ក្រុមកម្មករជីក រុករករ៉ែមាស យ៉ាងអាណាធិបតេយ្យ ជាង៣០គ្រួសារ លោកអភិបាលស្រុក លោកមេឃុំ និងលោកមេប៉ុស្តិ៍ សុទ្ធតែឆ្លើយថា មិនដឹងរឿង

ក្រុមកម្មករជីក រុករករ៉ែមាស យ៉ាងអាណាធិបតេយ្យ ជាង៣០គ្រួសារ លោកអភិបាលស្រុក លោកមេឃុំ និងលោកមេប៉ុស្តិ៍ សុទ្ធតែឆ្លើយថា មិនដឹងរឿង

ខេត្តរតនគិរីៈ មានក្រុមកម្មករជាច្រើន បានប្រមូលផ្តុំគ្នា មកជីករុករកមាសជាច្រើន យ៉ាងអាណាធិបតេយ្យ នៅក្នុងព្រៃត្រង់ចំណុច អូរកញ្ញា ហៅអូរបាមូក ស្ថិតនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅឃុំបរខាំ បានប្រាប់ឲ្យដឹងថា ការជីករករ៉ែមាសនេះ មានតាំងពីយូរឆ្នាំមកហើយ មានទាំងខ្មែរ និងវៀតណាមផងដែរ ដែលនាំគ្នាមកប្រកបមុខរបរនេះ ហើយឥឡូវនេះ នៅតែ​មាន​អ្នកមកជីក រុករករ៉ែមាសកាន់តែច្រើន ទៀតផង ។

ប្រភពដដែលបានបន្តទៀតថា ពីមុនមកអ្នកភូមិនាំគ្នា ជីករ៉ែមាស រ៉ែងដោយដៃ ប៉ុន្តែបច្ចុប្បន្ននេះ គេជីករ៉ែមាសយក អាចម៌ដីមករ៉ែងនឹងម៉ាស៊ីន ពាក់កណ្តាលស្វ័យប្រវត្តិ ធ្វើ​ឲ្យមានការប៉ះពាល់យ៉ាង​ខ្លាំង​ដល់ធនធានធម្មជាតិ ក៏ដូចជាសត្វពាហណៈជាដើម ព្រោះ​ថា​​ម៉ាស៊ី​រ៉ែង​យកមាសនេះ មាន​កញ្ចែ្រង​ទប់​មាស និងបង្ហូរកម្ទេចរ៉ែ​ចេញមក​ក្រៅ តាមទរទឹកចូលទៅក្នុងអូរ ។ ប្រ​ភពពីប្រជាពលរដ្ឋដដែល​បាន បញ្ជាក់​ទៀតថា ការជីករុករករ៉ែមាសនេះ ពួកគាត់សន្និដ្ឋានថា អាជ្ញាធរ និងសមត្ថកិច្ច​មិនអាច ធ្វើការ បង្ក្រាប​បាន​ទេ​ ពីព្រោះពួកគាត់ឃើញ មានមនុស្សមកជីករ៉ែមាសរហូត និងយូរឆ្នាំមក​ហើយ​មិន​ដែលឈប់នោះទេ ។

ទាក់ទិនទៅនឹង ការជីករ៉ែមាសអាណាធិបតេយ្យ នៅទីតាំងខាងលើនេះ អ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោករម៉ាម ផាត មេប៉ុស្តិ៍ឃុំបរខាំ លោកប្រាប់ថា រឿងនេះលោកបានដឹងដែរ ព្រោះរឿងនេះ​យូរឆ្នាំមកហើយ លោកក៏មិនបានទទួល ផលប្រយោជន៍ពីការជីក រ៉ែមាសនេះដែរ លោកនិយាយថា ការជីក​រ៉ែមាសនេះគ្មានច្បាប់ រឺលិខិតអនុញ្ញាតិអ្វីទាំងអស់ ហើយលោកធ្លាប់បាន ធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើដែរ ប៉ុន្តែគ្មានចំណាត់ការ ណាមួយមកលោកវិញទេ គឺស្ងាត់ស្ងៀមគ្មានវិធានការ អ្វីទាំងអស់ ។ លោកបានបញ្ជាក់ថា ពីមុនមកមានទាំងថ្នាក់ខេត្ត តុលាការ និងមន្ទីររ៉ែ និងថាមពល ចុះមកដល់ទីតាំងជីករ៉ែ​មាស​នេះដែរ ហើយអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោករម៉ាម ខេត មេឃុំបរខាំ លោកបានឆ្លើយថា មិន​ដឹងទេរឿងនេះ លោកគ្រាន់តែដឹងថា ពីមុនមានគេជីករ៉ែមាសមែន តែឥឡូវនេះលោកមិនដឹងទេ ពីព្រោះ​គ្មាន​របាយការណ៍ណា បញ្ជូនមក លោកទេ ប៉ុន្តែលោកបាននិយាយថា ពីមុនមានគេខ្សឹបប្រាប់លោកថា  គេបាន​បង់លុយឲ្យសមត្ថកិច្ច ទើបធ្វើបាន ចំណែកលោកជាមេឃុំ មិនបានទទួលផលប្រយោជន៍​អ្វីនោះ​ទេ ។ ចំណែកលោកដក សរ អភិបាលស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅ​លោកដើម្បីឲ្យ​ជួយបំភ្លឺជុំវិញករណី ខាងលើនេះ លោកបានឆ្លើយថា លោកមិនដឹងថា មានគេជីករ៉ែមាស​ទៀត​នោះ​ទេ ពីព្រោះពីមុន លោក អភិបាលខេត្តធ្លាប់បាន ធ្វើការហាមឃាត់ច្រើនដង មកហើយដែរ ដោយពី​មុន​មកក៏មាន​ក្រុមហ៊ុនធ្វើដែរ លោកគ្រាន់តែដឹងថា មានអ្នកជីករ៉ែមាសនៅទីនោះ លក្ខណៈគ្រួសារធម្មតា​តិចតួច​ ហើយ​លោកក៏បាន ហាមឃាត់ដែរ តែចាំលោកសួរនាំទៅ លោកមេឃុំសិន ហើយលោកនឹង​ឲ្យក​ម្លាំង​ប៉ូលិស ​ប៉េអឹម ទៅមើលដល់កន្លែងជាក់ស្តែង តើអ្នកណាជាម្ចាស់? ហើយអ្នកណាខ្លះ? ស្នាក់នៅ​កន្លែង​ណា? រីឯ​លោកប្រធានមន្ទីររ៉ែ និងថាមពល អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយ ​ជុំវិញ​រឿង​ខាងលើ​បានទេ ដោយមិនអាចទំនាក់ទំនងបាន ។

គួរបញ្ជាក់ផងដែរថា បើអាជ្ញាធរ និងសមត្ថកិច្ចនៅតែ បណ្តែតបណ្តោយ មិនចាត់ វិធានការ ណាមួយ​ ទៅលើការជីកយក មាសទៀតនោះ វានឹងបណ្តាលឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំង ដល់ធនធាន ធម្មជាតិ និងសត្វពាហណៈ ហើយនិងអាចប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ទីនោះទៀត​ផង ៕

ដោយតាំង​ ឧសារ

kjhi

y

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.