ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើនរស់នៅតាមបណ្តោយផ្លូវវិថី ២ ធ្នូ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (តំបន់ពយកំពេញ) បាននាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹង ចូលទៅអាជ្ញាធរខេត្តឲ្យជូយធ្វើអន្តរាគមន៍ ចំពោះក្រុមហ៊ុន (ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណល ហូរថេល) ដែលកំពង់ធ្វើការពង្រីកផ្លូវ ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានកាយយកអាចដីនៅសង ខាង ផ្លូវជំរៅ ៣ ទៅ ៤ ម៉ែត្រ យកទៅចាក់បំពេញលើដីរបស់ខ្លូន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដោយលំនៅដ្ឋានប្រជាពលរដ្ឋទាំងនោះ អាចប្រឈមការបាក់ស្រុតគ្រប់ពេលវេលា ។
បងស្រី ថោង ពុទ្ធាវី អាយុ៣៦ឆ្នាំ តំណាងប្រជាពលរងគ្រោះខាងលើបាននិយាយរៀបរាប់ប្រាប់ ជាតិ ថា ប្រជាពលរដ្ឋមានសេចក្តីត្រេកអរខ្លាំងណាស់ ចំពោះគោលការអភិវឌ្ឍន៍ពង្រីកវិថី២ធ្នូ របស់អជ្ញាធរខេត្ត ទំហំសងខាងម្ខាង១២ម៉ែត្រ បន្ថែមលើផ្លូវចាស់ ដែលមានស្រាប់ធ្វើ ឲ្យផ្លូវបានធំទូលាយងាយស្រូល ក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសអាចលើកស្ទូយសោភណ្ណ័ភាព មុខមាត់ក្រុងទេសចរណ៍ ឆ្នេរសមុទ្រយើងបានមួយកំរិតបន្ថែមទៀតផងដែរ ។ ប៉ុន្តែចំពោះ ការសាងសង់ពង្រីកផ្លូវរបស់ក្រុមហ៊ុនខាងលើ បែបកាយយកអាចម៍ដីនៅសងខាងផ្លូវជំរៅ ៣ ទៅ ៤ ម៉ែត្រ ដូចនេះយើងខ្ញុំប្រជាពលរដ្ឋមិនគាំទ្រនោះឡើយ និងប្រឆាំងដាច់ខាត ពីព្រោះការកាយយកអាចម៍ដី ដ៏ជ្រៅបែបនេះ វាអាចបង្កផល ប៉ះពាល់បាក់ស្រុតលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរស់នៅ សងខាងផ្លូវគ្រប់ពេលវេលា ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានធ្វើសុំណូមពរទៅដល់អជ្ញាធរខេត្ត ឲ្យជូយអន្តរាគមន៍ចំពោះ ក្រុមហ៊ុនខាងលើដែលទទូលសិទ្ធិ សាងសង់ពង្រីកវិថី ២ ធ្នូនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះ អនុវត្តការស្ថាបនាផ្លូវ និងពង្រីកផ្លូវធ្វើទៅតាមស្ថានភាពផ្លូវ ដែលមានស្រាប់ ដើម្បីបញ្ជៀសផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋដែលកំពង់រស់នៅ ។
លោក អ៊ី ធារិន នាយករងការិយាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា ជុំវិញបញ្ហាបណ្តឹងប្រជាពលរដ្ឋសូមអន្តរាគមន៍ខាងលើនេះ អាជ្ញាធរខេត្តបានចុះទៅធ្វើការហាមឃាត់ និងផ្អាកការដ្ឋានសាងសង់ និងពង្រីកផ្លូវរបស់ក្រុមហ៊ុនខាងលើជាបណ្តោះអាសន្ន ហើយដើម្បី ឲ្យមន្ត្រី ជំនាញដែលពាក់ព័ន្ធសាងសង់ផ្លូវនេះ ធ្វើការសិក្សាឡើងវិញ ។
