បន្ទាប់ពី លេចធ្លាយ ព័ត៌មានថា លោកស្រី ពុង ឈីវកេក ប្រធានអង្គការ លីកាដូ ត្រូវបាន គណៈបក្ស ជាប់ឆ្នោត ទាំងពីរ ឯកភាពគ្នា ជាបេក្ខភាព សមាជិកភាព នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) តាមការព្រមព្រៀង លើបេក្ខភាព អព្យាក្រឹត្យ នៃសមាជិកភាព ទី៩ រួចមក បានជម្រុញឲ្យមាន ការកែទម្រង់ មួយចំនួន ដែលដាក់លក្ខខណ្ឌ ពីលោកស្រី ពុង ឈីវកេក ផ្ទាល់ ។ ចំណុចវិជ្ជមានដែលមជ្ឈដា្ឋនអ្នកវិភាគ ចាត់ទុកថា ការស្នើរសុំរបស់លោកស្រី ពុង ឈីវកេក ស្ថិតក្នុងតួនាទី ជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាឯករាជ្យភាពរបស់លោកស្រី ដោយគ្មានសម្ពាធ ពីគណៈបក្ស នយោបាយណាមួយឡើយ ។
នេះអាចចាត់ទុក បានថា ចក្ខុវិស័យ ឆ្ពោះទៅរក ការកែទម្រង់ គណៈកម្មា ធិការជាតិរៀបចំ ការបោះឆ្នោត ឲ្យទទួលបាន ជោគជ័យ ទើបលោកស្រី ពុង ឈីវកេក បានដាក់លក្ខខណ្ឌ ថ្មីមួយទៀតគឺ សមាជិក គណៈកម្មា ធិការជាតិ រៀបចំ ការបោះឆ្នោត ទាំង៩រូប ត្រូវទទួល បាន អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រដែរ ដើម្បីធានា ដល់ការកែទម្រង់ និងប្រព្រឹត្តទៅប្រកបដោយ តម្លាភាព និងភាពទទួល ខុសត្រូវ យ៉ាងពិតប្រាកដ របស់គណៈកម្មា ធិការជាតិរៀបចំ ការបោះឆ្នោត ។ មជ្ឈដ្ឋាន អ្នកតាមដាន នយោបាយ នៅកម្ពុជា បានសម្តែង នូវការពេញចិត្ត ចំពោះ ការទាមទារ ឲ្យមាន ឯករាជ្យភាព និងអភ័យឯកសិទ្ធិ ពីលោកស្រី ពុង ឈីវកេក ស្ថិតក្នុង គោលបំណង កែទម្រង់ ប្រព័ន្ធបោះឆ្នោត ដើម្បីឈានទៅ បញ្ចប់ជម្លោះ រវាង គណៈបក្ស នយោបាយ ជាប់ឆ្នោត បន្តទៅទៀត ។
ទោះបីជាមាន ការបញ្ជាក់ ពីលោក ជាម យៀប តំណាងរាស្ត្រ ចាស់វស្សា មកពីគណៈបក្ស ប្រជាជន ដោយលើកយកហេតុផល នៃការទាមទារ អភ័យឯកសិទ្ធិ ពីលោកស្រី ពុង ឈីវកេក ថាជាសញ្ញានៃ បញ្ហាយ៉ាងណាក៏ដោយ ប៉ុន្តែលោក ជាម យៀបក៏បាន សម្តែងនូវការគាំទ្រ ផងដែរ ដរាបណា មេដឹកនាំ គណៈបក្ស ប្រជាជនកម្ពុជា យល់ព្រមតាមលក្ខខណ្ឌ របស់លោកស្រី ពុង ឈីវកេក ។ ក្រុមអ្នកវិភាគ ឯករាជ្យ បានចាត់ទុកថា ការទាមទារ របស់លោកស្រី ពុង ឈីវកេក ស្ថិតក្នុងវត្ថុបំណង ដើម្បីបញ្ចប់ជម្លោះ ឆ្ពោះទៅរក ការបង្រួបបង្រួម ជាតិមួយ ដែលគ្រប់ គណៈបក្ស នយោបាយ អាចទទួលយក បានទាំងអស់គ្នា ៕