​ពលរដ្ឋ​រងគ្រោះ​ចោទ​លោក ចាន់ សាវឿន ធ្វើ​របង​បិទផ្លូវ​រំលោភ​កិច្ចសន្យា​

​ពលរដ្ឋ​រងគ្រោះ​ចោទ​លោក ចាន់ សាវឿន ធ្វើ​របង​បិទផ្លូវ​រំលោភ​កិច្ចសន្យា​

តាំងពី​ឆ្នាំ​២០០៩ លោក ចាន់ សាវឿន ស្នងការរង​នគរបាល​ខេត្ត​កណ្តាល បានសម្រេច​ពុះ​ដីឡូត៍​មួយ​កន្លែង​នៅជាប់ របង​វិទ្យាល័យ​តាខ្មៅ​លក់​ក្នុង​ទំហំ ៤​ម៉ែត្រ គុណ ១៥​ម៉ែត្រ ដោយ​សម្រេច​បើកផ្លូវ​ក្បែរ​របង​វិទ្យាល័យ​តាខ្មៅ ឱ្យ​ប្រជាពលរដ្ឋ​ដែល​ទិញ​ដី​ធ្វើ​ផ្ទះ បាន​ធ្វើដំណើរ​ចេញ​ចូល​តាម​ផ្លូវជាតិ​លេខ ២១A ។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទិញ​ដី​ឡូត៍​ទំហំ ៤​ម៉ែត្រ គុណ ១៥​ម៉ែត្រ ដោយ​សម្អាងថា ម្ចាស់​ដី​បាន​បើកផ្លូវ​ទំហំ ៥​ម៉ែត្រ ឱ្យ​ចេញ​ចូល​ដោយ​កំណត់​ក្នុង​កិច្ចសន្យា និង​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​ថា ជា​ផ្លូវលំ ដោយ​មាន​អាជ្ញាធរ​ភូមិ​-​ឃុំ​ទទួល​ស្គាល់​តាម​ផ្លូវច្បាប់​ថែមទៀត​ផង ។​

​ចំណែក​ដី​នៅ​ខាង​មុខ​ជាប់​ថ្នល់ជាតិ ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដែល​ស្ថិតនៅ​ពីមុខ​ដីឡូត៍ ដែល​លោក ចាន់ សាវឿន បាន​ពុះ​លក់​ត្រូវបាន​ឈ្មោះ ច្រាយ ជ្រឿន ទិញ​ពី​ឈ្មោះ ចាន់ សាវឿន ក្នុង​ទំហំ​ក្បាលដី ៧​ម៉ែត្រ  និង​បណ្តោយ ៣០​ម៉ែត្រ​ហើយ​បញ្ជាក់​ព្រំដី​ជាប់​នឹង​ផ្លូវលំ​ផងដែរ ។ ដោយ​ចង់​បង្កើត​មុខរបរ​បន្ថែម ក្នុង​ការបើក​កា​រ៉ាស់​ឈ្មោះ ច្រាយ ជ្រឿន បាន​ទិញ​បន្ត​ពី​អ្នកទិញ​ដី​ឡូត៍​មុន​រហូត លោក ច្រាយ ជ្រឿន មាន​បណ្តោយ​ដល់​ទៅ ៦០​ម៉ែត្រ ។ នៅ​ពេល​លោក ច្រាយ ជ្រឿន ប្រកប​របរ​សុខៗ​ក៏​ស្រាប់តែ លោក ចាន់ សាវឿន ធ្វើ​របង​ចាក់​បេតុង​តាម​ផ្លូវលំ​ដែល​ចូល​ទៅ​កាន់​ផ្ទះសំណាក់​គាត់​នៅ​ខាងក្នុង​ទៅ​វិញ​រហូត​ចូល​ដី​ចិញ្ចើម ផ្លូវ​ដល់​ទៅ ៤​ម៉ែត្រ​ឯណោះ ។

