រតនៈគិរី៖ ទំនាស់ដីធ្លីរបស់បងប្អូន ជនជាតិដើមភាគតិចទំពួន ស្ថិតនៅភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ជាមួយនឹងអ្នកមានអំណាចម្នាក់ ដែលជាអតីត អភិបាលខេត្តរតនគិរី និងជាមួយលោក ប៉ែន ឃុន បានអូសបន្លាយពេលវេលា តាំពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន វាអាច ក្លាយជាជម្ងឺដ៏រ៉ាំរ៉ៃមួយ ដែលជាមូលហេតុ ធ្វើអោយប្រជាពលរដ្ឋ ជនជាតិដើមភាគតិច រស់នៅភូមិប៉ាណល់ ចំនួន៩៧គ្រួសារ ស្មើរនឹង៣៨១នាក់ ស្ថិតក្នុងស្ថានភាព ខ្វល់ខ្វាយ ព្រោះខ្លាចបាត់បង់ ដីលំនៅដ្ឋាន ផ្ទះសម្បែង និងដីចំការរបស់ពួកគាត់ ។
បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលជាចាស់ទុំ នៅក្នុងភូមិ ប៉ាណល់នេះ បានឲ្យអ្នកយកព័ត៌មានជាតិ ប្រចាំខេត្តរតនគិរីដឹងថា ភូមិប៉ាណល់ របស់ពួកគាត់នេះ បានកើតតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះសូម្បីតែឯកឧត្តម តំណាងរាស្ត្រ ក៏ទទួលស្គាល់ដឹងឮដែរ ប៉ុន្តែពេលប្រទេសយើង កំពុងតែមាន សង្គ្រាម ការរស់នៅរបស់បងប្អូន ជនជាតិដើមភាគតិច គឺមិនបានជាក់លាក់ ក្រោយរំដោះឆ្នាំ១៩៧៩មក ទើបពួកគាត់បានមករស់នៅ ជាអចិន្រ្ទៃយ៍រហូតមក ដល់បច្ចុប្បន្នបានរយៈពេល ជាង៣០ឆ្នាំហើយ ដោយមានផ្ទះសម្បែងធំតូចគ្រប់ប្រភេទ មានសាលារៀន មានដំណាំភូមិ មានចំការស្វាយចន្ទី ចំការកៅស៊ូ ។ល ។ ដែលពួកគាត់តែងតែ បានអាស្រ័យផល តាំងពីឆ្នាំ១៩៧៩ រហូតដល់២០១៤នេះ ។
ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០១០ ក៏ស្រាប់តែលេចឡើង នៅមានពាក្យបណ្តឹង ពីអ្នកមានអំណាច និងលោក ប៉ែន ឃុន បានប្តឹងប្រជាពលរដ្ឋថា ដីទំហំ១០០ហិកតា គឺដីភូមិប៉ាណល់ ទាំងមូលរួមទាំងដីចំការទៀត បែរជាអ្នកមានអំណាចរូបនោះថា រូបគេមានប្លង់ កាន់កាប់ត្រឹមត្រូវ ។ ហើយនៅឆ្នាំ២០១១ និង២០១២ក៏កើតមានរឿងនេះ បន្តទៀតដោយបង្ខំឲ្យ ប្រជាពលរដ្ឋផ្តិតមេដៃ ធ្វើការរុះរើ និងចាកចេញ ដោយមានប្រើកម្លាំងប្រដាប់អាវុធ និងតុលាការចុះទៅទៀតផង ។ ប៉ុន្តែដោយសារតែ ប្រជាពលរដ្ឋមិនយល់ព្រម ក៏ស្ងាត់មួយរយៈ ឆ្នាំ២០១៣ ។
ប្រជាពលរដ្ឋជនជាតិ ដើមភាគតិចទំពួន បានសម្ដែងនូវ ការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយខ្លាចអត់ផ្ទះនៅ អត់ដីធ្វើស្រែចំការ… ។ ក្រោយពីមានការស្ងប់ស្ងាត់ រយៈកាល១ឆ្នាំមក ក៏ស្រាប់តែនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ មានដីការកោះហៅ ប្រជាជនចំនួន៧នាក់ នៅក្នុងភូមិប៉ាណល់ ឲ្យចូលខ្លួនទៅ សាលាដំបូងខេត្ត ក្នុងនាមជាសាក្សីទៅវិញ ។
ទាក់ទិនទៅនឹង ដីការកោះហៅនេះ លោកព្រះរាជអាជ្ញារង រស់ សារាំ ដែលបានចេញ ដីការបានបញ្ជាក់ថា ផ្លូវច្បាប់បើតុលាការ លើកលែងការចោទប្រកាន់ គាត់អាចក្លាយទៅជាសាក្សី ហើយប្រជាពលរដ្ឋខ្លះ ដែលត្រូវគេប្តឹង ប៉ុន្តែព្រះរាជអាជ្ញាមិនទាន់ ចោទប្រកាន់ក៏អាចជាសាក្សីដែរ ៕
ដោយៈ តាំង ឧសារ