បន្ទាយមានជ័យៈ ជាទម្លាប់ក្រុមពលករខ្មែរ ចំណាកស្រុក មុនរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនាំគ្នាសម្រុកចូលមកស្រុកកំណើត ហើយបន្ទាប់ពីរដូវបុណ្យ ចូលឆ្នាំប្រពៃណីជាតិ បានបញ្ចប់ គេសង្កេត ឃើញ ក្រុមពលករចំណាកស្រុក មានស្រីមានប្រុស ដោយភ្ជាប់មកជាមួយកាបូប ខោអាវ រយីងរយោង ក្នុងមួយថ្ងៃៗមានរាប់រយនាក់ បាននាំគ្នាជិះរថយន្តតាក់ស៊ី និងរថយន្តក្រុងមកពីបណ្តាខេត្តផ្សេងៗ ឆ្ពោះចូលមកទឹកដីជាយដែន កម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ដើម្បីសម្រាក និងត្រៀមឆ្លងដែនទៅទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងខុសច្បាប់មួយចំនួននៅក្នុងតំបន់ ក្នុងគោលបំណងចេញទៅ រកការងារធ្វើនៅទីនោះ ដើម្បីរកប្រាក់ចិញ្ចឹមក្រពះរបស់គេផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងតំបន់ជាយដែន កម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន-ជ័យនេះ គឺគេសង្កេតឃើញក្រុមពលករ មានស្រីមានប្រុស ធ្វើចំណាកស្រុកឆ្លងដែន ទៅធ្វើការនៅប្រទេសថៃ ជាទម្លាប់ទៅហើយ ។
តាមប្រភពពីពលកលករ ចំណាកស្រុកទាំងនោះ បានឱ្យដឹងថា ការចេញឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ជាទម្លាប់នោះគឺមានបីប្រភេទ៖ ទី១.ឆ្លងតាមច្រកត្រង់តាមរយៈ ក្រុមហ៊ុននាំពលករទៅរកការងារ ធ្វើនៅប្រទេសថៃស្របច្បាប់ ។ ទី២.លួចឆ្លងតាមច្រករបៀង ដោយពឹង ផ្អែកទៅលើមេខ្យល់ជាអ្នកនាំផ្លូវ និងនាំទៅរកការងារធ្វើ ។ ហើយក្រុមពលករទាំងនោះ បានប្រាប់ថា បើទៅតាមរយៈមេខ្យល់ គឺចំណាយឱ្យមេខ្យល់ក្នុងម្នាក់ ២៥០០បាត ទៅ៣០០០បាតប្រាក់ថៃ ជាថ្នូរ ទើបការឆ្លងដែនទៅធ្វើការ នៅទីនោះបានយ៉ាងរលូន ។ ចំណែកទី៣.មានក្រុមពលករខ្លះចេញទៅរកការងារធ្វើ ដោយខ្លួនឯង ប៉ុន្តែពួកគាត់បញ្ចាក់ថា ការធ្វើដំណើរតាមប្រភេទទីបីនេះ មានតិចតួចបំផុត ។
ក្នុងការធ្វើចំណាកស្រុក របស់ពលករខ្មែរនេះ លោក ឡេង ហុងលាង មេបញ្ជាការសឹករង ក្រុងប៉ោយប៉ែត បានសហការណ៏ ជាមួយកងទ័ពជើងគោក ខេត្តបន្ទាយមានជ័យ ចុះធ្វើការ ទប់ស្កាត់ និងបានអប់រំពីការលំបាក និងគ្រោះថ្នាក់នៅប្រទេសថៃផងដែរ ។ លោកមេបញ្ជាការ បានបន្តថា ការឃាត់អប់រំនេះ គឺលោកធ្វើ និងទប់បានតែច្រកមួយចំនួន របស់ទាហ៊ានលោកឈរ ជើងតែប៉ុណ្ណោះ ចេញពីច្រករបស់ទាហ៊ានលោក គ្រប់គ្រង ត្រង់ថាទៅចេញនៅច្រកណា ក៏លោក មិនដឹង ប៉ុន្តែនៅច្រកមួយចំនួន ជាង៤០ច្រកតាមបន្ទាត់ព្រំដែនខ្លះ គេមិនបានគិតពីការគ្រោះថ្នាក់ ដល់ពលករខ្មែរនោះទេ គេគិតតែពីផលប្រយោជន៏ ដែលបានមកពី ការចម្លងពលករឆ្លងដែន តែប៉ុណ្ណោះ ៕