បន្ទាយមានជ័យៈ សាកសពពលករខ្មែរ ដែលស្លាប់ដោយជួប ឧប្បតិវហេតុគ្រោះថ្នាក់ចរាចរ នៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ ដែលមានស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន៩នាក់នោះ នៅវេលា ម៉ោង៩.២០នាទី យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ បានបញ្ជូនមកដល់ដីខ្មែរវិញ ហើយតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដែលមានសពចំនួន ៥ រីឯអ្នករងរបួសចំនួន៤នាក់ ផ្សេងទៀតនោះ ត្រូវបានភាគីថៃបញ្ជូន ទៅសំរាកព្យាបាលនៅ មន្ទីរពេទ្យ នៅប្រទេសថៃដដែល សាកសពមាន ១.ឈ្មោះ ប៊ុន សឿន ភេទប្រុស អាយុ២១ ២.ឈ្មោះ គ្រុយ ឈីម ភេទស្រី អាយុ២១ឆ្នាំ ទាំងពីរនាក់ មកពីភូមិភ្នំដី ឃុំគោកតារាជ ស្រុកភ្នំស្រុក ៣.ឈ្មោះ រ៉ា ចាន់រី ភេទស្រី អាយុ២៨ឆ្នាំ ៤.ឈ្មោះ អ៊ិន មុន្នី ភេទប្រុស អាយុ២៦ឆ្នាំ ពីរនាក់នេះរស់នៅ ភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី សពទាំងបួននាក់ នៅខេត្ត(ប.ជ) និងម្នាក់ទៀត មានឈ្មោះ គិម ខា ភេទប្រុស អាយុ៣២ឆ្នាំ មកពីស្រុក បរិបូរណ៏ ខេត្តកំព់ងឆ្នាំង ។ ក្នុងពេលដែល បញ្ជូនសពមកដល់ វត្តបាលិលេយ្យ ធ្វើការផ្ទេរផ្ទូនោះ តាមការបំភ្លឺពីតំណាង អគ្គកុងសុលកម្ពុជា ប្រចាំការនៅប្រទេសថៃ បានឲ្យដឹងថា ពលកររងគ្រោះទាំង៩នាក់ខាងលើ គឺជាពលករចូលតាម ច្រករបៀងមួយកន្លែង តាមរយៈមេខ្យល់ ដែលជួបគ្រោះថ្នាក់នេះ គឹខណៈពេល កំពុងធ្វើដំណើរ ក៏មានរថយន្តតម្រួតថៃ ដេញតាមពីក្រោយ ហើយអ្នកបើកបរ មានការភ័យខ្លាច ក៏បន្ថែមល្បឿន ទើបជ្រុលចង្កូតទៅបុកបង្គោលថ្ម ក្រោមស្ពានអាកាសនៅស្រុកសៀរ៉ាឆា ខេត្តឈុនបូរី ប្រទេសថៃ ។ ប្រភពបានបន្តថា ជនរងគ្រោះទាំង១០នាក់ មានម្នាក់ជាជនជាតិថៃ ជាអ្នកបើកបររថយន្តខាងលើ ហើយក៏ ទទួលរងគ្រោះថ្នាក់ ដល់ស្លាប់ផងដែរ ។ រីឯសពដែល បានបញ្ជូនមកដល់ហើយនោះ សពបួន ត្រូវបានក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ហើយសពមួយ ដែលនៅខេត្តកំពង់ឆ្នាំង ត្រូវបានតម្កល់ផ្ញើទុក នៅវត្តបាលិលេយ្យ រង់ចាំក្រុមគ្រួសារមកទទួល ខណៈពេលនេះក្រុមគ្រួសារ មិនទាន់មកដល់ នៅឡើយទេ ៕
សពពលករខ្មែរ ស្លាប់ដោយជួបឧប្បតិវហេតុ គ្រោះថ្នាក់ចរាចរនៅប្រទេសថៃ បានបញ្ជូនមកដល់ កម្ពុជាហើយ

Filed in: ព័ត៌មានសង្គម