ប្រភពផ្សព្វផ្សាយចេញពីមន្ត្រីក្នុងក្រសួងកសិកម្មដោយសុំមិនបញ្ចោញឈ្មោះម្នាក់បានខ្សឹបប្រាប់សារព័ត៌មានជាតិឱ្យ ដឹងថា លោក ណៅ ធួក ដែលកាន់តួនាទីជាប្រធាននាយកដ្ឋានរដ្ឋបាលជលផលសព្វថ្ងៃ គឺបានរំលោភទៅនឹងច្បាប់មុខងារ សាធារណៈ ។ ប្រភពបានបន្តឱ្យដឹងថា លោក ណៅ ធួក អាចនៅសល់តួនាទីជាប្រតិភូរាជរដ្ឋាភិបាល ប៉ុន្តែមិនអាចកាន់ តំណែងជាប្រធាននាយកដ្ឋានរដ្ឋបាលជលផលបន្តទៀតបាននោះទេ ព្រោះអាយុគាត់ត្រូវចូលនិវត្តន៍យូរណាស់មកហើយ ។
ពាក់ព័ន្ធទៅនឹងមន្ត្រីដែលក្រាញអភិរក្សអំណាចដូចករណីលោក ណៅ ធួក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈដើម្បីផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយមានឱកាសចូលរួមចំណែកដឹកនាំប្រទេស ។ ហើយការលើក ឡើងរបស់លោកនាយករដ្ឋមន្ត្រី ក៏ត្រូវបានចុះផ្សាយតាមបណ្តាញទូរទស្សន៍ CNC រហូតបានដាក់អក្សររត់នៅក្រោមកម្មវិធី ផ្សាយដោយសម្តេចសំណូមពរដល់មន្ត្រីគ្រប់រូបបញ្ឈប់បន្តអភិរក្សអំណាចតទៅទៀត ។
ចំណែកមន្ត្រីសាលារាជធានីភ្នំពេញ ម្នាក់ក៏បានខ្សឹបប្រាប់សារព័ត៌មានជាតិឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចោញឈ្មោះថា លោក ប៊ុន សេរី អតីតជាប្រធានគណនេយ្យសាលារាជធានីភ្នំពេញក៏ដល់អាយុចូលនិវត្តន៍ហើយដែរ ។ មន្ត្រីរូបនោះបានឱ្យដឹង ទៀតថា រយៈកាលកន្លងមកមានការតែងតាំងលោក អ៊ុក សុផល ជាប្រធានគណនេយ្យសាលារាជធានីភ្នំពេញ ដោយ មន្ត្រីទាំងអស់នឹកស្មានថា លោក ប៊ុន សេរី ត្រូវបានគេដាក់ឱ្យចូលនិវត្តន៍ទៅហើយ ដឹងអីគាត់ក្លាយជាត្រីងៀតឆ្លៀតពង ស្រវ៉ា តោងតួនាទីជាអនុប្រធានខុទ្ទកាល័យសាលារាជធានីភ្នំពេញ ទទួលបន្ទុកគណនេយ្យត្រួតពីលើលោក អ៊ុក សុផល ដដែល ។
មានការរិះគន់ចេញពីមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីនៅក្នុងសាលារាជធានីភ្នំពេញថា ការខិតខំប្រឹងប្រែងអភិរក្សអំណាចរបស់លោក ណៅ ធួក ប្រធាននាយកដ្ឋានរដ្ឋបាលជលផល និងលោក ប៊ុន សេរី អនុប្រធានខុទ្ទកាល័យទទួលបន្ទុកគណនេយ្យសាលារាជធានីភ្នំពេញ គឺប្រឆាំងទៅនឹងគោលនយោបាយចតុកោណជំហានទី ៣ របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ បានបែបហ្នឹង គឺពិតជាគ្មានការកែទម្រង់ស៊ីជម្រៅដូចការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋា ភិបាលឡើយ ។ ដើម្បីធានាដល់ការកែទម្រង់ពិតប្រាកដក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈត្រូវតែអនុវត្តដាក់មន្ត្រី ដែលចូលនិវត្តន៍ស្របតាមគោលនយោបាយច្បាប់ដែលបានកំណត់ ដោយមិនត្រូវឃុបឃិតទុកឱកាសឱ្យបន្តការងាររហូតមាន អាយុលើសពី ៦០ឆ្នាំ នោះឡើយ ទើបអាចធានាដល់ការកែទម្រង់ស៊ីជម្រៅស្ថិតក្នុងជ្រុងមួយដែលប្រមុខរាជរដ្ឋាភិបាល ត្រូវដាក់ចេញលើការកែទម្រង់ប្រកបដោយប្រសិទ្ធភាពបាន ៕
មន្ត្រីអភិរក្សអំណាចប្រឆាំងនឹងគោលនយោបាយចតុកោណជំហានទី ៣ រាជរដ្ឋាភិបាល