​ករណី​សង់​របង​រំលោភ​លើ​កិច្ចសន្យា​ពី​លោក ចាន់ សាវឿន ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ត្រូវបាន​លោក ច្រាយ ជ្រឿន ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​សង្កាត់​តាខ្មៅ និង​សាលាក្រុង​តាខ្មៅ​ឱ្យជួយ​ដោះស្រាយ ប៉ុន្តែ​ជា​ច្រើន​ខែ​មក​ហើយ ចៅសង្កាត់ និង​អភិបាល​ក្រុង​បាន​ត្រឹម​ហៅ​ភាគី​ទាំងសង្ខាង​ទៅ​សួរនាំ​ដោយ​ពុំ​មាន​វិធានការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​អ្វី​នោះ ឡើយ ។ មាន​ការអះអាង​ពី​ក្រុម​អ្នកច្បាប់​បាន​បញ្ជាក់​ឱ្យដឹងថា បើ​ផ្លូវ​ចូល​ផ្ទះសំណាក់​របស់​លោក ចាន់ សាវឿន គឺ​អាច​ចាក់ របង​បេតុង​កម្ពស់​ណា​ក៏​បាន​ដែរ ប៉ុន្តែ​បើ​ស្ថិតនៅ​ក្នុង​ផ្លូវលំ​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ដែនដី​ហើយ គឺ​លោក ចាន់ សាវឿន ពិតជា​មិន​អាច​សាងសង់​របង​បេតុង​ចេញពី​ផ្លូវ​ជាតិ​ចូល​ដល់​ផ្ទះសំណាក់​គាត់​បាន​នោះឡើយ ។ ម្យ៉ាងវិញទៀត​ផ្លូវលំ​ទំហំ ទទឹង ៥​ម៉ែត្រ គឺ​ភាគី​លោក ចាន់ សាវឿន ជា​អ្នក​កំណត់​ដើម្បី​ធានា​ដល់​អ្នក​ទិញ​ដី​ដែល​គាត់​ពុះ​លក់​អាចមាន​ផ្លូវ​ចេញចូល​បាន ។ មិនតែប៉ុណ្ណោះ​លោក ចាន់ សាវឿន បាន​បំពាន​រហូត​សង់​របង​ចូល​ដី​ចិញ្ចើម​ផ្លូវ​ដល់​ទៅ ៤​ម៉ែត្រ​ថែម​ទៀត ដែល​ជាហេតុ​ធ្វើឱ្យ ជនរងគ្រោះ​ចាត់ទុកថា ជា​ករណី​ដែល​លោក ចាន់ សាវឿន បាន​ប្រើ​អំណាច​រំលោភ​ច្បាប់​តែ​ម្តង ។​

​ជុំវិញ​ទំនាស់​ខាងលើនេះ មន្ត្រី​សុរិយោដី​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ឱ្យដឹងថា ដើម្បី​ធានា​ឱ្យមាន​ការដោះស្រាយ​លើក លែង​តែ​ប្រជាពលរដ្ឋ​ប្តឹង​មក​មន្ទីរ​ជំនាញ​របស់​លោក​ដោយ​ផ្ទាល់ ឬ​ក៏​ប្តឹង​ទៅ​សាលាខេត្ត​តែម្តង ទើប​លោក​អាច​ចាត់​មន្ត្រី ជំនាញ​ទៅពិនិត្យ​ស្វែងរក​ដំណោះស្រាយ​បាន ។ ព្រោះ​មាន​ការសាងសង់​រំលោភ​ច្រើន​ករណី​ណាស់ ដែល​មន្ទីរ​ជំនាញ​មិនបាន ដឹង ប្រសិន​បើ​ជន​រងគ្រោះ​នៅតែ​បន្ត​ប្តឹង​ខុស​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​ពិតប្រាកដ ៕

2014_10_01c1 (1)

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5657 La Presse Nationale. All rights reserved. XHTML / CSS Valid.