ដោយ ៖ ជាតិ
ទីតាំងបូមខ្សាច់ពីរកន្លែង ក្នុងឃុំដីឥដ្ឋដែលមួយកន្លែងជាកម្មសិទ្ធិលោក ប៊ុណ្ណា ប្រើទុយោបូមចេញពីទន្លេនៅជាប់វត្ត ទល់មុខពុទ្ធមណ្ឌល និងមួយកន្លែងទៀតជាកម្មសិទ្ធិថៅកែលីនៅខាងកើតប្រហែល ២០០ម៉ែត្រ បង្កឱ្យបាក់ច្រាំងទន្លេជារៀង រាល់ថ្ងៃ ។
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅឃុំដីឥដ្ឋ បានបញ្ជាក់ថា រយៈពេលកន្លងមកមានថៅកែបូមខ្សាច់រហូតដល់ ៤កន្លែង នៅជាប់មាត់ទន្លេ ។ ប៉ុន្តែបច្ចុប្បន្នថៅកែក្បាលរឹង គឺនៅសល់តែពីរនាក់ទេ គឺថៅកែ ប៊ុណ្ណា និងថៅកែ លី ទោះបីពួក គាត់ប្តឹងអ្នកសារព័ត៌មានក៏ឃើញតែគេមកជួបនឹងថៅកែទាំងពីររួចស្ងាត់អស់ទៅ ។ ចំណែកអាជ្ញាធរស្រុកគៀនស្វាយ មិនដឹងថា យល់ឃើញយ៉ាងដូចម្តេចនោះទេ ទើបពុំបានពិនិត្យទៅលើស្ថានភាពច្រាំងទន្លេ ដែលកំពុងគំរាមកំហែងផ្ទះ ប្រជាពលរដ្ឋដោយសារករណីបូមខ្សាច់បែបអនាធិបតេយ្យពីថៅកែទាំងពីរនាក់នេះ ។
ប្រជាពលរដ្ឋសំណូមពរឱ្យមន្ត្រីជំនាញចុះមកត្រួតពិនិត្យ និងសិក្សាពីផលប៉ះពាល់ឱ្យបានច្បាស់ ព្រោះបើចេះតែឃុប ឃិតឱ្យមានករណីបូមខ្សាច់បែបអនាធិបតេយ្យដោយពុំបានសិក្សាពីផលប៉ះពាល់ កុំថាឡើយផ្ទះពួកគាត់នៅតាមមាត់ទន្លេ ដោយសូម្បីតែផ្លូវជាតិលេខ ១ ក៏ទទួលរងគ្រោះដោយសារមុខទឹកបង្វែទិសដៅក្រោមឥទ្ធិពលនៃករណីបូមខ្សាច់នេះដែរនា ពេលខាងមុខ ។ ដូចឃើញក្នុងរូបភាពនេះ ស្រាប់គ្រាន់តែឡានដឹកខ្សាច់តាលីដឹកឡើងខូងផ្លូវអស់ទៅហើយ ចំណែកកន្លែង បូមខ្សាច់របស់ថៅកែ ប៊ុណ្ណា ក៏អាចធ្វើឱ្យវត្តនៅជាប់កន្លែងបូមខ្សាច់រងការអន្តរាយនាពេលខាងមុខដែរ បើអាជ្ញាធរគិតតែពីផលប្រយោជន៍ឃុប ឃិតដោយពុំបានស្វែងយល់ពីផលវិបាកនាពេលខាងមុខទេនោះ ។
សារព័ត៌មានជាតិផ្តល់ដំណឹងជូនអាជ្ញាធរដោយពុំទទួលបានផលប្រយោជន៍អ្វីឡើយ ក្រៅពីចូលរួមចំណែកទប់ស្កាត់ បទល្មើសដែលផ្តើមចេញពីការឃុបឃិតគ្នាស្វែងរកផលប្រយោជន៍ដោយពុំបានខ្វល់ខ្វាយពីទុក្ខលំបាកប្រជាពលរដ្ឋនៅពេល ខាងមុខ ។ សង្ឃឹមថា អាជ្ញាធរជាម៉ែឪប្រជាពលរដ្ឋពិតជាយល់ និងអនុវត្តទៅតាមសំណូមពរដែលរាស្ត្រចង់បាន ស្របតាម ស្មារតីទទួលខុសត្រូវជូនប្រជាពលរដ្ឋដែលបានជ្រើសតាំងតំណាងខ្លួនតាមរយៈសន្លឹកឆ្នោតរយៈពេលកន្លងមក ៕