ខេត្តរតនគិរីៈ បើទោះបីជា សមត្ថកិច្ច ធ្វើការរឹបបណ្តឹង និងបង្ក្រាប ការដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ យ៉ាណាក៏ដោយ ក៏នៅតែ មានឈ្មួញ ខិលខូច មួយចំនួន ឆ្លៀតឱកាស ធ្វើការ ដឹកជញ្ជូន យកមក លាក់ទុក និងដឹកជញ្ជូន យកទៅលក់ ឲ្យឈ្មួញ នៅក្រុង បានលុង ឫយកទៅលក់ នៅប្រទេស វៀតណាម ដោយឈ្មួញ ទាំងនោះ ហាក់បីដូចជា មិនញញើត កោតខ្លាច សមត្ថកិច្ច នោះឡើយ ។
ជាក់ស្តែង ដូចជានៅ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៩ព្រឹក នៅចំណុច វាលឆ្កែហត់ ស្ថិតនៅភូមិ៣ ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ក្រុមឈ្មួញ បានលួចលាក់ ដឹកជញ្ជូន ឈើប្រណិតខុសច្បាប់ ចំនួន៥០ដុំ យកមក លាក់ទុក ប៉ុន្តែយ៉ីអ៊ុន មិនល្អ ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវ រកឃើញ និងធ្វើការ រឹបអូស យកមករក្សាទុក នៅផ្នែករដ្ឋបាល ព្រៃឈើ លំផាត់តែម្តង ។
បើតាមការ ឲ្យដឹងពី លោក រស់ វណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកកូនមុំ បានប្រាប់ ឲ្យដឹងថា ឈើប្រណិត ខុសច្បាប់ ដែលរឹបអូសបាន ខាងលើនេះ ដោយសារ កម្លាំងរបស់ លោកធ្វើការ ស្រាវជ្រាវ រកឃើញ និងសហការ ជាមួយកម្លាំង សមត្ថកិច្ច ចម្រុះស្រុក កូនមុំ រួមសហការ ជាមួយជំនាញ រដ្ឋបាលព្រៃឈើ លំផាត់ ចុះធ្វើការ បង្ក្រាបដល់ ទីតាំងដែល ឈ្មួញលួចលាក់ នេះតែម្តង ។
លោក រស់ វណ្ណា បានបន្តទៀតថា ឈ្មួញដែល រកស៊ីបទល្មើស ព្រៃឈើនេះ សុទ្ធតែមាន ល្បិចប្រើ គ្រប់រូបភាព ប្តូរផ្លាស់ទីតាំង គ្រប់ទីកន្លែង ហើយគំនរឈើ ដែលធ្វើការ រឹបអូសបាននេះ ជាទីតាំងថ្មី ដែលឈ្មួញ ទើបតែយក មកលាក់ទុក ក៏ត្រូវសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកឃើញ និងធ្វើការ បង្ក្រាបរឹបអូស យកទៅតាម និតិវិធីច្បាប់ ហើយឈើ ដែលរឹបអូស បាននេះ មានចំនួន៥០ដុំ ដែលមាន មុខកាត់២០ឃ្លុំ ១៥ឃ្លុំ ប្រវែង១ម៉ែត្រ ២តឹក ១ម៉ែត្រ៨តឹក ។
លោក រស់ វណ្ណា បានបញ្ជាក់ ទៀតថា ក្នុងការចុះ បង្ក្រាបទីតាំង លួចលាក់ឈើ ប្រណិត ខុសច្បាប់ ខាងលើនេះ ម្ចាស់ឈើ មិនមានវត្តមាន នៅទីនោះទេ ប៉ុន្តែលោក នឹងធ្វើការ ស្រាវជ្រាវ រកម្ចាស់មក ចាត់ការទៅ តាមនិតិវិធីច្បាប់ លោកនិយាយ ទៀតថា បើសិនជា ក្រុមនៅតែ បន្តសកម្មភាព លួចលាក់ ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ទៀត លោកនឹងធ្វើ ការបង្ក្រាប ឲ្យដូចភ្លៀងរលឹម ។