ខេត្តរតនគិរីៈ យុវជនម្នាក់ត្រូវបានបក្ខពួក ដែលជាជនដៃដល់ វាយនឹងដំបងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈដែលជនរងគ្រោះ បានជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខ រតនៈគិរី1A-1618 មកដល់ផ្លូវបំបែកជាបួនត្រង់ចំណុច ហាងខារ៉ាអូខេដានវើល ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគិរី កាលពីវេលាម៉ោង ៨និង១០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ។បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានលឺសូសម្លេងលាន់ខ្លាំងគួរសម មួយសន្ទុះក្រោយមក ទើបឃើញអ្នកជិះម៉ូតូ ដែលជាជនរងគ្រោះ ដេកស្លាប់ក្បែរម៉ូតូ ដែលត្រូវជនដៃដល់ មានគ្នាពីរ-បីនាក់យ៉ាងតិច បានយកដំបងឈើបួនជ្រុង ប្រវែងជាងមួយម៉ែត្រ វាយចំក្បាលពីក្រោយ និងគុម្ពត្រចៀកយ៉ាងធ្ងន់ធ្ងរ ព្រៃផ្សៃបំផុត បណ្តាលឲ្យ ជនរងគ្រោះដែលមានឈ្មោះហៅក្រៅត្រេន អាយុជាង២០ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងលោកស្នងការរង ផែន ឌីណា ទទួលបន្ទុកព្រហ្មទណ្ឌបានចុះទៅដល់កន្លែង កើតហេតុ ធ្វើកោសល្យវិច្ឆ័យគ្រប់ជ្រុងជ្រោយរួចរាល់ បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកក្នុងរឿងហេតុ ឃាតកម្មខាងលើ ជនដៃដល់សម្លាប់ឈ្មោះត្រេន សមត្ថកិច្ចហាក់បីដូចជាមានពន្លឺច្រើនក្នុង ការស្រាវជ្រាវ ព្រោះជនដៃដល់ និងជនរងគ្រោះ ទំនងជាមានការស្គាល់គ្នា ពីមុនមកហើយទំនងជារឿងគំនុំផងដែរ រហូតឈានដល់ការសម្លាប់ ៕
ដោយៈ តាំង ឧស្សា