រយៈកាល កន្លងមក មានផ្ទុះករណី បាញ់សម្លាប់ មេព្រៃប្រចាំច្រក ដាក់ដាំ ក្នុងខេត្ត មណ្ឌលគិរី ពីសំណាក់ ឈ្មួញឈើ តម្រូវឲ្យ រាជរដ្ឋាភិបាល សម្រេចប្រកាស បិទច្រក ដាក់ដាំ ដើម្បីបើក ការស៊ើប អង្កេត រកមុខសញ្ញា មេឈ្មួញទុច្ចរិត ។ ទោះបី ការស៊ើបអង្កេត នៅមិនទាន់ ទទួលបាន លទ្ធិផល ក៏ពិតមែន! ប៉ុន្តែស្ថានភាព នៅច្រក ដាក់ដាំ នាពេលនេះ គេសង្កេតឃើញ រថយន្តបាញ់ថ្នាំ ពណ៌ត្រៃអ៊ី និងឡានឡង់ ពណ៌ក្រហម ដឹកឈើទាំងយប់ ទាំងថ្ងៃ ចេញតាមច្រក ដាក់ដាំ យ៉ាងកឃ្លើងទៅវិញ ។
ប្រភពផ្លូវការមួយ បានឲ្យដឹងថា ឈើប្រណិត ដែលបានដឹកដោយ រថយន្តពណ៌ ត្រៃអ៊ី គឺជា កម្មសិទ្ធរបស់ លោក លឹមបុណ្ណា និងឡានឡង់ ពណ៌ក្រហម ជាកម្មសិទ្ធ លោក ហ៊ុន ជា ដោយមានការ បើកភ្លើងខៀវ ពីអភិបាលខេត្ត មណ្ឌលគិរី ក្នុងការបែងចែក ផលប្រយោជន៍គ្នា ទើបគ្មានការ ចុះបង្ក្រាប បែបនេះ ។ ម្យ៉ាងវិញទៀត ប្រភេទឈើ ប្រណិតត្រូវបាន មេឈ្មួញទាំងពីរ បំផុសឲ្យ ប្រជាពលរដ្ឋ ចូលកាប់បំផ្លាញ ចេញពីព្រៃ សហគមន៍ និងព្រៃការពារ ដែនជម្រក សត្វព្រៃ យកមក លក់ឲ្យ រួចដឹកចេញ ទៅលក់នូវប្រទេស វៀតណាម បានដោយ សេរី ។
គ្រោះមហន្តរាយ ព្រៃឈើ ដែលផ្តើមចេញ ពីមេឈ្មួញ ដ៏មានឥទ្ធិពល ទាំងពីរ បើពុំមាន បទបញ្ជារ ចេញពីក្រសួង កសិកម្ម ក្រោមអំណាច លោកអ៊ុក រ៉ាប៊ុន ឲ្យទាន់ ពេលវេលាទេ គឺពិតជា មិនអាច ថែរក្សាដែន ជម្រកសត្វព្រៃ ឲ្យនៅគង់វង្ស បានឡើយ ។ ព្រោះសកម្មភាព បើកច្រកដាក់ដាំ ឲ្យមេឈ្មួញទាំងពីរ ធ្វើសកម្មភាព កាប់ដាវ នាំឈើប្រណិត ចេញនៅពេលនេះ គឺពិតជាបង្ហាញ ពីសញ្ញាអាសន្ន លើវិនាសកម្ម ព្រៃឈើ នៅខេត្ត មណ្ឌលគិរី នាពេលនេះ ឲ្យប្រឈម ទៅនឹង ការបាត់បង់ យ៉ាងធ្ងន់ធ្ងរជាទីបំផុត ៕