ប្រជាពលរដ្ឋ រាប់សិបគ្រួសារ នៅឃុំ ថ្មដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ កំពុងរងការគម្រាម យកដីពួកគាត់ ពីសំណាក់ អាជ្ញាធរស្រុក វាលវែង និងអាជ្ញាធរខេត្ត ពោធិ៍សាត់ ។ សកម្មភាព គម្រាម យកដីពលរដ្ឋ នាថ្ងៃទី ២១ ខែ វិច្ឋិការ ឆ្នាំ២០១៤នេះ ស្របពេលដែលដី មានតម្លៃខ្ពស់ តាមការបើក ច្រកទ្វារ អន្តរជាតិ នៅឃុំ ថ្មដា ដែលប្រមុខ រាជរដ្ឋាភិបាល កម្ពុជា-ថៃ បានឯកភាពគ្នា កាលពីពេលថ្មីៗនេះ ។
ប្រជាពលរដ្ឋ បានធ្វើការ អះអាងថា ពួកគីាត់បាន មករស់នៅ តាំងពីឆ្នាំ ១៩៩៩ ដោយមានលិខិតបញ្ជាក់ ពីអាជ្ញាធរ ភូមិឃុំ លើពាក្យស្នើសុំ កាន់កាប់ដី ដោយអ្នកខ្លះ ទទួលបាន សលាកបត្រ ដែលបញ្ជាក់ ពីក្រុមនិស្សិត ចុះវាស់វែងដី ថែមទៀតផង ។ សកម្មភាព អាជ្ញាធរ ដែលប្រើកម្លាំង កងរាជអាវុធហត្ថ និងនគរបាល មកឈូសឆាយដី ប្រជាពលរដ្ឋ នាពេលនេះ គឺជាសញ្ញា បង្ហាញយ៉ាងច្បាស់ថា ពួកអ្នកមាន អំណាច កំពុងប្លន់យក ដីពលរដ្ឋ ដោយឥតគោរព ច្បាប់អ្វីនោះឡើយ ។
សកម្មភាព របស់អាជ្ញាធរ ស្រុក វាលវែងដ និងអាជ្ញាធរខេត្ត ពោធិ៍សាត់ នាពេលនេះ បាន គម្រាមកំហែង ប្រជាពលរដ្ឋ មិនឲ្យចេញមុខ តវ៉ាឡើយ ដោយប្រើកម្លាំង ប្រកាស ឲ្យពលរដ្ឋមាន ការភិតភ័យថា បើអ្នកណា ចេញមុខតវ៉ា នឹងត្រូវវាយខ្នោះ ញាត់គុកតែម្តង ។ ចំណែកភ្នាក់ងារ សារព័ត៌មានជាតិ ដែលចុះទៅ យកព័ត៌មាន នៅផ្ទះប្រជាពលរដ្ឋ ក៏ត្រូវកម្លាំង កងរាជអាវុធហត្ថ ស្រុក និងខេត្តធ្វើការ ឡោមព័ទ្ធដែរ មិនដឹងថា កម្លាំងអស់ទាំងនោះ មានចេតនា គម្រាមអ្នកការសែត មិនឲ្យចុះយក ព័ត៌មាន ដើម្បីបិទបាំង អំពើទុច្ចរិត របស់ក្រុមអាជ្ញាធរ ស្រុកនិងខេត្ត ៕