ខេត្តរតនគិរី ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៨និង៥នាទីព្រឹក កម្លាំងចម្រុះរួមមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(ហៅវ៉ាយអ៉េត) កងរាជាអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត រដ្ឋបាលព្រៃឈើរួមនិងគណៈគ្រប់គ្រងផ្សារបានលុង បានលួចឆ្មកចូលទីតាំងកន្លែងដាក់លក់សត្វព្រៃយ៉ាងអាណាធិបតេយ្យចំនួន៤កន្លែងនៅផ្សារបានលុងដែលទីតាំងទី១មានម្ចាស់ឈ្មោះ វ៉ាន់ ធាវីភេទស្រី អាយុ២៨ឆ្នាំ ទី២ឈ្មោះ ឡៃ ស៊ីណា ភេទស្រី អាយុ៣៤ឆ្នាំ ទី៣ឈ្មោះសេង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ និងទីតាំងទី៤ដែលជាកន្លែងដាក់តាំងលក់សាច់សត្វព្រៃច្រើនជាងគេ តែត្រូវម្ចាស់ហាក់បីដូចជាដឹងខ្លួនជាមុនក៏បានរត់គេចខ្លួនបាត់ នៅសល់តែសាច់សត្វព្រៃនៅទីកន្លែងនោះ។ ហើយសមត្ថកិច្ចបានធ្វើការរឹបអូសសាច់សត្វព្រៃពីទីតាំងដែលបានម្ចាស់ដាក់លក់យ៉ាងអាណាធិតេយ្យទាំង៤កន្លែងនោះបានចំនួន១៨៣,៨គីឡូក្រាម រួមមានសាច់ជ្រូកព្រៃស្រស់ សាច់ឈ្លូសស្រស់ សាច់ប្រម៉ាស្រស់ និងសត្វអាញីក្រៀម១ រួមជាមួយម្ចាស់ទាំង៣នាក់នោះយកមកទីស្នាក់ការផ្សារបានលុង ដើម្បីធ្វើការសួរនាំនិងធ្វើការកំណត់ហេតុ បញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្តទៅតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរទីតាំងកន្លែងដែលដាក់លក់សាច់សត្វព្រៃទាំង៤កន្លែងខាងលើនោះគេតែងតែសង្កេតឃើញថាបានដាក់លក់សាច់សត្វព្រៃយ៉ាងអាណាធិតេយ្យជារៀងរាល់ថ្ងៃ ដោយគ្មានកោតញញើតនិងសមត្ថកិច្ចឡើយ រឺជំនាញពាក់ព័ន្ធ ហើយសាច់សត្វព្រៃទាំងអស់នោះគេបានទទួលទិញពីម៉ូយផ្សេងតាមភូមិ ឫអ្នកបរបាញ់ យកមកលក់អោយដល់ផ្ទះ ឫដល់ន្លែងផ្សារនេះតែម្តងដោយគេថ្លឹងទិញលក់យ៉ាងសំញ៉ែង ហើយកន្លែងខ្លះបានដាក់តាំងលក់តិចតួច ប៉ុន្តែបើអ្នកទិញចង់បានច្រើនគេយកមកអោយភ្លាម ហើយគេមានទុកដាក់នៅកន្លែងផ្សេង ឫនៅផ្ទះគេ។ ហើយករណីបង្ក្រាប់ការដាក់តាំងលក់សាច់សត្វព្រៃនៅផ្សារបានលុងនេះមិនមែនជាលើកទី១ដែរ គឺបានបង្ក្រាបជារៀងរាល់លើកមកហើយ ប៉ុន្តែអ្នកដែលប្រករបររកស៊ីជួញដូរសត្វព្រៃនៅតែមិនរៀងចាល់ឡើយ៕
តាំង ឧសារ