បន្ទាយមានជ័យៈ ប្រភពព័ត៌មានពីបន្ទាត់ព្រំដែន ក្នុងស្រុកអូជ្រៅ និងស្រុកស្វាយចេក បានឲ្យដឹងថា ច្រករបៀង ចំនួន៦ ត្រូវបានភាគីថៃបន្តបិត មិនបានឲ្យមានរថយន្តតូចធំ ឬអ្នកស្រុកឆ្លងទៅមករកគ្នា ក្រៅពីសិស្សសាលា នៃប្រទេសទាំងពីរឡើយ ហើយបញ្ហានេះប្រភពបានប្រាប់ថា សង្ស័យបណ្ដាលមកពី រឿងចម្លោះនៅម្ដុំដីខ្មែរស្រែថៃ (បង្គោលសីមាព្រំដែនលេខ៤៣) ចំណុចទីតាំង គម្រោងបើកច្រកដោះដូរ កសិផលបឹងស្នោរកម្ពុជា និងណូនមា មុនថៃ ក្នុងឃុំអូបីជាន់ ស្រុកអូជ្រៅ ទល់មុខនឹងដីថៃ ស្រុកគោកខ្យូង ។ ច្រករបៀង ដែលភាគីថៃ បន្តបិតនេះរួមមាន ច្រកចំការគរ ច្រកតំបន់១ ស្រុកស្វាយចេក ច្រកតំបន់៥ ច្រកអូបីជាន់ ច្រកជោគជ័យ ច្រកសិលាខ្មែរ ក្នុងស្រុកអូជ្រៅ ។ ច្រករបៀងអូបីជាន់ ដែលកន្លងមក ប្រជាពលរដ្ឋ នៃប្រទេស ទាំងពីរ ឆ្លងទៅមកខ្លាំងជាងគេ ព្រោះខាងកម្ពុជា មានតភ្ជាប់ផ្លូវជាតិលេខ២៥៨Dមួយខ្សែទៅហើយនោះ ប្រភពប្រាប់ថា រយៈពេល២ទៅ៣ថ្ងៃនេះ ភាគីថៃបានចាក់សោរទ្វា ព្រំដែនច្រករបៀងតែម្ដង មិនឲ្យមានការឆ្លងកាត់ នៅ រថយន្តតូចធំ ឬអ្នកដំណើរឡើយ ។ ភាគីថៃកន្លងមក បានបិតច្រករបៀង ជាច្រើនកន្លែង ក្នុងស្រុកអូជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ធ្វើឲ្យស្រូវអង្ករខ្មែរ កកស្ទះរាប់សិបតោន នៅក្នុងស្រុកថ្មពួក ប៉ុន្តែពេលនេះត្រូវ បានលោក ប្រាក់ សាំ មេបញ្ជាការវិរៈនគរបាល ការពារព្រំដែន លេខ៨០៧ ប្រចាំការនៅស្រុកថ្មពួក ប្រាប់ថា ច្រករបៀងទាំងអស់ ក្នុងស្រុកថ្មពួក ភាគីថៃមិនបានបិតទៀតទេ គឺបើកឲ្យដំណើរការវិញហើយ ។ ការបិតច្រករបៀង របស់ភាគីថៃ នៅបន្ទាត់ព្រំដែនក្នុង ស្រុកអូជ្រៅ និងស្រុកស្វាយចេក ប្រភពប្រាប់ថា បណ្ដាលមកពីជម្លោះ ម្ដុំដីខ្មែរស្រែថៃ ក្នុងឃុំអូបីជាន់ដែលទីនោះ មានក្រុមហ៊ុនមួយ ជារបស់លោក ឧកញ៉ាម្នាក់ ធ្វើការអភិវឌ្ឍន៍គម្រោង បើកច្រកដោះដូរ ទំនិញកសិផលរវាងប្រទេសទាំងពីរ ច្រកបឹងស្នោរណូនមា មុនហើយ ខណៈក្រុមហ៊ុនមួយនេះ រៀបចំរចនាសម្ព័ន្ធបវ័ន្ននានា បែរជាប្រជាពលរដ្ឋថៃ មួយចំនួនដែលធ្លាប់ ធ្វើស្រែលើដីខ្មែរ នៅទីនោះប្ដឹង ឲ្យសមត្ថកិច្ចរបស់គេ មកធ្វើការរារាំង ដំណើរការអភិវឌ្ឍន៍នោះ ៕
ថៃបិតច្រករបៀងទាំងចំនួន៦ ក្នុងស្រុកអូជ្រៅ និងស្រុកស្វាយចេក ដោយសារ ជម្លោះដីខ្មែរ ស្រែថៃ

Filed in: ព័ត៌មានសង្គម