ផ្លូវជាតិលេខ ៦A ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចពង្រីក និងធ្វើឡើងវិញ ក្រោមជំនួយប្រាក់កម្ចី ពីសម្ព័ន្ធមិត្តចិន ដោយ តម្រូវឱ្យក្រុមហ៊ុនចិនទទួលសិទ្ធិម៉ៅការសាងសង់ ។ ប៉ុន្តែរឿង ដែលចម្លែក ដែលបង្កឱ្យប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ជាតិ លេខ ៦A សម្តែងការមិនពេញចិត្ត គឺក្រុមបញ្ជាគ្រឿង ចក្រដែល ឈូសឆាយនៅ មុខផ្ទះពួកគាត់ចាប់តាំងពីជំហានទី ១ បើអ្នកផ្ទះ ណាមានលុយឱ្យ គឺរុញអាចម៍ដីដាក់ចេញពីមុខផ្ទះ ប៉ុន្តែបើអ្នក ផ្ទះណាអត់មានលុយឱ្យទេ គឺរុញអាចម៍ដីដាក់បិទមុខ ផ្ទះតែម្តង ។
នៅក្នុងជំហានទី ១ នេះគឺក្រុមប្រើគ្រឿងចក្រហាក់ទទួលយកសំណូមពរពីប្រជាពលរដ្ឋត្រឹមមួយគ្រួសារ ពី ៣ ទៅ ៥ ម៉ឺន រៀលប៉ុណ្ណោះទេ ហើយអ្នកបញ្ជាគ្រឿងចក្រទាំងអស់ពុំមែនជាជនជាតិចិនឡើយ គឺទាំងអ្នកបញ្ជោគ្រឿងចក្រ និងអ្នក គ្រប់គ្រងគ្រឿងចក្រ គឺសុទ្ធសឹងជាខ្មែរទាំងអស់ ។ ដោយឡែកនៅក្នុងដំណាក់កាលទី ២ វិញ គឺក្រុមបញ្ជាគ្រឿងចក្រ ប្រើសិទ្ធិ អាទិ៍ភាពឈូសកកាយមុខផ្ទះប្រជាពលរដ្ឋ រហូតដល់កន្លែងលក់ដូរផ្សេងៗដោយគ្រាន់តែស្តង់ដេប៉ូលក់ឈើ នៅភូមិខ្ទរ មួយកន្លែង មានបំណងចង់ចាក់ដីឡើងទៅកាន់ដេប៉ូខ្លួន គឺក្រុមគ្រឿងចក្រឆ្លើយថា មេខាងលើមិនអនុញ្ញាត ឱ្យចាក់ដីឡើយ ។ នៅពេលបង់ឱ្យ ២៥០ដុល្លារ ទើបអាចចាក់ដីបានហើយមេខាងលើក៏អត់បានហាមប្រាមឡើយ សួរ ថា តើសកម្មភាពអភិវឌ្ឍ ដោយឆ្លៀតឱកាសមកសង្កត់ករាស្ត្របែបហ្នឹងអាចចាត់ទុកបានថា ជាអំពើពុករលួយដែរឬទេ ? ។
គ្រាន់តែនៅក្នុងតំបន់ ដែលស្ថិតក្នុងព្រំដែនសង្កាត់ព្រែកលៀប គឺមានអ្នករងគ្រោះ ដោយការគាបសង្កត់ជម្រិតយក ប្រាក់ពីក្រុមគ្រឿងចក្រមិនតិចទេ ព្រោះបើមិនឱ្យលុយក្រុមគ្រឿងចក្រពួកគេក៏អត់ស្រែកទារដែរ ដោយគ្រាន់តែធ្វើសកម្ម ភាពឈូសដីមុខផ្ទះ មុខហាង មុខផ្សាររួចទុកចោលរង់ចាំមានអ្នករត់ការឱ្យប្រញាប់ចាក់ដីកិនបង្ហាប់ក្នុងតម្លៃដែលគេ អាច ទទួលយកបាន ទើបគេសង្កេតឃើញគ្រឿងចក្រធ្វើសកម្មភាពមមាញឹក ដើម្បីសម្រូលដល់ម្ចាស់ផ្ទះម្ចាស់ហាង និងទីតាំង ផ្សារ ឱ្យដំណើរការចេញចូលលក់ដូរបានឡើងវិញ ។
សកម្មភាពពុករលួយ ទាំងកណ្តាលថ្ងៃបែបហ្នឹង តើអាចចាត់ទុកបានថា ជាទំហំនៃអំពើពុករលួយមួយ ដែលស្ថិតក្នុង ដែនសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយដែរឬទេ ? ព្រោះមិនពិបាកស្រាវជ្រាវនោះទេ ដោយគ្រាន់តែធ្វើដំណើរ ទៅតាម ផ្ទះតាមហាង និងកន្លែងលក់ដូរនៅតាមដងផ្លូវជាតិលេខ ៦A ចាប់ពីមជ្ឈមណ្ឌលព្យាបាលជំងឺសើរស្បែក រហូតដល់ព្រំប្រទល់ សង្កាត់ព្រែកលៀបទៅដឹងហើយ ។ ម៉្យាងវិញទៀតការគាបសង្កត់តាមសកម្មភាពគ្រឿងចក្រ គឺពុំ ពាក់ព័ន្ធដោយផ្ទាល់ជាមួយ ក្រុមហ៊ុនចិនដែលម៉ៅការឡើយ ព្រោះអ្នកបញ្ជាគ្រឿងចក្រ គឺកម្មករជំនាញខ្មែរ ហើយអាច មានវិស្វករខ្មែរជាអ្នកគ្រប់គ្រង ទើបបង្កើតបានកម្មវិធីជម្រិតទារប្រាក់ ក្រោមរូបភាពអភិវឌ្ឍ ដែលមានទ្រង់ទ្រាយធំបែបហ្នឹងបាន ៕