ដោយ ៖ សៀន ចិន
ជារៀងរាល់យប់មានប្រភេទគោយន្តកន្ត្រៃរាប់សិបគ្រឿងដោយក្នុងមួយគ្រឿងៗ អាចផ្ទុកឈើបានរហូតដល់ ៤ម៉ែត្រ គូប បានដឹកឆ្លងកាត់ស្រុកស្វាយលើ បានដោយសេរី អត់មានកម្លាំងមេព្រៃ និងកងរាជអាវុធហត្ថដែលឈរជើងតាមផ្លូវជាតិ លេខ ៦៧ ធ្វើការបង្ក្រាបអ្វីនោះឡើយ ។ បទល្មើសព្រៃឈើដែលដឹកឆ្លងកាត់ស្រុកស្វាយលើ ត្រូវបានគេអះអាងថា បានជា មេព្រៃ និងកងរាជអាវុធហត្ថមិនបង្ក្រាប ព្រោះថា មានការពាក់ព័ន្ធជាមួយចៅហ្វាយស្រុកស្វាយលើតែម្តងជាអ្នកកាង ។
ជាក់ស្តែងនៅពេលអ្នកសារព័ត៌មានរាយការណ៍ទៅកម្លាំងកងអាវុធហត្ថ និងមេព្រៃម្តងៗ គឺអត់មានកម្លាំងជំនាញ ចេញមុខទប់ស្កាត់អ្វីទាំងអស់ ដោយគ្រាន់តែឆ្លើយថា ជាប់រវល់ គឺបិទទូរស័ព្ទតែម្តង ។ មានការបញ្ជាក់ឱ្យដឹងថា ក្រោមអំណាចលោកចៅហ្វាយស្រុកស្វាយលើបានចេញបទបញ្ជាព្រមានដល់អ្នកកាសែតណាដែលតាមប្រមាញ់បទល្មើសដឹក ឈើតាមគោយន្តថែមទៀតផង ទើបក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ដោយសូម្បីតែកម្លាំងកងរាជអាវុធហត្ថក៏មិន ហ៊ានចេញមុខបង្ក្រាបបទល្មើសព្រៃឈើដែលដឹកពេញផ្លូងឆ្លងកាត់ស្នាក់ការខ្លួនបែបហ្នឹង ។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកស្វាយលើបានឱ្យដឹងថា ឈើដែលដឹកតាមគោយន្ត គឺដឹកចេញពីព្រៃអភិរក្ស ប៉ុន្តែមន្ត្រី ជំនាញរួមទាំងកម្លាំងកងរាជអាវុធហត្ថ បែរជាមិនហ៊ានបង្ក្រាបទៅវិញ ។ ម្យ៉ាងវិញទៀត ក្រុមអ្នកដឹកឈើតាមគោយន្ត ចេញពីតំបន់ព្រៃអភិរក្សមានការសង្ស័យថា គ្រាន់តែជាអ្នករកស៊ីដឹកជញ្ជូនឱ្យមេឈ្មួញធំតែប៉ុណ្ណោះ ទើបកម្លាំងជំនាញ និងកងរាជអាវុធហត្ថមិនហ៊ានបង្ក្រាបរហូតចាត់ទុកអ្នកសារព័ត៌មានជាសត្រូវបែបហ្នឹង មិនឱ្យថាចៅហ្វាយស្រុកស្វាយលើ ជាអ្នកស្ថិតនៅពីក្រោយបទល្មើសដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងបែបហ្នឹងយ៉ាងដូចម្តេចកើត ៕
ចៅហ្វាយស្រុកស្វាយលើព្រមានអ្នកកាសែតដើម្បីឃុបឃិតបទល្មើសព្រៃឈើ

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏ព័ត៌មានថ្មី