រថយន្ត ដឹកឈើប្រណិត ខុសច្បាប់ ចំនួន២គ្រឿង របស់មេឈ្មួញ ដុះស្លែម្នាក់ នៅក្រុង បានលុង ត្រូវសមត្ថកិច្ច ធ្វើការបង្ក្រាប បានទាំងយប់

រថយន្ត ដឹកឈើប្រណិត ខុសច្បាប់ ចំនួន២គ្រឿង របស់មេឈ្មួញ ដុះស្លែម្នាក់ នៅក្រុង បានលុង ត្រូវសមត្ថកិច្ច ធ្វើការបង្ក្រាប បានទាំងយប់

ខេត្តរតនគិរីៈ បើទោះបីជា មានសមត្ថកិច្ច ស្អេកស្អះ គ្រប់ស្ថាប័ន នៅតាមដងផ្លូវ ក៏ដូចជា តាមបណ្តាស្រុក បានបង្កើត គណៈបញ្ជាការ ឯកភាពស្រុក ដើម្បីគ្រប់គ្រង ស្ថានការ និងទប់ស្កាត់ រាល់ការធ្វើ ចរាចរ ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ យ៉ាងណាក៏ដោយ នៅតែមាន ក្រុមឈ្មួញ មួយចំនួន ធ្វើការដឹក ជញ្ជូនឈើ ប្រណិត​ខុសច្បាប់ បានយ៉ាងរលូន ដោយឆ្លងកាត់ ដែនសមត្ថកិច្ច ទាំងអស់នោះ បានទៀត ជាហេតុធ្វើឲ្យ ប្រជា​ពលរដ្ឋ មានការ ងឿងឆ្ងល់ ហើយចោទ ជាសំនួរថា ចុះហេតុអ្វី បានជាក្រុម ឈ្មួញទាំងនោះ នៅតែហ៊ាន ដឹក​ជញ្ជូន ឈើប្រណិត ខុសច្បាប់ទៀត ។

ជាក់ស្តែង ដូចជានៅ យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១ រំលងអាធ្រាត មានរថយន្ត តាកូម៉ា១ បាំងកន្លះ ១គ្រឿង និងរថយន្ត កាមរី ស្វិត១គ្រឿង បាន​ធ្វើចរាចរ ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ យ៉ាងសកម្ម ដែលគេស្គាល់ថា ជារថយន្ត ដឹកឈើរបស់ មេឈ្មួញឈ្មោះ តុ ដែលមានប្រពន្ធឈ្មោះ លាក់ នៅក្រុង បានលុង បានធ្វើចរាចរ ដឹកជញ្ជូន ឈើចេញ ពីដែនជម្រក សត្វព្រៃ លំផាត់​តាមផ្លូវជាតិ លេខ៧៦​ឆ្លងកាត់ ស្ពានថ្មី ស្រុកលំផាត់ ហើយនេះ ក៏មិនមែន ជាលើកទី១ដែរ​ ក៏ត្រូវ​សមត្ថ​កិច្ច ​ចុះបង្ក្រាប បានតែម្តង ហើយអាចនឹង មានឈ្មួញមួយ ចំនួនទៀត ក៏ធ្វើ ចរាចរ ដឹកជញ្ជូន តាមភូមិសាស្ត្រ​នេះដែរ ប៉ុន្តែថ្ងៃនេះ យ៉ីអ៊ុនរបស់ ឈ្មួញឈ្មោះ តុ មិនសូវល្អ ក៏ត្រូវជាប់ អន្ទាក់របស់ សមត្ថកិច្ច ។ បើតាមប្រភព​ពីប្រជាពលរដ្ឋ បាននិយាយ ដូចៗគ្នាថា បើឈ្មួញហ៊ាន ដឹកឈើ ទ្រុងទ្រាយ ដូចនេះ គឺអាចរត់ការ ជាមួយ សមត្ថកិច្ច ​តាមដងផ្លូវ ទើបអាចដឹកបាន ប៉ុន្តែការបង្ក្រាប រថយន្ត ទាំង២គ្រឿងនេះ អាចមាន សមត្ថកិច្ចខ្លះ មិនបាន ​ទទួលលាភសក្ការៈ រឺមានបញ្ហា ផ្ទៃក្នុងនៅក្នុង សមត្ថកិច្ច ចម្រុះនោះហើយ មើលទៅ ទើបឈានដល់ ការ​បង្ក្រាបនេះ ។

ប្រភពដដែល បានបន្តឲ្យដឹង ទៀតថា នៅចំណុច ភូមិសាស្ត្រ ស្រុកលំផាត់នេះ ក្រុមឈ្មួញ កំពុង​តែធ្វើចរាចរ ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់យ៉ាង អាណាធិបតេយ្យ ដោយឈើប្រណិត ទាំងអស់នេះ ដឹក​ចេញពីដែន ជម្រក សត្វព្រៃ លំផាត់ ឫដឹកចេញ ពីស្រុក កោះញែក ខេត្តមណ្ឌលគិរី តាមផ្លូវជាតិ លេខ៧៦ ឆ្លង​កាត់ស្រុក លំផាត់ កាត់តាមឃុំ សមុទ្រសេដា​ ចេញតាម ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ យកទៅលក់ នៅ​ប្រទេស​វៀតណាម ហើយខ្លះទៀត ធ្វើចរាចរ តាមផ្លូវទឹក ដោយដឹក តាមទូក ឫកាណូត ចេញពីស្រុកកោះ​ញែក តាមទន្លេ កោះមយើល ឡើងនៅត្រង់ ព្រំប្រទល់ ស្រុកអូរយ៉ាដាវ បរកែវ លំផាត់ ហើយដឹកចេញ យក​ទៅលក់នៅ ប្រទេសវៀតណាម តាមច្រករបៀង តូចៗនៅស្រុក អូរយ៉ាដាវ នោះតែ ម្តង គេសង្កេត ឃើញថា​កម្រមាន សមត្ថកិច្ច ឫមន្ត្រីការពារ ដែនជម្រក សត្វព្រៃធ្វើ ការបង្ក្រាប បានម្តង ណាឡើយ ។

ទាក់ទិនទៅនឹង ការបង្ក្រាប បានរថយន្ត ដឹកឈើប្រណិត ខុសច្បាប់ ចំនួន២គ្រឿង ដែលកម្លាំង ចម្រុះរបស់ គណៈបញ្ជាការ ឯកភាពស្រុក សហការជាមួយ កម្លាំងការពារ ដែនជម្រក សត្វព្រៃ លំផាត់ ធ្វើការបង្ក្រាប​បាននេះ លោក អ៊ូរ សុធី នាយកដែន ជម្រកសត្វព្រៃ លំផាត់ បាននិយាយថា ឈើនេះដឹក ចេញពីស្រុក កោះញែក ដោយឆ្លងកាត់ ដែនជម្រក សត្វព្រៃ លំផាត់ តែប៉ុណ្ណោះ​ហើយបច្ចុប្បន្ន រថយន្ត ទាំង២គ្រឿង និងឈើប្រណិត ត្រូវ​បាន​យក មករក្សាទុក នៅទីស្នាក់ការ ដែនជម្រកសត្វព្រៃ លំផាត់ ដើម្បីចាត់ការ បន្តទៅតាម ​និតិ​វិធី​ច្បាប់ ​ចំណែក ឈើប្រណិត ដែលធ្វើការ រឹបអូសបាន មានចំនួន ជិតមួយ ម៉ែត្រគូប ៕

ដោយៈ តាំង ឧសារ

 

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.