ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជល់ផលប៉ោយប៉ែត កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤ ចាប់បានអណ្តើក នាំចូលពីថៃពីរការ៉ុង នៅចំណុចកន្លែង លក់សំបុត្ររថយន្តក្រុង តាមបណ្តោយផ្លូវជាតិលេខ៥ មុខវត្តប៉ាលិលេយ្យ ភូមិ ក្បាលកោះ សង្កាត់/ក្រុង ប៉ោយប៉ែត មន្ត្រីជលផលបានស៊ីសស៊ុស ជាមួយឈ្មួញយកលុយ ២៣០០០បាត (ស្មើ៦០០ដុល្លា) រួចដោះលែងវិញ ទាំងយប់ឲ្យឈ្មួញនាំយក អណ្តើកទាំងនោះទៅលក់ តាមបណ្តាខេត្តបានតាមសប្បាយ ។ ស្ថិតក្រោមតំណក់ទឹកភ្នែក រលីងរលោង របស់ស្រ្តីវ័យសែប្លាយម្នាក់ សុំមិនបញ្ចេញឈ្មោះ បានអះអាងថា គាត់ត្រូវបានមន្ត្រី ជលផលមួយក្រុម នៅក្រុងប៉ោយប៉ែត មានគ្នាប្រមាណ៤នាក់ ស្លៀកពាក់ស៊ីវិល បានមកសម្លុតគម្រាមចាប់គាត់ ដាក់គុក ព្រោះគេដឹងថា គាត់រកស៊ីដឹកអណ្តើក ពីជាយដែនថៃទៅលក់ នៅរាជធានីភ្នំពេញ ។
ស្ត្រីដដែលរូបនេះ បានរៀបរាប់បន្ថែមថា អណ្តើកទាំងនោះ គឺគាត់ទិញពីផ្សារថៃក្នុងតម្លៃ ១៥០០បាត អណ្តើកជាង៣០ក្បាល យកចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីនាំយកទៅឲ្យម៉ូយ តាមភោជនីយ៍ដ្ឋាន នៅរាជធានីភ្នំពេញ ពេលដែលគាត់ មកដល់ កន្លែងលក់សំបុត្ររថយន្តក្រុង ស្រាប់តែមានក្រុមជលផល មករករឿងគាត់និងឃាត់គាត់ យកទៅ សួរនាំនៅស្នាក់ការ របស់ពួកគេខាងក្រោយ ផ្ទះសំណាក់ភ្នំពេជ្រ ហើយការសួរនាំនោះ គ្មានសួរនាំអីក្រៅពីគម្រាមកំហែង យកគាត់ញាត់គុក បើមានលុយបង់ឲ្យ ពួកគេ១០០០ដុល្លាទើបរួចខ្លួន ។
ដោយភ័យខ្លាចមន្ត្រី ជលផលប៉ោយប៉ែតធ្វើបាប គាត់ទៅសុំខ្ចីលុយគេទាំងយប់ មកបង់ឲ្យមន្រ្តីទាំងនោះ ដែលត្រូវរ៉ូវគ្នាក្នុងតម្លៃ២៣០០០បាត (ស្មើ៦០០ដុល្លា) ទើបគេដោះលែងគាត់ឲ្យមានសេរី ភាពវិញ ។ ឈ្មួញរូបនេះបានបញ្ជាក់ថា របរនេះមិនមែនគាត់ ទើបតែរកស៊ីទេ គាត់រកស៊ីមកយូរហើយ បង់ឲ្យលុយឲ្យអស់លោក តែរហូត ហើយថ្ងៃនេះចាប់អណ្តើកគាត់ គឺដោយសាររឿងមិនត្រូវថ្លៃគ្នា ។
ជុំវិញករណីនេះ លោក សី ស៊ីល័យ នាយសង្កាត់រដ្ឋបាល ជលផលប៉ោយប៉ែត បានឲ្យដឹងតាម ទូរស័ព្ទថា ពិតជាមានករណីនោះមែន ហើយការពិន័យប្រាក់ ពីស្រ្តីរូបនោះក៏មានដែរ តែយើងពិន័យ តាមតម្លៃទីផ្សារ គ្រាន់បានចែកគ្នាចាយ បន្តិចបន្តួច និងមួយចំនួនបង់ជូនរដ្ឋ ។ និយាយបានតែត្រឹមហ្នឹង លោក សី ស៊ីល័យ ក៏ប្រាប់ថា គាត់មានធុរៈរវល់កម្មវិធី ឡើងផ្ទះមិត្តភក្តិ កុំនិយាយច្រើនអីក្រែងបែករឿង ដល់កាសែតផ្សេង ចាំព្រឹកជួបគ្នា ។
លុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ លោក សី ស៊ីល័យ បានទូរស័ព្ទមកភ្នាក់ងារ ប៉ុស្តិលេខ៣ ប្រចាំខេត្តបន្ទាយមានជ័យ ដោយលក្ខណៈមើលងាយថា (នៅឲ្យស្ងៀមទៅ ខ្ញុំឲ្យលុយក្រុមអ្នកយកព័ត៌មាន ប៉ុស្តិ៍លេខ៣ឯង ២០ដុល្លាចាក់សាំង) ។ នេះសរបញ្ជាក់ឲ្យឃើញថា អំពើរពុករលួយ របស់ក្រុមមន្ត្រី ជលផលប៉ោយប៉ែត ពិតជាមានយ៉ាងច្បាស់ ឥតប្រកែកបានឡើយ ។ បើយើងពិជាមន្ត្រី អនុវត្តន៍ច្បាប់មែន ហេតុអ្វីមិនធ្វើការ តាមតួនាទី ឲ្យបានល្អទៅ?
ចំពោះការបង្ក្រាបបទល្មើស ជំនួញសត្វអណ្តើក និងឃាត់ឈ្មួញយកទៅ សួរនាំនេះ ស្ថាប័នតុលាការ ដែលមានលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា លោកពុំបានទទួល របាយការណ៍ ឬការសុំអនុញាតិ ពីស្ថាប័នសង្កាត់រដ្ឋបាល ជលផលប៉ោយប៉ែតថា អង្គភាពខ្លួនចុះបង្ក្រាប បទល្មើស ឬឃាត់ខ្លួនមនុស្ស យកមកសួរនាំទេ ។
លោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យ គួរមើលចំណុចខ្វះចន្លោះ និងអំពើរពុករលួយ របស់ពួកមន្ត្រីជលផល ប៉ោយប៉ែតផង សកម្មភាពទាំងនេះហើយ ដែលធ្វើឲ្យគេរិះគន់ថា ថ្នាក់ដឹកនាំ ធ្វើការមិនល្អ ។ បើលោកនៅតែ បណ្តោយតទៀត សកម្មភាពរបស់មន្ត្រីទាំងនេះ នឹងក្លាយជាវប្បធម៌ ដល់ពេលនោះ ប្រជាពលរដ្ឋក្តៅក្រហាយ ដោយសារមន្ត្រីមួយក្តាប់នេះ អាចធ្វើឲ្យបាត់បង់ សន្លឹកឆ្នោតកាន់តែច្រើនជាងនេះ មិនខាន ៕
ស្រ្តីជាឈ្មួញលក់អណ្ដើក
ការ៉ុងដាក់អណ្ដើក