមន្ត្រីប៉ុស្តិ៍គោកចក ក៏បានអះអាងដែរថា នៅថ្ងៃទី ១៩ មីនា ឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃ គឺពុំមានឈ្មោះ យស់ លក្ខិណា មកប្តឹងពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សាអ្វីនោះឡើយ ។ ព្រោះការលើកឡើងថា ក្រោយពីបានលែងលះគ្នារួចមក លោក ថោង សុខខៃ បានវាយធ្វើបាបជេរប្រមាថជាច្រើនលើក ហើយពេលខ្លះគំរាមសម្លាប់រហូតធ្វើឱ្យអ្នកស្រីរងបួសយ៉ាងធ្ងន់ធ្ងរ ដោយមានពេលខ្លះកូនស្រីបានជួយរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ គឺជាករណីប្រឌិតមិនសមហេតុផលទាល់តែសោះ ។
ពិតណាស់ថា អំពើហិង្សាបង្ករបួសស្នាម និងគំរាមសម្លាប់រហូតជនរងគ្រោះរត់ទៅរកសមត្ថកិច្ច គឺជាកាតព្វកិច្ចរបស់ សមត្ថកិច្ចមូលដ្ឋានត្រូវកោះហៅ ឬនាំខ្លួនជនប្រព្រឹត្តមកសាកសួរ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅថ្នាក់លើបន្តប្រសិនបើរក ឃើញថា ជនរងគ្រោះមានរបួស្នាមជាក់ស្តែង ។ ប៉ុន្តែបើតាមការអះអាងតាមទូរស័ព្ទពីលោក ឈុន សំបាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦ លោកបានអះអាងថា ពុំដែលមានករណីប្រើ អំពើហិង្សាពីសំណាក់លោក ថោង សុខខៃ រហូតមានការប្តឹងអន្តរាគមន៍ពីប៉ុស្តិ៍លោកនោះឡើយ ។
ដើម្បីផ្តល់យុត្តិធម៌ជូនលោក ថោង សុខខៃ ដែលជាមន្ត្រីបំរើជាតិជាងពាក់កណ្តាលជីវិត សារព័ត៌មានសូមភ្ជាប់មកជា មួយនូវការអះអាងពីរឿងហេតុលោក ថោង សុខខៃ និងភរិយាឈ្មោះ យស់ លក្ខិណា ដែលលោករឿង សុខេង ជាបងបង្កើត និងជាបងថ្លៃសរសេរដោយដៃសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវកិត្ត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធ ពិសេសក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ឱ្យប្អូនប្រុសគាត់ដោយក្តីអនុរេគាះផងចុះ ។ ព្រោះបើពិតដូចការចោទប្រកាន់មែន គឺទាំងការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបរួមទាំងមន្ត្រីប៉ុស្តិ៍សុទ្ធសឹងតែពាក់ព័ន្ធ ទៅនឹងកំហុសឆ្គងនេះដូចគ្នា ដោយមិនអាចប្រកែកបាននោះឡើយ ៕