ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងបីនាក់ អុកឡុកក្នុងរោងការ ត្រូវប៉េអឹមឃាត់ខ្លួន រឿងបង្ករបួសស្នាម និង ប្លន់យកមាសពី ក្រុមសាច់ញាតិខាងកូនក្រមុំ ក្រោយពេលកើតហេតុរួច ក្រុមគ្រួសារខាងកូនកម្លោះ និងកូនក្រមុំ លើកគ្នាមកតវ៉ានៅ ទីបញ្ជាការ ប៉េអឹម ខេត្តបន្ទាយមានជ័យទាំងព្រឹក ដើម្បីទាមទាររកយុត្តិធម៌ រៀងៗខ្លួននោះ ។ ក្រោយហេតុការនោះ កើតឡើង នៅវេលា ម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៤ នៅចំណុចភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែលមានភ្ញៀវកំពុង ហូបចុកក្នុងរោងការ ស្រាប់តែមានជនបង្កខាងកូនកំលោះ ទៅថើបនាងរត់តុម្នាក់ ដែលកំពុង
បំរើភ្ញៀវ ស្រាប់តែមាន ការឈ្លោះប្រកែកគ្នា ទៅមករវាងខាងសាច់ញាតិ កូនកំលោះ ជាមួយសាច់ញាតិ ខាងកូនក្រមុំ ទើបមានការផ្ទុះកំហឹង ទៅមករហូតឈាន ទៅដល់ការគប់កែវ ដាក់គ្នាទៀតផង បណ្តាលឲ្យភ្ញៀវខ្លះ រត់ជាន់ជើងគ្នា ភ្លេចចងចំណងដៃតែម្តង ។
តាមការបំភ្លឺពីឪពុកម្តាយ ខាងកូនកំលោះ និងខាងកូនក្រមុំ បានបញ្ជាក់ថា មុនពេលកើតហេតុ គឺមានភ្ញៀវប្រុសស្រីទាំងខាងកូនកំលោះ ទាំងខាងកូនក្រមុំ កំពុងសប្បាយរីករាយ ក្នុងពិធីមមង្គលកានោះ ដោយមានអ្នកខ្លះកំពុងរាំរែក ខ្លះទៀត កំពុងទទួលទានអាហារ តាមការអញ្ជើញចូលរួម សមីខ្លួនទាំងពីរនោះ គេបានបន្តទៀតថា កូនកំលោះឈ្មោះ កៀន សុគន្ធ អាយុ២០ឆ្នាំ រស់នៅភូមិភ្នំតួច ស្រុកមង្គលបូរី ឯកូនក្រមុំឈ្មោះ ប៉ុន ស៊ីណា អាយុ១៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើនោះ ។ មុនពេលកើតហេតុនោះដែរ មានឈ្មោះ លក្ខិណា ភេទស្រី អាយុ១៦ឆ្នាំ អ្នករត់តុ ក្នុងរោងការខាងលើ ហើយត្រូវជាសាច់ញាតិ របស់កូនកម្លោះទៀតផង បានចូលហូបចុក ក្រោយពេលរត់តុរួច ស្រាប់តែមានឈ្មោះ ហួន យាំងហ្គោ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាជីដូនមួយ របស់កូនក្រមុំ
បានទៅសុំចែចង់ រហូតសុំថើបនាងលក្ខិណា ក្នុងស្ថានភាពស្រវឹងស្រា ស្រឿងៗទៀតផង ភ្លាមនោះក៏មាន ការឈ្លោះប្រកែកគ្នា រវាងនាងលក្ខិណា ជាមួយឈ្មោះ យាំងហ្គោនេះ ទើបឈានទៅដល់ ការតឹងសសៃកពេញ ក្នុងរោងការតែម្តង បន្ទាប់មក ក៏មានក្រុមក្មេងទំនើង បង្កហេតុបីនាក់ ដែលមានទី១ឈ្មោះ មួង ប៉ុនរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះ កឿ កក្តដា ភេទប្រុស អាយុ៣៨ឆ្នាំ ទី៣ឈ្មោះ មួង ណារុំ ភេទប្រុស អាយុ២០ឆ្នាំ ជាបងប្អូនខាងកូនកម្លោះ បានយកកែវ ទៅគប់ចំឈ្មោះ យាំងហ្គោ បណ្តាលឲ្យរបួសចំច្រមុះ ។ សាក្សីដែលជាឪពុកម្តាយ ខាងកូនក្រមុំ និងកូនកម្លោះបានបន្តទៀតថា ក្នុងហេតុការណ៍វាយតប់
គ្នានោះដែរ ក៏មានឈ្មោះ ហួន ស៊ីចាន់ ភេទស្រី បានអូសប្អូនប្រុសឈ្មោះ យាំងហ្គោ មកផ្ទះវិញ ស្រាប់តែត្រូវក្មេងទំនើងបីនាក់ខាងលើនោះ តាមវាយដល់ផ្ទះ រួចឆក់ទាញខ្សែរក ពីខ្លួននាងតែម្តងទៅ ឥឡូវនេះនាងរួមទាំងប្អូនប្រុស ដែលរងរបួសនោះ មកដាក់ពាក្យប្តឹងបុរសបីនាក់នោះ ពីបទប្លន់យកខ្សែរកទម្ងន់៤ជី រួចប្រើអំពើហិង្សាទៀតផង រីឯកូនកម្លោះ ក៏មកទាមទាររកយុត្តិធម៌ដែរ ហេតុអ្វីបានជាប៉េអឹម ចាប់តែខាងកូនកម្លោះ ឯបក្ខពួកខាងកូនក្រមុំ មេចបានជាគេអត់ទៅចាប់ ។
ដោយឡែកខាងមន្រ្តីប៉េអឹមខេត្តបន្ទាយមានជ័យមិនទាន់បំភ្លីបាននោះទេ ព្រោះរវល់ សាកសួរចម្លើយ ក្មេងទំនើងបីនាក់នោះ និងបង្កសុំណុំរឿង បញ្ជូនទៅតុលាការឆាប់ៗនេះ ៕
អ្នកប្រម៉ាញជាយដែន