ខេត្តរតនគិរី ៖ កាលពីខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះលោកផាត់ ប៊ុនហួរ បានការអនុញ្ញាតពីក្រុមហ៊ុនហងអានអណ្តូងមាស ស្រុកលំផាត់ អោយដាក់ម៉ាស៊ីនរ៉ៃអារជ្រៀកឈើដែលក្រុមហ៊ុនបានឈូសឆាយដីព្រៃក្នុងដែនវិនិយោគរបស់ខ្លួន។ ក៏ប៉ុន្តែក្រោយពីទទួលបានសិទ្ធដាក់ម៉ាស៊ីនរួចមក លោកផាត់ ប៊ុនហួរមិនបានគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុននោះឡើយ ពោលគឺលោកផាត់ ប៊ុនហ៊ួរ បានដើរប្រមូលទិញឈើពីតំបន់ផ្សេងៗ ដែលមិនស្របច្បាប់នៅក្បែរនោះ ដូចជាតំបន់ដែនជំរកសត្វព្រៃលំផាត់ ចំណុចអូរតាងរ៉ាង និងអូររ៉ៃ ដើម្បីយកមកអារជ្រៀកលក់ធ្វើអាជីវកម្មដោយគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវ ពីមន្ត្រីជំនាញដើម្បីបានបង់ពន្ធចូលរដ្ឋនោះឡើយ ហើយនេះជាបទល្មើសបំផ្លាញព្រៃការពារ និងអភិរក្សផងដែរ ។
ក្នុងនោះគេសង្កេតឃើញមានឈើជាច្រើនដែលដឹកចេញពីដែនជំរកសត្វព្រៃមានដូចជា សុក្រំ ឈើទាល ត្រាច ខ្វាវ ជាដើម ដែលមានមុខកាត់ធំៗ ក្នុងនោះក៏មានលួចបង្កប់ឈើប្រណិតដូចជាធ្នង់ នាងនួន ជាដើមដែរ ។ សកម្មភាពរបស់ឈ្មួញទុច្ចរិតខាងលើដែលបានកាប់បំផ្លាញនិងដឹកជញ្ជូនឈើនៅតំបន់ដែនជំរកសត្វព្រៃខាងលើនេះ គេសង្កេតឃើញបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ពុំដែលឃើញមានអាជ្ញាធរ ឫសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបម្តងណាឡើយ ទើបតែមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ គេឃើញមានកម្លាំងចម្រុះមួយក្រុមចុះទៅឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកឈើនៅចំណុចក្បាលស្ពានស្រែពកថ្មី ដែលមិនស្របច្បាប់ចេញពីក្រុមហ៊ុនហងអានស្រុកលំផាត់ ទៅលក់នៅខេត្តផ្សេងៗ ដើម្បីសួរនាំប៉ុន្តែមិនបានបង្ក្រាបទៅតាមផ្លូវច្បាប់នោះទេ ពុំដឹងថាមកពីមូលហេតុអ្វីនោះឡើយ។
ប៉ុន្តែប្រភពខ្លះបាននិយាយថា ឈើទាំង២រថយន្តខាងលើនេះជារថយន្តដឹកឈើរបស់មន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះ។
ជុំវិញការចោទប្រកាន់រឿងខាងលើនេះលោក ផាត់ ប៊ុនហួរ មិនអាចសុំការបកស្រាយបំភ្លឺបានទេការពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នេះដោយទូរស័ព្ទច្រើនដងហើយមិនចូល។
ទាក់ទិនទៅនិងរឿងខាងលើនេះដែលលោក អ៊ូរ សុធី នាយកដែនជំរកសត្វព្រៃលំផាត់ បានបញ្ជាក់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះថា រឿងក្រុមឈ្មួញដែលចូលកាប់ឈើ នៅក្នុងដែនជំរកសត្វព្រៃខាងលើនេះ លោកមិនសូវដឹងនោះទេ បើអ្នកសារពត៌មានបានដឹងសូមជួយប្រាប់ផង ព្រោះអ្នកសារព័ត៌មានអាចដឹងរឿងច្រើនជាងខ្ញុំ ។ (យកល្អ ក្រសួងបរិស្ថានដាក់ភ្នាក់ងារកាសែតជាតិ ឲ្យធ្វើជានាយកដែនជម្រកសត្វព្រៃ ទើបអាចការពារព្រៃឈើបាន) ។
ការធ្វើអាជីវកម្មអារឈើលក់របស់លោកផាត់ ប៊ុនហ៊ួរ ខាងលើនេះ លោកហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ទទួលបន្ទុក៣ស្រុក គឺស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង បានបញ្ជាក់អោយដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នេះតាមទូរស័ព្ទថា ក្រុមហ៊ុនហងអានអណ្តូងមាសនេះគឺស្ថិតនៅក្នុងដែនជំរកសត្វព្រៃលំផាត់តំបន់នោះគឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បើចង់សួរនាំរឿងនេះគឺត្រូវសួរនាំទៅមន្ត្រីដែនជំរកសត្វព្រៃទៅ។ សួរបន្តថា ចុះពេលឈ្មួញខាងលើដឹកជញ្ជូនឈើដែលអាររួចយកទៅលក់ធ្វើអាជីវកម្មតើលោកមានសិទ្ធត្រួតពិនិត្យទៅតាមច្បាប់ដើម្បីបង់ពន្ធចូលរដ្ឋដែរឬអត់ លោក ហុង វណ្ណរាន បានបញ្ជាក់ថា រឿងនេះចាំលោកត្រលប់មកពីភ្នំពេញវិញ ទើបអាចបញ្ជាក់ប្រាប់បាន ។
សរុបសេចក្តីទៅ រឿងបទល្មើសព្រៃឈើតែមួយ បែរជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លើយដាក់មន្ត្រីបរិស្ថាន ចំណែកឯមន្ត្រីបរិស្ថានឆ្លើយថា អ្នកសារព័ត៌មានដឹងច្រើនជាងខ្ញុំ ឲ្យជួយប្រាប់ផងទៅវិញ ចុះបើប្រាប់ពីមុខសញ្ញា ហើយនៅឆ្លើយយករួចខ្លួនបែបហ្នឹង តើទុកនាយកដែនជំរកសត្វព្រៃវាចំណេញអី្វខ្លះទៅ ..?៕
តាំង ឧសារ