ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មានបុរសមេជាង នៅកន្លែងកែច្នៃ ធុងហ្គាស់ដ៏ធំមួយ ចំណុចមុខវត្តប៉ាលិលេយ្យ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤នេះ បានរងរបួសធ្ងន់ ដាច់ដៃទាំងសងខាង ខណៈ ផ្សារ និងកែច្នៃ ធុងហ្គាស់ ខុសបច្ចេកទេស ផ្ទុះដូចគ្រាប់បែក។
ភ្លាមៗនោះជនរងគ្រោះ ខ្ទាតចេញសន្លប់ស្តូកស្តឹង របួសធ្ងន់ដេកក្នុងថ្លុកឈាម មួយសន្ទុះ ទើបមានអ្នកស្រុក ហ៊ានចូលទៅជួយសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។ បច្ចុប្បន្នសមត្ថកិច្ច មានកម្លាំង អ.ហ និងនគរបាល ក្រុងប៉ោយប៉ែត មេភូមិ ចៅសង្កាត់ បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ ជុំវិញការផ្ទុះនេះ។
សាក្សីពីប្រជាពលរដ្ឋ រស់នៅជិតខាងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេ បានឃើញ មេជាងកែច្នៃនិងផ្សារធុងហ្គាស់ ដ៏ធំមួយ ដើម្បីបំពាក់រថយន្តឲ្យម៉ូយ នៅពេលផ្សារជិតហើយ ស្រាប់តែធុងហ្គាស់នោះ បានផ្ទុះដូចគ្រាប់បែក បណ្តាលឲ្យគាត់ របួសដាច់ដៃដាច់ជើង និងរបួសធ្ងន់ពេញខ្លួនសន្លប់ ដេកក្នុងថ្លុកឈាមតែម្តង។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សានឿន ភេទប្រុស កើតនៅឆ្នាំ១៩៧៩ បានបញ្ចប់ជំនាញជួសជុលរថយន្ត ពីសាលា បច្ចេកទេសមួយ នៅរាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ មិនបានជួសជុលរថយន្តទេ មកធ្វើជាអ្នកកែច្នៃ ធុងហ្គាស់បំពាក់រថយន្តវិញ ទើបខុសបច្ចេកទេស ផ្ទុះបណ្តាលឲ្យរបួសធ្ងន់តែម្តង មកពេលនេះ ក្រុមគ្រូ ពេទ្យកំពុង ជួយសង្គ្រោះបន្ទាន់ ៕