ខេត្តរតនគិរីៈ ប៉ូលិសនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចមកពីក្រសួងមហាផ្ទៃ ដែលមានគ្នាចំនួន១២នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ទូច យុទ្ធី បានចុះប្រតិបត្តិការបង្ក្រាបបាន រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ចំនួន២គ្រឿង យកមករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
លោក ទូច យុទ្ធី បានឲ្យដឹងថា រថយន្តលួចលាក់ដឹកឈើ ប្រណិតខុសច្បាប់ទាំង២គ្រឿង ដែលបង្ក្រាបបាននេះ ទី១ ម៉ាកធុនត្រា ពណ៌ស្ករត្នោត ពាក់ស្លាកលេខ ភ្នំពេញ2X1087 និងមួយគ្រឿងទៀត ម៉ាកធុនត្រាពណ៌ស គ្មានស្លាកលេខបានលួចដឹកឈើ ប្រណិតពេញណែនទាំង២គ្រឿង ប្រភេទធ្នុងសុទ្ធ ។ លោកបន្តទៀតថា រថយន្តទាំង២គ្រឿងនេះ បង្ក្រាបបានកាលពីវេលាម៉ោង ៨និង ១០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី ។
លោកបានបញ្ជាក់ទៀតថា មុននឹងឈានដល់ការបង្ក្រាប បានរថយន្តល្មើសទាំង២គ្រឿងនេះ ដោយមានការឃ្លាំមើល តាមប្រម៉ាញ់យ៉ាងស្វិតស្វាញ ពីកម្លាំងរបស់លោក ទើបស្ទាក់ចាប់បាន រថយន្តដឹកបទល្មើសទាំងនេះ ។
លោកបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្ទាក់ចាប់បាន រថយន្តទាំង២គ្រឿនេះរួច លោកបានបញ្ជាឲ្យកម្លាំងរបស់លោក វាយខ្នោះជនល្មើសដែលជិះ នៅក្នុងរថយន្តនោះ មានគ្នាចំនួន៤នាក់ និងដកហូត ទូរស័ព្ទដៃ និងដកយកសោរថយន្ត ដើម្បីយករថយន្ត និងជនល្មើសទៅកាន់ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តចាត់ការបន្តទៅទៀត តាមនិតិវិធីច្បាប់ ។ ចំណែកឯចំនួនឈើ ពិតប្រាកដ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះមន្ត្រីជំនាញ មិនទាន់វាស់ រីឯចំនួនឈើបឋម គឺមានចំនួន៩០សន្លឹក ដែលមានមុខកាត់១០x៤០x១,២ និង១០x៥០x១,២ ៕
ដោយៈ តាំង ឧសា