បន្ទាប់ពីសារព័ត៌មានជាតិធ្វើការចុះផ្សាយអត្ថបទ ‘‘ខ្មែរឥស្លាមនៅស្រុកស្នួលប្តឹងមន្ត្រីPMរំលោភយកដី’’ រួចមក ត្រូវបានក្រុមគ្រួសារលោកតា ម៉ាត់ ម៉ាន ដែលជាជនរងគ្រោះរំលឹកប្រាប់ពីដើមចមដែលបង្កឲ្យមានការរំលោភយកដី គឺផ្តើមចេញពីអតីតកូនប្រសារស្រីឈ្មោះនាង សារ សំភ័ស្ស ។ ម្យ៉ាងវិញទៀតនាង សារ សំភ័ស្ស ដែលជាអតីតកូនប្រសារលោកតា ម៉ាត់ ម៉ាន ក្រោយពីបានរស់នៅជាមួយប្តីដឹងថា ស្វាមីមានសតិមិនល្អ ដែលពាក្យខ្មែរហៅថា (មនុស្សមិនគ្រប់ទឹក) ក៏សម្រេចចាកចេញពីប្តីក្នុងន័យផ្តាច់ចំណងអាពាហ៍ពិពាហ៍តែម្តងទៅ ។
នៅពេលនាង សារ សំភ័ស្ស ដឹងថាកេរមរតកដីចម្ការឪពុកក្មេកជាពីរហិកតាចាប់ផ្តើមមានហាងឆេងគ្រាន់បើ ក៏សម្រេចចិត្តរត់ការដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទាមទារយកដោយសម្អាងថា ខ្លួនជាអតីតកូនប្រសារស្រី ។ ប៉ន្តែករណីប្តឹងទាមទាររបស់នាង សារ សំភ័ស្ស ត្រូវបានតុលាការសម្រេចទាត់ចោលដោយតម្រូវឲ្យរក្សាទុកនូវដីបង្កបង្ើនផលដែលលោកតា ម៉ាត់ ម៉ាន និងភរិយាធ្លាប់អាស្រ័យផល គឺមានសិទ្ធគ្រប់គ្រងលើដីរបស់គាត់តទៅទៀត ។ ចំណែកករណីនាង សារ សំភ័ស្សរស់នៅកន្លែងណាគឺកន្លែងនោះទៅ ។
ក្រោយមកដោយដឹងថាការតតាំងតាមផ្លូវច្បានមិនបានសម្រេច នាង សារ សំភ័ស្សស្វះស្វែងរកអ្នកមានអំណាចដោយពឹងពាក់ឈ្មោះ ម៉ៅ កៅស្លេះ មន្ត្រីPMស្នាក់ការ៧០៩ ធ្លាប់មានប្រវត្តិជាប់គុកដល់ទៅ៣ឆ្នាំឲ្យមករំលោភយកដីលោកតា ម៉ាត់ ម៉ាន ទាំងបំពានច្បាប់ ។ សកម្មភាពឈូសឆាយរំលោភយកដីពីលោក ម៉ៅ កៅស្លេះត្រូវបានបងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងភូមិ ជ្រោះជ្រៅពោធិសាល មានប្រតិកម្មរួមគ្នាផ្តិតមេដៃគាំទ្រទទូួលស្គាល់ថាជាដីលោកតាម៉ាត់ ម៉ាន អាយុ៨៥ឆ្នាំ និងភរិយាស្របច្បាប់ ។
ករណីរំលោភបំពានពីបន្ត្រីPM៧០៩ឈ្មោះ ម៉ៅ កៅស្លេះមកលើចាស់ជរាដែលជាពលរដ្ឋទន់ខ្សោយត្រូវបានសារព័ត៌មានធ្វើការបកអាក្រាត ទើបមានប្រតិកម្មពីឈ្មោះ ម៉ៅ កៅស្លេះ ប្រកាសទាំមទារប្រាក់កក់៣០០០ដុល្លាពីនាង សារ សំភ័ស្សមកវិញ ។ ប៉ុន្តែការទាំមទារនេះ ឈ្មោះនាង សារ សំភ័ស្សមិនមានលុយឲ្យតាមការព្រមព្រៀងជាលក្ខណៈបុគ្គលឡើយ ព្រោះវាជាអំពើឃុបឃិតដែលនាង សារ សំភ័ស្សប្រើឈ្មោះជាអតីតកូនប្រសារ លក់ដីឲ្យឈ្មោះ ម៉ៅ កៅស្លេះហើយពុំមានអាជ្ញាធរភូមិឃុំទទួលស្គាល់អ្វីឡើយ ។
ប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិជ្រោះជ្រៅពោធិសាល សំណូមពរឲ្យអាជ្ញាធរភូមិគឺលោកតា សុទ្ធ ត្រូវហ៊ានចេញមុខការពារប្រជាពលរដ្ឋទន់ខ្សោយដោយការរំលោភបំពានពីអ្នកមានអំណាចដូចករណីមន្ត្រីPM៧០៩ឈ្មោះ ម៉ៅ កៅស្លេះ ប្រើគ្រឿងចក្រមកឈូសឆាយរំលោភយកដីលោកតា ម៉ាត់ ម៉ាន និងភរិយាផង ទើបមានឈ្មោះជាមេភូមិបម្រើរាស្ត្រ ។ ពុំនោះទេរាស្ត្រខ្មែរឥស្លាមដែលរស់នៅប្រមូលផ្តុំក្នុងភូមិជ្រោះជ្រៅពោធិសាលពិតជាលែងគាំទ្រឲ្យមេភូមិ និងមេឃុំ២ធ្នូ បន្តអំណាចនៅអាណត្តិឆ្នាំ២០១៧ទៀតនោះឡើយ..! ចាំឲ្យច្បាស់ទៅ… ៕