ខេត្តរតនគិរីៈ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ តុលាការ ខេត្តរតនគិរី បានធ្វើការ កោះហៅមន្ត្រី មាន សមត្ថកិច្ច ចំនួនពីរនាក់ ទី១ ឈ្មោះ រចំ អែម ហៅសាំង ជាមន្ត្រី យោធាវរៈការពារ ព្រំដែនលេខ១០២ មានឋានៈ ជាមេប៉ុស្តិ៍ ច្រករបៀង ភូមិភិ និងទី២ ឈ្មោះ ប៉យ ច្រូច ជាមន្ត្រីនគរបាល មានឋានៈ ជាមេប៉ុស្តិ៍ រដ្ឋបាលឃុំ ប៉ក់ញ៉ៃ ដើម្បីឲ្យចូលខ្លួន មកឆ្លើយបំភ្លឺ ចៅសាលាដំបូង ខេត្តរតនគិរី ពាក់ព័ន្ធទៅនឹង ករណី មិនអនុវត្តន៍ ទៅតាមបញ្ជា តួនាទី និងភារកិច្ចរបស់ខ្លួន បណ្តោយឲ្យ ជនបរទេស ចូលមកកាប់ឈើ ដោយខុសច្បាប់ នៅដែន សមត្ថកិច្ច គ្រប់គ្រង មើលការខុសត្រូវ របស់ខ្លួន ។ ដែលករណី មានជន បរទេស ដែលជាជនជាតិ វៀតណាម បានចូលមក កាប់ឈើ ខុសច្បាប់ ហើយត្រូវនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយ ជំនាញរដ្ឋបាល ព្រៃឈើ ស្រុកអូរយ៉ាដាវ ធ្វើការចាប់ និង ឃាត់ខ្លួន បានជនជាតិ វៀតណាម ចំនួន០៣នាក់រួមទាំងម៉ាស៊ីន ត្រង់ស៊ីន័រ បានចូលមក អារឈើខុសច្បាប់ នៅតំបន់ខាងលើ កាលពីខែវិច្ឆិកា កន្លងទៅនេះ ។ហើយក្រោយពី តុលាការ បានធ្វើការ សាកសួរបន្ថែម ដើម្បីជាការ ដាក់បន្ទុកទៅលើ មន្ត្រីមានសមត្ថកិច្ច ទាំង២នាក់ ខាងលើនោះ អស់រយៈពេល ជាច្រើនម៉ោង ដែលពាក់ព័ន្ធ ទៅនឹងការឃុបឃិត ត្រូវរ៉ូវគ្នា ឲ្យជនបរទេស ចូលមក កាប់ឈើ ដោយខុសច្បាប់ ចូលតាមច្រក របៀងដែលខ្លួន ជាអ្នកទទួលខុសត្រូវ ។ ជាចុងក្រោយ ចៅក្រមស៊ើបសួរ ចេញដីការ ឃុំខ្លួនជនសង្ស័យ ដែលជាមន្ត្រី មានសមត្ថកិច្ច ទាំង២នាក់នេះ ឲ្យជាប់ឃុំ ជាបណ្តោះអាសន្ន នៅពន្ធនាគារ ភ្នំស្វាយ ខេត្តរតនគិរី ដើម្បីធ្វើការ ស្រាវជ្រាវបន្ត ហើយបើរកឃើញថា ជនសង្ស័យ ដែលជាមន្ត្រី មានសមត្ថកិច្ច ទាំង២នាក់នេះ មានកំហុស ត្រូវប្រឈមមុខ នឹងការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៕
ដោយៈ តាំង ឧសារ