ដោយ ៖ ជាតិ
មានតែតំណាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ដែលចាត់ទុកការបញ្ជូនជនភៀសខ្លួនពី ប្រទេសអូស្ត្រាលី ឱ្យមកតាំងទីលំនៅស្របច្បាប់នៅកម្ពុជា ស្របទៅនឹងអនុញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួន ស្របតាមស្មារតី មនុស្សធម៌ ។ ប៉ុន្តែការសម្រេចចិត្តចុះហត្ថលេខារវាងលោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ទី ២៦ ខែកញ្ញា ត្រូវបានអង្គការជាតិ និងអន្តរជាតិ ធ្វើការរិះគន់ថា បានរំលោភទៅលើអនុញ្ញអន្តរជាតិឆ្នាំ ១៩៥១ ស្តីពីសិទ្ធិជនភៀសខ្លួន ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យបានបញ្ជាក់នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីថា ប្រទេសអូស្ត្រាលីខ្លួនឯង ដែលជាប្រទេសជឿនលឿនខាងសេដ្ឋកិច្ចហើយក៏ជាទិសដៅសម្រាប់ឱ្យជនភៀសខ្លួនចង់ស្នាក់នៅ គឺបាននិងកំពុងរំលោភលើអនុញ្ញាអន្តរជាតិធ្ងន់ធ្ងរស្របពេលដែលអូស្ត្រាលីយកលុយមកចំណាយបញ្ជូនជនភៀសខ្លួននៅប្រទេសខ្លួនឱ្យមកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងទឹកដីកម្ពុជា ។ ម្យ៉ាងវិញទៀតកម្ពុជានៅមិនទាន់អាចគ្រប់គ្រងជនអន្តោប្រវេសន៍នៅ ក្នុងប្រទេសខ្លួនឯងបានផងរួមទាំងសេដ្ឋកិច្ចអន់ខ្សោយជាប្រទេសក្រីក្រធ្វើចំណាកស្រុកស្វែងការងារធ្វើនៅប្រទេសជិតខាងរកផងនោះ តើអាចចាត់ទុកកម្ពុជាជាប្រទេសទី ៣ ដែលអូស្ត្រាលីត្រូវបញ្ជូនមកយ៉ាងដូចម្តេច ។
មិនខុសអ្វីពីបាតុកម្មហែរក្បួនចេញពីក្រុមព្រះសង្ឃ យុវជន និងប្រជាសហគមន៍ដែលបានហែក្បួនដាក់ញាត្តិ ទៅកាន់ ស្ថានទូតអូស្ត្រាលី រដ្ឋសភាកម្ពុជាដើម្បីប្រឆាំងទៅនឹងការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីចូលមកកម្ពុជា ។ មជ្ឈដ្ឋានអ្នកច្បាប់ បានចាត់ទុកថា ការសម្រេចបញ្ជូនជនភៀសខ្លួនដែលឃុំឃាំងនៅអូស្ត្រាលី ដោយសូម្បីតែអង្គការ UNHCR ឧត្តមស្នងការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមទាំងអង្គការសិទ្ធិមនុស្សអន្តរជាតិក៏បានចាត់ទុកគម្រោងបញ្ជូនជនភៀសខ្លួននៅអូស្ត្រាលី ចូលមកកម្ពុជាដែរ គឺបានរំលោភទៅលើអនុញ្ញាអន្តរជាតិដែរ ។ ហើយសកម្មភាពលើការសម្រេចគម្រោងបញ្ជូនជនភៀសខ្លួនដោយផ្អែកតែទៅលើបញ្ហាមនុស្សធម៌ ដោយពុំបានឆ្លងកាត់ការត្រួតពិនិត្យរបស់អង្គការ UNHCR គឺជាករណីដែលប្រទេសកម្ពុជា និងអូស្ត្រាលីធ្វើឡើងក្នុងគោលបំណងបំរើឱ្យផលប្រយោជន៍រវាងប្រទេសទាំងពីរ រំលោភលើអនុសញ្ញាអន្តរជាតិដែលមានចែងក្នុងមាត្រាច្បាប់ ។
ជុំវិញការថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់លោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ អូស្ត្រាលីដែលមានខ្លឹមសារថា ក្នុងនាមភាគីនៃអនុញ្ញាជនភៀសខ្លួននៅពេលកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសក្រោយសង្គ្រាមស៊ីវិលកម្ពុជាកំពុងបង្ហាញ លទ្ធភាព និងឆន្ទៈរបស់ខ្លួន ដើម្បីរួមចំណែកជាវិជ្ជមានដល់បញ្ហាមនុស្សធម៌ ។ ប៉ុន្តែភាពជាមនុស្សធម៌ដែលកម្ពុជាអាចធ្វើបាន ដែលអង្គការអន្តរជាតិដាក់ការព្រួយបារម្ភខ្លាំងនោះ គឺជនជាតិម៉ុងតាញ៉ា ដែលគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរវៀត ណាមរួមទាំងជនជាតិអ៊ុយហ្គ័រ ដែលគេចខ្លួនចូលមកកម្ពុជាដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទី ៣ ឯណោះទេ ។
ដូច្នេះបញ្ហាមនុស្សធម៌ក្នុងនាមប្រទេសជឿនលឿនដូចអូស្ត្រាលីមិនគួរគេចចេញពីការទទួលខុសត្រូវ ហើយបញ្ជូន ជនភៀសខ្លួនមកឱ្យកម្ពុជាសម្រេចលើជោគវាសនាអចិន្ត្រៃយ៍ គឺមានន័យថា រដ្ឋាភិបាលអូស្ត្រាលីខ្លួនឯងកំពុងរំលោភលើ អនុញ្ញាអន្តរជាតិ ១៩៥១ ដោយពុំបានគិតដល់បញ្ហានុស្សធម៌មកលើជនភៀសខ្លួនអ្វីនោះឡើយ ។ ហើយការសន្យាចំណាយ របស់រដ្ឋាភិបាលអូស្ត្រាលីលើការបញ្ជូនជនភៀសខ្លួនមកកម្ពុជា រួមទាំងជំនួយបន្ថែម ៣៥លានដុលារ តើអាចចាត់ទុកបានថា ជាបញ្ហាមនុស្សធម៌ ឬក៏ជាការចំណាយដើម្បីគេចចេញរបស់ខ្លួនឱ្យស្ថិតនៅក្រៅក្របខណ្ឌជាប្រទេស ដែលផ្តាច់ខ្លួនចេញលើ បញ្ហាមនុស្សធម៌ស្របពេលដែលរដ្ឋាភិបាលអភិរក្សអូស្ត្រាលីកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ននេះ៕
ការបញ្ជូនជនភៀសខ្លួនមកកម្ពុជា គឺរដ្ឋាភិបាលអូស្ត្រាលីបានរំលោភលើអនុញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏ព័ត៌មានថ្មី