ប៉ោយប៉ែត៖ ទំនិញគេចពន្ធ នាំចូលពីប្រទេសថៃ កំពុងសម្រុកចូល ទាំងយប់ទាំងថ្ងៃតាមច្រកនានា ក្នុងភូមិសាស្ត្រ ព្រំដែនឈរជើង របស់វរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ ក្រោមការគ្រប់គ្រង របស់លោក ហាំ វណ្ណៈ ជាមេបញ្ជាការ ។ គេឃើញសកម្មភាព សម្រុកដឹកជញ្ជូនទំនិញ សព្វសារពើឆ្លងដែន ពីប្រទេសថៃមានសភាពខ្លាំងក្លា ខុសពីសព្វដង ដោយគ្មានការទប់ស្កាត់ បង្ក្រាបណាសោះ ពីមន្ត្រីជំនាញនានា ជាពិសេសក្រុមមន្ត្រី នគរបាល របស់លោក ហាំ វណ្ណៈ កំពុងឈរជើង គ្រប់ប៉ុស្តិ៍តាមច្រករបៀង ទាំងអស់នោះ ។
ប្រភពបានឲ្យដឹងថា នគរបាលការពារ ព្រំដែនគោកលេខ៨៩១ ដែលឈរជើងនៅចំណុច ខាងត្បូងផ្លូវជាតិលេខ៥ ក្រោមការគ្រប់គ្រង និងបញ្ជាដោយលោក ហាំ វណ្ណៈ មេបញ្ជាការប៉ូលិស ការពារព្រំដែនគោក លេខ៨៩១ បានបណ្តែតបណ្តោយ ឲ្យកូនចៅក្រោមឱវាទ ឃុបឃិតជាមួយឈ្មួញ នាំទំនិញគេចពន្ឋចេញចូល តាមច្រករបៀងដូចគេហែរកឋិននាពេលយប់ ។ មន្ត្រីប៉ុស្តិ៍ច្រករបៀងនិមួយៗ បែរជាសប្បាយនឹង រាប់ក្បាលឡានដឹកទំនិញ គេចពន្ឋយកលុយទៅវិញ ទង្វើនេះគឺផ្ទុយពីបទបញ្ជា និងការណែនាំរបស់ ស្នងការខេត្តបន្ទាយមានជ័យ ។
គេសង្កេតឃើញថា ចាប់ពីចំណុចមាត់ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ច្រកអូរល្ហុង ក្នុងភូមិសាស្ត្រខាងត្បូងផ្លូវជាតិលេខ៥ លោក ហាំ វណ្ណៈ មេបញ្ជាការបានរាយកូនចៅ ប្រចាំច្រកឆ្លងចេញចូល តាមបន្ទាត់ព្រំដែន ដូចជាលោក ណុល ម៉ាប់ ហៅខ្លាធំ បុរសមាឌធំខ្មៅម្នាក់នេះ ជាមេប៉ុស្តិ៍ប្រចាំច្រកដើមពោធិ៍ មានការចរាចរ បើកដៃឲ្យពលករខ្មែរលួចឆ្លងដែន ខុសច្បាប់ផងដែរ ។ នៅចំណុចច្រក បុរីថ្មីស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ច្រកនេះគ្រប់គ្រងដោយលោក ភោគ វិបុល ច្រកមួយនេះគេអាច និយាយបានថា ជាប៉ុស្តិ៏លេខ១ សម្រាប់វរៈការពារព្រំដែនគោកលេខ៨៩១ ពីព្រោះលោក ភោគ វិបុល មានជំនាញខាង កាប់ដាវក្នុងការនាំទំនិញល្អៗ គេចពន្ឋដូចជា ហ្គាសយ៉ាងច្រើនបំផុត និងរបស់សំខាន់ផងដែរ ។
លោក ភោគ វិបុល បានធ្លាប់នាំទំនិញឆ្លងដែន ដែលត្រូវបានមន្ត្រីជំនាញនានា ចុះចាប់និងទប់ស្កាត់ជាច្រើនដងនាពេលកន្លងមក ដូចជាសត្វមាន់រស់ ធុងហ្គាសតាមអំពើចិត្ត ហើយធ្លាប់ត្រូវបានមន្ត្រីជំនាញ ចុះចាប់ជាច្រើនលើកច្រើនសារ ។ បើទោះជាមានការបង្ក្រាប ជាច្រើនសារ ក៏លោក ភោគ វិបុលកាន់តែប្រព្រឹត្តបទល្មើស លើសមុន ។ ច្រករបៀងមួយទៀត គឺច្រកដើមអង្ក្រង ដែលគ្រប់គ្រងដោយលោក សុខ គឿន ដែលជាកូនចៅលោក ភោគ វិបុល មានជំនាញខាងនាំសត្វមាន់រស់ និងបក្សាបក្សីគ្រប់ប្រភេទ ពីប្រទេសថៃចូលទឹកដីខ្មែរ គ្មានការត្រួតពិនិត្យពីមន្ត្រីពេទ្យសត្វអ្វីឡើយ ។
ការនាំចូលខាងលើនេះ ធ្វើមានការព្រួយបារម្ភ ជាខ្លាំងអំពីសុវត្តិភាព ប្រជាពលរដ្ឋខ្មែរ ងាយឆ្លងជំងឺផ្តាសាយបក្សី ។ ក្រៅពីច្រករបៀងខាងលើនេះ នៅមានច្រករបៀងជាច្រើនទៀត ដូចជាច្រកធឹមណាង ដែលកំពុងប្រព្រឹត្តទង្វើដូចៗគ្នានេះដែរ ។ ការបណ្តែតបណ្តោយ ឲ្យមានការរត់ពន្ធទំនិញ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគ្មានវិធានការទប់ស្កាត់ ពីប្រធានអង្គភាព លោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ នេះគឺបានធ្វើឲ្យរដ្ឋ បាត់ចំណូលពន្ធជាច្រើន ដែលប្រការនេះទាមទារឲ្យ មន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់លើគួរមានវិធានការលុបបំបាត់ជាបន្ទាន់ កុំឲ្យមានភាពអាណាធិប្បតេយ្យ ៕
ប្រម៉ាញជាយដែន