អភិបាលរងក្រុងព្រះសីហនុក៏បានមានប្រសាសន៍ផងដែរថាគំរោងពង្រីកផ្លូវបន្ថែមរបស់ក្រុមហ៊ុនខាងលើនេះធ្វើយ៉ាងណានោះ លោកមិនដឹងនោះទេ ពីព្រោះនេះជារឿងរបស់មន្ត្រីជំនាញ ហើយចំពោះការសូមអន្តរាគមន៍របស់ប្រជាពលរដ្ឋអាជ្ញាធរខេត្តកំពង់ធ្វើការដោះស្រាយហើយជាមួយ និងមន្ត្រីជំនាញ ។
គូរបញ្ជាក់ផងដែថា វិថី២ធ្នូនេះ ជាផ្លូវចាក់អ៊ុតកៅស៊ូយ៉ាងល្អប្រណិត ដែលមានស្រាប់សាងសង់ឡើង រាប់ស៊ិបឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន (ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល) មានគម្រោងធ្វើសណ្ឋាគារខ្នាតលំដាប់ផ្កាយប្រាំចំនូន៧០០បន្ទប់ នៅលើទីតាំងដីរបស់ខ្លូន ដែលស្ថិតនៅជាប់និងវិថី២ធ្នូនេះ ព្រមទាំងបានធ្វើការស្នើសុំធ្វើការពង្រីកវិថី២ធ្នូបន្ថែមប្រវែង៥០០ម៉ែត្រ ដោយទទឹងពង្រីកបន្ថែមទំហំ២០ម៉ែត្របូករូមលើទំហំចាស់ដែលមានស្រាប់។
ភាគីក្រុមហ៊ុនខាងលើក្រោយពីទទូលបានសិទ្ធិក្នុងការពង្រីកផ្លូវខាងលើនេះ រូចក៏បានចាប់ផ្តើមធ្វើការឈូសឆាយ រួចកាយយកអាចម៍ដីនៅសងខាងផ្លូវចំណុចខ្លះជំរៅ៣ម៉ែត្រ និងចំណុចខ្លះជំរៅ៤ម៉ែត្រ រួចហើយដឹកយកអាចម៍ដីទាំងនោះទៅចាក់បំពេញលើទីតាំងដីរបស់ខ្លូន នៅជាប់មាត់បឹងខាងក្រោយអូតែលសុខា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាប្តឹងតវ៉ាក្នុងពេលនោះតែម្តង ។ ពីព្រោះបើទុកឲ្យក្រុមហ៊ុននៅតែបន្តជីកយកដីផ្លូវបែបនេះតទៅទៀតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវច្បាស់ជាត្រូវបាក់ស្រុតរលំគ្រប់ពេលវេលាគេចមិនផុតនោះទេ ។
ជុំវិញបញ្ហាភាពមិនប្រក្រតីខាងលើនេះ បើតាមការលួចបង្ហើបប្រាប់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរសាធារណការណ៍ខេត្តព្រះសីហនុម្នាក់ថា ដោយសារតែផ្លូវនេះមានស្ថានភាពខ្ពស់ទាប មិនស្មើរគ្នា ហើយមានកំពស់ខ្ពស់ជាងទីតាំងដីក្រុមហ៊ុនដែលគ្រោងធ្វើការសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ ។ ហើយការកាយដីសំរុតចុះក្រោមដែលកន្លែងខ្លះជំរៅ៣ម៉ែត្រនិងកន្លែងខ្លះ៤ទៅ៥ម៉ែត្រនោះវាជាគំរោងរបស់ក្រុមហ៊ុនដែលគេបានសិក្សារូចហើយក្នុងគោលដៅធ្វើយ៉ាងណាឲ្យផ្លូវនេះបានរាបស្មើនិងដីក្រុមហ៊ុនដោយក្រុមហ៊ុននេះ គេមិនបានគិតពីផលប៉ះពាល់ផ្ទះសម្បែង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ ៕
ឆ្មាំសមុទ្រស