សាសនិក​ឥស្លាម​ប្រឆាំងការ​សម្រេច​ពុះដី​ព្រះវិហារ​បឹងកក់​ធ្វើផ្លូវ

សាសនិក​ឥស្លាម​ប្រឆាំងការ​សម្រេច​ពុះដី​ព្រះវិហារ​បឹងកក់​ធ្វើផ្លូវ

ដោយ ៖ ជាតិ
នៅក្នុង​សេចក្តី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ លេខ ១៤៦ លសរកប ​ចុះ​​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៣ ដាក់​កម្មវត្ថុ សម្រេច លើការ​បើកផ្លូវ កាត់ពុះដី​វីហារ​ឥស្លាម​បឹងកក់ ដោយ​​យោង​​​លើ លិខិត​លេខ ០០១/១៣ គសជគវ ចុះ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៣ របស់​គណៈ​កម្មការ​សម្រប​សម្រួល​ទទួល​ថវិកា ជំនួយ​របស់​រដ្ឋាភិ បល គុយវ៉ែត សម្រាប់អភិ វឌ្ឍន៍​មជ្ឈមណ្ឌល​ឥស្លាម​កម្ពុជា និង សាលារៀន ។

តាមការបញ្ជាក់ឱ្យដឹងពីលោក យ៉ា ណាសៀត ប្រធានអង្គការ ជួយជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ជនពិការឥស្លាមកម្ពុជា បាន ធ្វើការអះអាងថា គណៈកម្មការសម្រប​សម្រួល​ទទួល​ថវិកា ជំនួយរបស់រដ្ឋាភិបាលគុយវ៉ែត គឺក្នុងទិសដៅអភិវឌ្ឍន៍ មិនអាចធ្វើការ​សម្រេច​ចិត្តពុះដីព្រះវិហារ ក្នុងហេតុ​ផល​បើកផ្លូវឱ្យការអភិវឌ្ឍន៍របស់​ក្រុមហ៊ុនស៊ូកាគូអ៊ីន​បាននោះ​ឡើយ ។ ម៉្យាងវិញទៀត ប្លង់ដីព្រះវិហារឥស្លាមអន្តរជាតិ​បឹងកក់ជាជំនួយ​ទឹកប្រាក់ ៥ លានដុល្លារ អាមេរិករបស់ រដ្ឋាភិបាល គុយវ៉ែត មិនអាចបែងចែកឱ្យក្រុមហ៊ុន​ស៊ូកា​គូអ៊ីន​បាននោះឡើយ ប្រសិនបើមានការអនុវត្តតាមការម្រេច របស់​សាលា​រាជ​ធានី​ភ្នំពេញ មែននោះ លោក យ៉ា ណាសៀត អះអាងថា នឹងមានបាតុកម្មប្រឆាំងទៅ​នឹងការ​អនុវត្ត ។

តាមការបញ្ជាក់ឱ្យដឹងពីលោក យ៉ា ណាសៀត អ្នកដែលទទួលបានផលប្រយោជន៍​ពីក្រុម​ហ៊ុន ស៊ូកាគូអ៊ីន គឺលោក ឧស្ម័ន ហាសាន់ ព្រោះគណៈកម្មការពុំមានសិទ្ធិសម្រប​សម្រួល​ក្នុងការពុះដីព្រះវិហារ ដែលជាទីសក្ការៈរបស់​សាស​និក ឥស្លាមបាននោះឡើយ ។

លោក ស៊ិត អ៊ីប្រាហ៊ីម អតីតតំណាងរាស្ត្រក៏បានសម្តែងនូវការភ្ញាក់ផ្អើលផងដែរថា សាសនិក​ឥស្លាមទាំងអស់មិន គាំទ្រដល់ការពុះដីព្រះវិហារឥស្លាមបឹងកក់ ធ្វើផ្លូវសម្រាប់​បម្រើ​ឱ្យផលប្រយោជន៍ក្រុមហ៊ុន ស៊ូកាគូអ៊ីននោះឡើយ ។  ម៉្យាងវិញទៀត ការប្រើឈ្មោះ​គណៈកម្មាការទទួលជំនួយរបស់រដ្ឋាភិបាលគុយវ៉ែត គឺមានសទ្ធិត្រឹមអភិវឌ្ឍន៍បន្ថែម​​​នៅ​ក្នុង បរិវេណដីព្រះវិហារតែប៉ុណ្ណោះ ពុំអាចមានសិទ្ធិឱ្យលើសពីនេះបាននោះឡើយ ។ ដូច្នេះការប្រើ​ឈ្មោះគណៈ​កម្មការ គឺជាចេតនាបុគ្គលមានអំណាច​ដែលក្បត់ទៅ​នឹងបុព្វហេតុ​ពិតប្រាកដរបស់សាសនិក ឥស្លាមតែប៉ុណ្ណោះ៕

20130702na2_let

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 3544 La Presse Nationale. All rights reserved. XHTML / CSS Valid.