លោក ហ៊ិន សាម៉ុន ភ្នាក់ងារយកព័ត៌មានឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រងការគំរាមឱ្យចូលខ្លួនទៅភ្លឺនៅតុលា ការខេត្តតាមទូរស័ព្ទចៅក្រម ម៉ៅ ស៊ីណា ដោយពុំមានដីកាកោះហៅអ្វីទាំងអស់ ។ តាមការអះអាងរបស់ចៅក្រម ម៉ៅ ស៊ីណា ថា ការកោះហៅនេះពាក់ព័ន្ធទៅនឹងឈ្មោះ ហ៊ិន សាម៉ុន បានដាក់កុងត្រូលយកលុយនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមការបញ្ជាពីអភិបាលខេត្តពោធិ៍សាត់ ។
ផ្អែកតាមការចោទប្រកាន់ក្រៅប្រព័ន្ធច្បាប់នេះ ត្រូវបានមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើតុំ បញ្ជាក់ឱ្យដឹង តាមទូរស័ព្ទថា ឈ្មោះ ហ៊ិន សាម៉ុន ពុំបានដាក់កុងត្រូលជជុះជម្រិតយកលុយដូចករណីលើកឡើងនេះទេ ។ ចំណែក លោក ស្រ៊ាវ ប្រធានបរិស្ថាននៅតំបន់យ៉ោក ក៏បញ្ជាក់ថា ឈ្មោះ ហ៊ិន សាម៉ុន ពុំដែលបានដាក់កុងត្រូលណាមួយ នៅក្នុងទឹកដីឃុំឈើតុំនោះឡើយ ។ នៅពេលដែលលោក ហ៊ិន សាម៉ុន ទៅសាកសួរដល់អភិបាលខេត្តលោក ម៉ៅ ធនិន ស្រាប់តែគាត់ឆ្លើយថា បើមិនដាក់ក៏ឱ្យវាចប់ត្រឹមហ្នឹងចុះ ប៉ុន្តែសូមកុំឱ្យចុះទៅតំបន់នោះទៀត ប្រយ័ត្នគ្រោះថ្នាក់ទៅវិញ ។
បើតាមការបញ្ជាក់ចេញពីអភិបាលខេត្តពោធិ៍សាត់ គឺជាចេតនាគំរាមអ្នកសារព័ត៌មានប៉ុស្តិ៍លេខ ៣ ដើម្បី ការពារឈ្មួញទុច្ចរិត ប្រព្រឹត្តបទល្មើសព្រៃឈើនៅចំណុចសសរស្តម្ភ ដែលមានឈ្មោះ សេន, ឈ្មោះ ហ៊ាង, ឈ្មោះ យុំ ដាក់ម៉ាស៊ីនរ៉ៃផង និងម៉ាស៊ីនអារខ្នាតតូចដូចឃើញក្នុងរូបភាពជាភស្តុតាងស្រាប់ ។
ជុំវិញករណីបទល្មើសព្រៃឈើនៅចំណុចសសរស្តម្ភក្នុងឃុំឈើតុំ ត្រូវបានគេស្គាល់ឈ្មោះ ឆាង ម៉ៅ ជាមេឈ្មួញធំដែលឃុបឃិតជាមួយនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឈើតុំ ឈ្មោះ សុខ ពិសិទ្ធ ជាអ្នកកាង ។ ព្រោះទាំងប្រភេទឈើប្រណីត និងឈើអាររហូតដល់កូនឈើគ្មានថៅកែឈើណាអាចលក់ចេញទៅឱ្យអ្នកផ្សេង បានក្រៅពីឈ្មោះ ឆាង ម៉ៅ មេឈ្មួញដុះស្លែនៅស្រុកក្រគរបានឡើយ ។
ដោយគេសន្និដ្ឋានបានថា អាចមានពាក់ព័ន្ធដល់អភិបាលខេត្តពោធិ៍សាត់ថែមទៀតផង ទើបមានការគំរាម តាមផ្លូវតុលាការទាំងបំពានឱ្យឈ្មោះ ហ៊ិន សាម៉ុន ចូលខ្លួនទៅបំភ្លឺនៅតុលាការតាមទូរស័ព្ទមកកាន់មេប៉ុស្តិ៍ដោយ គ្មានដីកាយ៉ាងដូច្នេះទៅវិញ ។
ជុំវិញករណីរំលោភបំពានច្បាប់ ក្រោមចំណាត់ការលោកចៅក្រម ម៉ៅ ស៊ីណា ខាងលើលោក ហ៊ិន សាម៉ុន អ្នកយកព័ត៌មានទូរស័ព្ទប៉ុស្តិ៍លេខ ៣ សំណូមពរឱ្យមានការស៊ើបអង្កេតពីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើ ពុករលួយ ទើបអាចផ្តល់សេរីភាពឱ្យអ្នកសារព័ត៌មានបាន ។ ពុំនោះទេ ករណីមន្ត្រីច្បាប់បំពានលើច្បាប់ដូចជា ចៅក្រម ម៉ៅ ស៊ីណា ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់សង្គមខ្មែរដែលប្រកាន់នីតិរដ្ឋជាមូលដ្ឋាន ក្នុងការដោះស្រាយឱ្យមានតម្លាភាពនៅក្នុងសង្គមប្រជាធិបតេយ្យដូចកម្ពុជានោះ ៕