ម៉ូតូវ៉េវឆ្លាម ដឹកឈើប្រណិត ខុសច្បាប់ បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់

ម៉ូតូវ៉េវឆ្លាម ដឹកឈើប្រណិត ខុសច្បាប់ បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់

ខេត្តរតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលពីវេលា ម៉ោង១ និង១០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុច ទួលបឹងកំសាន្ត ស្ថិតនៅ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រវាងម៉ូតូវ៉េវឆ្លាម ដឹកឈើ បុកជាមួយ ម៉ូតូវ៉េវ យ៉ាងពេញទំហឹង ទិសដៅបញ្ច្រាស ទិសគ្នា បណ្តាលឲ្យ បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។

បើតាមការ ឲ្យដឹងពី មន្ត្រីនគរបាល ប៉ុស្តិ៍បឹងកន្សែង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈាង ឈៀន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថារងជង ឃុំអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរម្នាក់ឯង ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ កន្លែងកើតហេតុ ក៏បានបុក ជាមួយម៉ូតូ មួយគ្រឿងទៀត ក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្តាលឲ្យដួល បោកបាក់ក ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ​។ ចំណែកជន បង្កហេតុមាន ឈ្មោះ តាកុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ​មានទីលំនៅ ដូចជនរងគ្រោះដែរ ជិះម៉ូតូម៉ាក វ៉េវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកឈើ ប្រណិតពេញ ក្នុងទិសដៅ ពីជើងទៅត្បូង (មកក្រុងបានលុង) លុះមកដល់ កន្លែងកើតហេតុ ក៏បានបុក ជាមួយជនរងគ្រោះ តែម្តង​ទៅ ហើយបានរត់ គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។

ក្រោយពីកើត ហេតុរួច ប៉ូលិសចរាចរណ៍ និងប៉ូលិស ប៉ុស្តិ៍បឹងកន្សែង ក៏បានមកដល់ ធ្វើការវាស់វែង និង​ហៅរថយន្ត សង្គ្រោះ មកដឹកជនរងគ្រោះ តែជាអកុសល ជនរងគ្រោះ បានស្លាប់ បាត់បង់ជីវិត ទៅហើយ​ចំណែកម៉ូតូ ទាំង២គ្រឿង ត្រូវយកទៅ រក្សាទុកនៅ ស្នងការនគរបាល ខេត្តដើម្បី ដោះស្រាយ ទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្នសាកសព ជនរងគ្រោះ សមត្ថកិច្ចបាន ប្រគល់ទៅឲ្យ ក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យនៅផ្ទះ ទៅតាមប្រពៃណី ផងដែរ ។

បើតាមប្រភព ព័ត៌មានពី ប្រជាពលរដ្ឋ បាននិយាយថា ករណីម៉ូតូ ដឹកឈើនេះ តែងតែមាន មនុស្សស្លាប់ ជាហូរហែ ជូនកាលដួលស្លាប់ ឫបុកគេស្លាប់ ប៉ុន្តែអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច មិនមាន វិធានការ ទប់ស្កាត់ និងបង្ក្រាប ទាល់តែសោះ នៅតែបណ្តែត បណ្តោយ ឲ្យម៉ូតូដឹកឈើ របស់ឈ្មួញ ដឹកបានយ៉ាងរលូន ។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ម៉ូតូដឹកឈើ ដែលបង្កឲ្យ មានមនុស្សស្លាប់ ខាងលើនេះ ត្រូវគេបាន ស្គាល់ថា គឺជាក្បូនម៉ូតូ របស់មេឈ្មួញ ឈ្មោះ ចែណាន នៅស្រុកអូរជុំ ដែលតែងតែ ដឹក​ជញ្ជូនឈើ​ចេញពី ស្រុកវ៉ើនសៃ និងស្រុកអូរជុំ យកមកលក់នៅ ក្រុងបានលុង តាមសិប្បកម្ម ឫលក់ ឲ្យឈ្មួញ មួយ​ចំនួន​ទៀត ដែលដឹកបន្ត ទៅលក់នៅប្រទេស វៀតណាម ជាក់ស្តែងកាលពី ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆការ ឆ្នាំ២០១៤ ​វេលាម៉ោង៤ និង៥នាទី រសៀលកន្លងទៅនេះ មានម៉ូតូ ដឹកឈើ របស់កូនចៅ ចែណាន បានដួលស្លាប់ នៅចំណុច ជិតផ្លូវបំបែក កាចូន ផងដែរ ។

គួរបញ្ជាក់ផងថា ជារៀងរាល់ថ្ងៃ គេតែងតែ ឃើញម៉ូតូដឹកឈើ ប្រណិតរបស់ ក្រុមឈ្មួញ ធ្វើចរាចរណ៍ ដឹកចេញពី ស្រុកវ៉ើនសៃ ស្រុកតាវែង ដោយឆ្លងកាត់ ស្រុកអូរជុំ ក្នុង១ថ្ងៃ មិនក្រោមពី៤០ ទៅ៥០គ្រឿងនោះទេ ប៉ុន្តែអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ជាពិសេស ជំនាញរដ្ឋបាល ព្រៃឈើ ហាក់គ្មាន វិធានការ បង្ក្រាបទាល់តែសោះ ព្រោះថា នៅតាមដងផ្លូវ ស្រុកអូរជុំ នេះគេឃើញ មានសមត្ថកិច្ច គ្រប់ស្ថាប័ន ស្អេចស្អះ ដូចម្រាមដៃអញ្ចឹង ៕

ដោយៈ តាំង ឧសារ

e r w

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.