ខេត្តរតនគិរីៈ ជនដៃដល់ ម្នាក់ឈ្មោះ ផាត់ ពឿន ហៅ វ៉ា និងអ្នករួមគំនិត ចំនួន៧ នាក់ទៀត ដែលត្រូវ សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្តរតនគិរី សហការណ៍ ជាមួយ សមត្ថកិច្ចមូលដ្ឋាន ធ្វើការ ឃាត់ខ្លួន បានកាលពី ថ្ងៃកើតហេតុ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនោះ ។ ប៉ុន្តែជនដៃដល់ ឈ្មោះ ផាត់ ពឿន ហៅ វ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដែលមាន ស្រុកកំណើត ភូមិ៧៦ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម នាពេលកើតហេតុ ជនដៃដល់ ក៏បានរត់គេចខ្លួន បាត់ស្រ-មោល ប៉ុន្តែដោយសារតែ មានការ យកចិត្តទុកដាក់ ចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ ស្នងការខេត្ត និងដឹកនាំ បញ្ជាកម្លាំង ស្រាវជ្រាវដោយ លោកវរសេនីយ៍ឯក ផែន ឌីណា ស្នងការរង ទទួលផែន កណ្តាល ព្រហ្មទណ្ឌ បានកំណត់ មុខសញ្ញា ជនសង្ស័យ ដែលគេចខ្លួន ហើយឈ្មោះ ផាត់ ពឿន ហៅ វ៉ា ដែលជាជន ដៃដល់ទៅ សម្ងំលាក់ខ្លួននៅ ទឹកដីប្រទេសថៃ ជាប់ព្រំដែន ខេត្តកោះកុង ហើយកម្លាំង ជំនាញនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តរតនគិរី ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ផែន ឌីណា ស្នងការរង ទទួលផែនកណ្តាល ព្រហ្មទណ្ឌ ខេត្តរតនគិរី សហការណ៍ ជាមួយនឹងសមត្ថកិច្ច ខេត្តកោះកុង ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផាត់ ពឿន បញ្ជូនមកស្នងការ នគរបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ។ ក្រោយពីធ្វើការ សាកសួរបន្ថែម ទៅលើ កំណត់ហេតុចាស់ ជនសង្ស័យបានឆ្លើយ សារភាពថា ពិតជាបាន ប្រព្រឹត្តប្រាកដមែន ហើយនៅព្រឹក ម៉ោង១០ និង១០នាទីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបាន សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បញ្ជូនទៅតុលាការ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ កន្លងទៅមាន ករណីឃាតកម្ម កាប់នឹងកាំបិត បណ្តាលឲ្យ ដាច់កស្លាប់ ដោយសារតែ មានទំនាស់ព្រំដី និងការភ្ជួរប៉ះ កូនកៅស៊ូ នៅចំណុចភូមិកាជូកលើ ឃុំញ៉ាង ស្រុកអណ្តូងមាស រហូតដល់ កើតមានទំនាស់ ប្រើអំពើហឹង្សា ដែលជាហេតុ ធ្វើឲ្យក្រុមជនដៃដល់ បានលើកគ្នា មានឪពុក កូន និងក្មួយបាន ប្រើកាំបិតខ្វែវវែង កាប់ជនរងគ្រោះ ឈ្មោះ សៀក លីន អាយុ៤៩ឆ្នាំ ដាច់កស្លាប់ នៅនឹងចំការ កន្លែងកើតហេតុ នោះតែម្តង ៕
ដោយៈ តាំង ឧសារ