ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋប្រមាណជាង ៣០ នាក់ ដែលតំណាង ៤៥ គ្រួសារ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសាលាសង្កាត់ប៉ោយប៉ែតដៃកាន់បដា សុំឱ្យជួយរកយុត្តិធម៌ដោយមានបុគ្គលម្នាក់ឈ្មោះ ស៊ូ សុវណ្ណរិទ្ធ ហៅ ទ្រី ភេទប្រុស អៅយុ ៤១ ឆ្នាំ ស្នាក់នៅប៉ោយប៉ែតមកអះអាងថាជាដីរបស់ខ្លួន។ ហេតុការណ៍ ដែលប្រជាពលរដ្ឋមកតវ៉ានៅមុខសាលាសង្កាត់ កើតឡើង នៅវេលាម៉ោង ២ និង ៣៥ នាទី រសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិ មិត្តភាព ក្រុងខាងលើ ។
ស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋជាង ៣០ នាក់នោះ ឈ្មោះ នីម ចាន់ដារ៉ា អាយុ ៤៨ ឆ្នាំ បានអះអាងថា ពួកគាត់ មករស់នៅលើដីទំនាស់ តាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ នៅក្នុងនោះ ពួកគាត់មានទាំងដំណាំ ដាំដុះហូបផ្លែជាច្រើន និងមាន កូនក្រមុំកំលោះអស់ទៅហើយ ។ លុះមកដល់ឆ្នាំ ២០១១ – ២០១២ – ២០១៣ មានឈ្មោះខាងលើ គេមកអះអាងថា ជាដីរបស់គេដោយថាមានប្លង់កាន់កាប់ស្របច្បាប់ ទៀតផង តែពេលអះអាងបុគ្គលខាងលើ ពុំដែលយកឯកសារណាមួយពិតប្រាកដមកបង្ហាញឡើយ ប៉ុន្តែចំពោះពួកគាត់វិញមានឯកសារគ្រប់គ្រាន់ គឺមានការទទួលស្គាល់ពីមេភូមិហាយណាំហេង ។ កាលពីមុន ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ មានចំនួន ៥៨៩ គ្រួសារតែពួកគាត់មានប្លង់ កម្មសិទ្ធិ អស់មួយចំនួន ហើយក្រោយពីមានករណីសំណើរបស់ប្រជាពលរដ្ឋ ចំនួន ៥៨៩ គ្រួសាររស់នៅភូមិខាងលើ សំណើសុំ កាន់កាប់ដីដល់សម្តេច ហ៊ុន សែន ។ ដោយឡែក នៅពួកគាត់ ៤៥ គ្រួសារមិនបានប្លង់កម្មសិទ្ធិមិនដឹងមូលហេតុ ។ កន្លងមកពួកគាត់ធ្លាប់ដាក់ពាក្យបណ្តឹងមកសាលាសង្កាត់ប៉ោយប៉ែត កាលពីលោក សាន សាងហូរ នៅជាចៅសង្កាត់ តែពុំមានដំណោះស្រាយ លុះមកដល់ចៅសង្កាត់ថ្មី គឺលោក គង់ សុខ ក៏ពួកគាត់ធ្លាប់ដាក់ពាក្យបណ្តឹងដែរ កាលពីមុនរដូវចូលឆ្នាំ តែពុំមានដំណោះស្រាយ ។ ហើយការរស់នៅរបស់ពួកគាត់ទទួលស្គាល់ពីអង្គការ ZOA បានជីកអណ្តូងអោយពួកគាត់ ប្រើប្រាស់ និងជួយធ្វើផ្លូវគ្រួសក្រហមផងដែរ ពុំដែលឃើញបុគ្គលិកខាងលើលិចមុខឡើយ លុះមកដល់ថ្ងៃទី ០៧ មិថុនា ២០១៣ បានលេចមុខប្រកាសលេខ ០៦ ប្រក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ របស់រាជរដ្ឋាភិបាលស្តីពីវិធានការលុបបំបាត់ភាពអនាធិបតេយ្យក្នុងបញ្ហាទន្ទ្រានកាន់កាប់ដីធ្លី ។ ទើបថ្ងៃខាងលើ ពួកគាត់មានការភ្ញាក់ផ្អើលមកតវ៉ាដល់ចៅ សង្កាត់តែម្តង ដើម្បីអោយអាជ្ញាធរក្រុងខេត្ត អោយជួយរកយុត្តិធម៌ ។ លោក គង់ សុខ ចៅសង្កាត់ប៉ោយប៉ែតប្រាប់តាម ទូរស័ព្ទថា ចាំពេលបោះឆ្នោតហើយ លោកនឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ព្រោះពេលនេះ លោកកំពុងរវល់ ៕