រូបភាពគំនរឈើប្រណិត របស់មេឈ្មួញឈ្មោះ ពក នៅភូមិសម្បូរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកំពុងស្តុកទុក តាំងពីថ្ងៃទី១០ មេសា មុនថ្ងៃចូលឆ្នាំខ្មែរ ត្រូវបានភ្នាក់ងារ សារព័ត៌មានជាតិ ថតយករូបភាព និងបានរាយការណ៍ ទៅស្ថាប័នជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះផងដែរ ប៉ុន្តែរាល់ការផ្តល់ព័ត៌មានតាមទូរស័ព្ទ គឺមិនត្រូវបានមន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ លើកទូរស័ព្ទទទួលនោះឡើយ ។ ព្រោះថាមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ពិតជាបានដឹងពី លេខទូរស័ព្ទអ្នកកាសែត ទើបមិនព្រមទទួល ម្យ៉ាងវិញទៀត មេឈ្មួញឈើប្រណិត ឈ្មោះ អាពក សុទ្ធសឹងតែបានទំនាក់ទំនង ជាមួយនាយផ្នែករដ្ឋបាល ព្រៃឈើ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ រួចរាល់អស់ហើយ ។
ដូចឃើញក្នុងរូបភាពនេះស្រាប់ ឧក្រិដ្ឋជនព្រៃឈើ គឺមិនត្រឹមតែពាក់ព័ន្ធចំពោះ មេឈ្មួញទុច្ចរិតឈ្មោះ ពកនោះទេ គឺធ្លាប់ពាក់ព័ន្ធទៅនឹង មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើដែលមានលោក ព្រាប សុធារ៉ា ជាប្រធាន និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ដែលមាន លោក សូ សារិទ្ធ ជាប្រធានថែមទៀតផង ។ ព្រោះឧក្រិដ្ឋជនព្រៃឈើ ដែលមានការឃុបឃិត ពីនាយផ្នែក និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ក្រចេះ គឺជាប្រព័ន្ធបទល្មើសមួយ ដែលប្រមុខរាជ- រដ្ឋាភិបាល អាណត្តិទី៥ប្រកាសថា នឹងធ្វើការកែទម្រង់ស៊ីជម្រៅ គឺពិតជាមិនអាចទុកឱកាស ឲ្យក្រុមមន្ត្រីជំនាញ នាយផ្នែក និងនាយខណ្ឌ គេចចេញពីសំណាញ់ច្បាប់ បាននោះឡើយ ។
ម្យ៉ាងវិញទៀត រថយន្តប្រមូលព្រៃឈើ នៅឃុំកន្ទួត ស្រុកចិត្របុរី ដែលភ្នាក់ងារសារពត៌មានជាតិ ស្គាល់ច្បាស់ថា ជាឡានដឹកឈើប្រណិត របស់មេឈ្មួញឈ្មោះ ចិន ក៏មិនត្រូវបាន មន្ត្រីជំនាញ សហការជាមួយអ្នកកាសែត ដើម្បីបង្ក្រាបនោះឡើយ ។ ព្រោះរូបភាពឡានដឹកឈើនេះ កំពុងដឹកនៅម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី១០ មេសា ២០១៤ បើទោះបីជា អ្នកសារព័ត៌មាន បានទូរស័ព្ទចូលទៅកាន់ មន្ត្រីជំនាញផ្នែក រដ្ឋបាលព្រៃឈើ ក៏គ្មានអ្នកទទួលទូរស័ព្ទ នោះដែរ ។ ដូច្នេះគោលនយោបាយ កែទម្រង់របស់រាជរដ្ឋាភិបាល នឹងបរាជ័យ ៕