ខេត្តរតនគិរីៈ កម្លាំងជំនាញរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយប៉ូលិស ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ រួមជាមួយកម្លាំងប៉ូលិសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ធ្វើការឆែកឆេ បង្ក្រាបបានរថយន្ត ដឹកអ្នកដំណើរ របស់វៀតណាមមួយគ្រឿង ដែលបង្កប់ឈើប្រណិត នៅបាតរថយន្ត ហើយបញ្ជូនមក ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្ត ។ ហេតុការណ៍បង្ក្រាបនេះ កើតឡើងកាលពី វេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី០១ ខែឧសភាឆ្នាំ២០១៤ ត្រង់ចំណុចជិតច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ កម្ពុជា វៀតណាម ។ រថយន្តដែលបង្ក្រាប បានខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តក្រុង ដឹកអ្នក ដំណើរ ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខ81B-00739 ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត ក្រុងរបស់វៀតណាម ដែលបង្ក្រាបបាននេះ គឺជារថយន្តដឹកអ្នកដំណើរ ពីវៀតណាមមកកម្ពុជា លុះ ត្រឡប់ទៅ ប្រទេសវៀណាមវិញ ក៏បានបង្កប់ឈើប្រណិតប្រភេទធ្នង់សុទ្ធ នៅបាតរថយន្ត និងដំបូល ចំនួន ប្រមាណជាង៣០សន្លឹក ខណៈពេលមកដល់ជិតច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក៏ត្រូវបាន សមត្ថកិច្ច ចម្រុះគ្រប់ស្ថាប័ន ដូចជាប៉ូលិសច្រកទ្វារ ជំនាញរដ្ឋបាលព្រៃឈើ រួមទាំងប៉ូលិសប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសហការគ្នា យ៉ាងល្អធ្វើការឃាត់រថយន្ត ដើម្បីត្រួតពិនិត្យ ឆែកឆេរ ទៅលើរថយន្តឃើញមាន ឈើប្រណិតបង្កប់នៅក្នុង រថយន្តពិតប្រាដកមែន ទើបធ្វើការបង្ក្រាបភ្លាមៗ ហើយឃាត់ខ្លួន តៃកុងរថយន្ត ជនជាតិវៀតណាមបានម្នាក់ និងរឹបអូសយករថយន្ត និងឈើមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្តទៅតាម និតិវិធីច្បាប់ ។ ប្រភពដដែលបានបន្តទៀតថា ហេតុដែលឈានដល់ ការបង្ក្រាបបានរថយន្តក្រុង របស់វៀតណាមមួយគ្រឿងនេះ បានដោយមាន ការរាយការណ៍ ពីកម្លាំងសម្ងាត់ថា រថយន្តនេះបានលួចលាក់ ផ្ទុកឈើប្រណិត និងមានការសហការល្អ រវាងសមត្ថកិច្ចទាំងអស់ គ្រប់ជំនាញផងដែរ ហើយចំនួនឈើដែលបង្ក្រាបបាន មានចំនួនសរុប៣៦ដុំ ស្មើនឹង០,៨៥៩ម៉ែត្រគូប ។
គួរបញ្ជាក់ផងដែរថា ប្រភពមួយផ្សេងទៀត បានខ្សឹបប្រាប់ឲ្យដឹងថា រថយន្តក្រុងរបស់វៀតណាម ដែលសមត្ថកិច្ចបង្ក្រាបបាននេះ បានធ្វើចរាចរលួចលាក់ ដឹកឈើប្រណិតជាយូរ ណាស់មកហើយមិនដែលបង្ក្រាបបាននោះទេ ទើបតែម្តងនេះអស់ល័ក្ខ ត្រូវសមត្ថកិច្ចក្របួច បានទាំងព្រឹកបែបនេះ ហើយនៅក្នុងខេត្តរតនៈគិរី ក្រុមឈ្មួញដែលរកស៊ី បទល្មើសព្រៃឈើទាំងអស់ សុទ្ធតែមានល្បិចប្លែកៗ ប្រើគ្រប់រូបភាព ៕
ដោយៈ តាំង ឧសារ