ច្រកទ្វារអន្តរជាតិប៉ោយ-ប៉ែត មានប៉ុស្តិ៍ប៉ម៣កន្លែង ជាប់ខ្លោងទ្វារប្រាសាទកំពូល ៣ ដែលតម្រូវឱ្យ អ្នក អូសរទេះ ដឹកទំនិញគ្រប់ប្រភេទឈប់បង់លុយឱ្យ ដោយពុំដែលឃើញចេញវិក្ក័យបត្រឱ្យនោះទេ ទាំង ទំនិញដែលរទេះអូសនាំចេញ រួមទាំងទំនិញដែល អូសនាំចូល ។ ដូចឃើញក្នុងរូបភាពនេះស្រាប់ អ្នក អូសរទេះនាំទំនិញពីថៃ កំពុងហុចលុយឱ្យមន្ត្រីគយ ដោយ គ្មានវិក្ក័យបត្រអ្វីទាំងអស់ ។ បន្ទាប់មក ត្រូវ បង់ឱ្យមន្ត្រីកាំកុង ត្រូលជាជំហានទី ២ មិនដឹងថា មន្ត្រីកាំកុងត្រូលគាត់យកលុយថ្លៃស្អីនោះទេ ព្រោះបើផ្អែកលើតួនាទីគាត់គឺត្រួតពិនិត្យលើគុណភាព ទំនិញតែប៉ុណ្ណោះ ។ បន្ទាប់ពីចេញពីកន្លែងកាំកុងត្រូលគឺត្រូវបង់ឱ្យមន្ត្រីអន្តោប្រវេសន៍មួយកន្លែងទៀតដែលមិនអាចសន្មត់បានថា អន្តោប្រវេន៍គាត់យកថ្លៃស្អី ! ព្រោះតួនាទីពួកគាត់គឺកំណត់តែទៅ លើមុខសញ្ញា ភ្ញៀវបរទេស ឬពលករខ្មែរដែលធ្វើចំណាក ស្រុកឆ្លងដែនតែប៉ុណ្ណោះ ។
នៅមានអាទិភាពមេឈ្មួញទុច្ចរិតទាំង៥នៅប៉ោយប៉ែតទៀតដែលមន្ត្រីគយនិងកាំកុងត្រូល រួមទាំង មន្ត្រីអន្តោប្រវេសន៍មិនហ៊ានយកលុយ គឺផ្តល់លទ្ធភាពអាចនាំទំនិញចូលមកស្រុកខ្មែរបានដោយ សេរីតែម្តង ។ មេឈ្មួញទាំង៥នោះនាំចូលផលិតផលអ្វីក៏ពុំមានអ្នកណាដឹងដែរ ប៉ុន្តែជារៀងរាល់ ពេលល្ងាចគឺថៅកែអីវ៉ាន់តែងទៅជួបជាមួយលោក ឈួន ហៃ ដោយផ្ទាល់តែម្តងដែលគេចាត់ទុកថា ជាករណីសូកប៉ាន់ក្រៅគម្រោងពន្ធដើម្បីផ្តល់ផលប្រយោជន៍ឱ្យបុគ្គល ឈួន ហៃ តែម្តង ។
ពិតណាស់ថា នីតិរដ្ឋគឺរដ្ឋដែលគ្រប់គ្រងដោយច្បាប់ តើការហុចលុយពីអ្នកអូសរទេះនាំទំនិញពីថៃ អាចចាត់ទុកបានថា ជាការប្រកាន់យកនីតិរដ្ឋបានដោយរបៀបណាបើសូម្បីតែវិក្ក័យបត្រមួយសន្លឹក ក៏គ្មានផងនោះ ។ ដើម្បីធានាបាននូវនីតិរដ្ឋនេះហើយទើបរាជរដ្ឋាភិបាលបង្កើតស្ថាប័នអង្គភាពប្រ ឆាំងអំពើពុករលួយ ដើម្បីកែទម្រង់នីតិរដ្ឋឱ្យមានប្រសិទ្ធភាពជៀសវាងមន្ត្រីជំនាញគយក៏ដូចជា មន្ត្រីកាំកុងត្រូល និងមន្ត្រីអន្តោប្រវេសន៍ ដូចករណីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាភស្តុតាង ស្រាប់ ។ ព្រោះអំពើពុករលួយនៅកណ្តាលថ្ងៃ ក្រោមអំណាចមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ឈួន ហៃ ពិតជាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរខ្លាំងណាស់ រួមមានទាំងបង្គាប់ឱ្យបង់ លុយដោយមិនចាំបាច់ចេញវិក្ក័យបត្រនិងមិនចាំបាច់ត្រួតពិនិត្យទំនិញពីឈ្មួញ ដោយជួបគ្នា ទូទាត់ ស្ងាត់ៗ ។
សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយក្រោមចំណាត់ការក្តៅដែលគ្រប់គ្រងដឹកនាំ ដោយផ្ទាល់ពី ឯកឧត្តម ឱម យ៉ិនទៀង ពិតជាវែកមុខមន្ត្រីពុករលួយដែលផ្តើមចេញពីប្រធានសាខាគយប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោមរូបភាពដែលបានរៀបរាប់ខាងលើ ជាភស្តុតាងស្រាប់ ។ ពុំនោះ ទេ អំពើពុករលួយពិតបានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលមានការខកចិត្តចំពោះការបាត់បង់ប្រាក់ពន្ធដ៏ សន្ធឹកសន្ធាប់ ដោយមិនទាន់គិតដល់ច្រកទ្វារអន្តរជាតិជាច្រើនទៀតនៅក្នុងទូទាំងប្រទេសថែមទៀត ផង ។
ម៉្យាងវិញទៀត អំពើពុករលួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្នគឺស្ថិតក្នុងការទទួលខុសត្រូវទាំងស្រុងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើវិធានការលុបបំបាត់អំពើពុករលួយ ត្រូវបរាជ័យ គឺមានន័យ ថា កំហុសឆ្គងតាមរយៈនៃការទទួលខុសត្រូវរបស់អង្គភាពប្រឆាំងអំពើពុករលួយក៏ជាចំណែកមួយ ក្នុងការបង្ហាញឱ្យឃើញពី ភាពអសកម្មរបស់ស្ថាប័នប្រឆាំងអំពើពុករលួយផងដែរ ៕