ឈាន​ដល់​ដំណាក់កាល​ប្លន់​ដី​វត្ត​នៅ​រាជធានី​ភ្នំពេញ​លក់​ហើយ​

ឈាន​ដល់​ដំណាក់កាល​ប្លន់​ដី​វត្ត​នៅ​រាជធានី​ភ្នំពេញ​លក់​ហើយ​

​រយៈកាល​កន្លងមក​គេ​ធ្លាប់តែ​ឮ​អ្នកមានអំណាច អ្នក​មាន​ប្រាក់​វាតទី​ដី​បឹង​រួមមាន បឹងកក់ បឹង​ស្នោ បឹងទំពន់ បឹង​បា​យ៉ាប ជាដើម​… ៘ បង្ក​ការក្តៅក្រហាយ​ដល់​ពលរដ្ឋ​មិន​តិច​ទេ ដែល​ចេញ​មុខ​តវ៉ា​នៅ​សាលាក្រុង ភ្នំពេញ ។ ទំនង​ជា​អស់​បឹង​នៅ​ភ្នំពេញ​លក់​ហើយ ទើប​កើត​ចលាចល​រឿង​អ្នក​មាន​ប្រាក់ ឃុបឃិត​ជាមួយ​អ្នកមាន អំណាច​ប្លន់ យក​ដី​វត្ត​ធ្វើ​បូរី​លក់​យ៉ាង​ដូច្នេះ​ទៅ​វិញ ។​

​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ព្រះចៅអធិការ​វត្ត​ពោធិ៍​វង្ស ស្ថិតនៅ​ភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ចម្រើនពរ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្តឹង​ឈ្មោះ ឈាង ប៉ាក់​សួរ ដែល​ឃុបឃិត និង​លោក ជា ខេ​មា អភិបាលរង​ខណ្ឌ​សែន​សុខ រំលោភបំពាន​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​វត្ត​កោះ​ពោធិ៍​វង្ស មក​លក់ដូរ ។ ប៉ុន្តែ​ដី​វត្ត​ដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ ឃុបឃិត​ជាមួយ​អភិបាលរង​ខណ្ឌ​សែន​សុខ​លក់​នោះ គឺមាន​សេចក្តីសម្រេច​ទទួលស្គាល់​ថា ជា​ដី​វត្ត​តាម​រយៈ សេចក្តីសម្រេច​លេខ ៣៩ ក​.​ធ​.​ស​.​សរ ចុះ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០០៦ របស់ ឯកឧត្តម ឃុន ហាំង អតីតរដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា និង​លិខិត​លេខ ៥៦៤/០៩ កធ​ស ចុះ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ​២០០៩ របស់ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ថែមទៀត​ផង ។​

​ចំណែក​ឧកញ៉ា ឈាង ប៉ាក់​សួរ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​មិនមែន​ជា​ឧកញ៉ា​នោះទេ ប៉ុន្តែ​គ្រាន់តែ ជា​តំណាងឱ្យ​ឧកញ៉ា ឃុន ស៊ា តែប៉ុណ្ណោះ ។ រីឯ​លោក​អភិបាលរងខណ្ឌ ជា ខេ​មា គឺ​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ បានឡើយ ព្រោះ​បើ​តាម​ការអះអាង​នៅក្នុង​ពាក្យបណ្តឹង​របស់​ព្រះចៅអធិការ​វត្ត គឺ​អភិបាលរង​ខណ្ឌ​សែន​សុខ ជា ខេ​មា បាន​រំលោភ​យក​ដី​វត្ត ទទឹង ៣០​ម៉ែត្រ បណ្តោយ ១៧០​ម៉ែត្រ ឃុបឃិត​ជាមួយ ឈាង ប៉ាក់​សួរ លក់​ឱ្យ​បុរី​ប៉េង​ហួត សាងសង់​ជា​ផ្ទះល្វែង​លក់​ទៅវិញ ។​

​ជុំវិញ​ករណី​ខាងលើ កញ្ញា ជាវ សម្បត្តិ អ្នកនាំពាក្យ​បុរី​ប៉េង​ហួត បាន​ធ្វើ​ការអះអាង​ថា ចំពោះ​ផ្ទះ​នៅ​បូរី ដែល​មាន​ទំនាស់ គឺ​បាន​ចេញ​ប្លង់​ឱ្យ​អតិថិជន​អស់ហើយ ដែល​មក​ទិញ ។ ហើយ​រឿង​ទំនាស់ ទាំង​ប៉ុន្មាន គឺ​ទុក​ឱ្យ​លោក ឈាង ប៉ាក់​សួរ ដោះស្រាយ​តែ​ជាមួយ​វត្ត​ទៅ អត់​ពាក់ព័ន្ធ​ជាមួយ​បុរី​ប៉េង​ហួត​ឡើយ ។ មានន័យ​ថា លោក ឈាង ប៉ាក់​សួរ គឺជា​អ្នកគួ​កជេរ​ដី​វត្ត​ក្រោម​អំណាច​លោក ជា ខេ​មា ទៅឱ្យ​បុរី​ប៉េង​ហួត បើ​ចង់ឱ្យ​បញ្ហា អាច​ដោះ ស្រាយ​បាន​លើកលែង​តែ​អភិបាល​រាជធានី​ភ្នំពេញ ចេញមុខ​កោះអញ្ជើញ​តំណាង​ក្នុង​វត្ត និង​អភិបាលរងខណ្ឌ ជា ខេ​មា មក​ឆ្លើយបំភ្លឺ ទើប​អាច​ស្វែងរក​ការពិត​ឃើញ​ពិតប្រាកដ ៕

 

2014_06_24ch4 2014_06_24ch3 2014_06_24ch5

2014_06_24ch1 2014_06_24ch2

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.